ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៩

ព្រះបន្ទូលដំណឹងល្អ សន្តលូកា ១.២៦-៣៨
ប្រាំ​មួយ​ខែ​ក្រោយ​មក ព្រះ‌ជា‌ម្ចាស់​បាន​ចាត់​ទេវទូត​កាព្រី‌អែល​ឲ្យ​ទៅ​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ដើម្បី​ជួប​នឹង​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់ ជា​គូ​ដណ្ដឹង​របស់​កំលោះ​ម្នាក់ ឈ្មោះ​យ៉ូសែប ដែល​ត្រូវ​ជា​ញាតិ​វង្ស​ព្រះ‌បាទ​ដាវីឌ ស្ត្រី​ក្រមុំ​នោះ​ឈ្មោះ នាង​ម៉ារី។ ទេវទូត​ចូល​ទៅ​ក្នុង​ផ្ទះ​នាង​ម៉ារី ហើយ​ពោល​ទៅ​កាន់​នាង​ថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង!​ ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ ព្រះ‌អង្គ​គង់​ជា​មួយ​នាង»។ ពេល​ឮ​ពាក្យ​នេះ នាង​ម៉ារី​រន្ធត់​យ៉ាង​ខ្លាំង នាង​រិះ‌គិត​ក្នុង​ចិត្ត​ថា តើ​ពាក្យ​ជម្រាប​សួរ​នេះ​មាន​ន័យ​ដូច​ម្ដេច? ទេវទូត​ពោល​ទៅ​កាន់​នាង​ថា៖ «កុំ​ខ្លាច​អី ម៉ារី​អើយ! ដ្បិត​ព្រះ‌ជា‌ម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ។ នាង​នឹង​មាន​គភ៌ សម្រាល​បាន​បុត្រ​មួយ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា“យេស៊ូ”។ បុត្រ​នោះ​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម ហើយ​គេ​នឹង​ថ្វាយ​ព្រះ‌នាម​ថា “ព្រះ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត”។ ព្រះ‌ជា‌ម្ចាស់​នឹង​តាំង​បុត្រ​នោះឲ្យ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌អង្គ ទ្រង់​នឹង​គ្រង​រាជ្យ​លើ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល អស់​កល្ប‌ជានិច្ច ហើយ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​នៅ​ស្ថិត‌ស្ថេរ ឥត​មាន​ទី​បញ្ចប់​ឡើយ»។ នាង​ម៉ារី​សួរ​ទៅ​ទេវទូត​ថា៖ «តើ​ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​ការ​នេះ​កើត​ឡើង​បាន បើ​នាង​ខ្ញុំ​មិន​រួម​រស់​ជា​មួយ​បុរស​ណា​ផង​ដូច្នេះ?»។ ទេវទូត*​ឆ្លើយ​ទៅ​នាង​វិញ​ថា៖ «ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង គឺ​ឫទ្ធា‌នុភាព​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតនឹង​គ្រប​បាំង​នាង។ ហេតុ​នេះ គេ​នឹង​ថ្វាយ​ព្រះ‌នាម​ដល់​បុត្រ​ដ៏‌វិសុទ្ធ ដែល​ត្រូវ​ប្រសូត​មក​នោះ​ថា “ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់”។ ម្យ៉ាង​ទៀត នាង​អេលី‌សា‌បិត ជា​ញាតិ​របស់​នាង មាន​ផ្ទៃ​ពោះ​ប្រាំ​មួយ​ខែ​ហើយ ថ្វី‌ដ្បិត​តែ​គាត់​មាន​វ័យ​ចាស់ ថែម​ទាំង​ជា​ស្ត្រី​អារ​ទៀត​ផង​ក៏​ដោយ ព្រោះ​គ្មាន​ការ​អ្វី​ដែល​ព្រះ‌ជា‌ម្ចាស់​ធ្វើ​មិន​កើត​នោះ​ឡើយ»។ នាង​ម៉ារី​ពោល​ទៅ​ទេវទូត​ថា៖ «នាង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ សូម​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​របស់​លោក​ចុះ!»។ បន្ទាប់​មក ទេវទូត​ចាក‌ចេញ​ពី​នាង​ទៅ។