ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៩

កាល​ព្រះ‌យេស៊ូ​យាង​មក​ជិត​ដល់​ក្រុង​យេរូ‌សា‌ឡឹម​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​មួយ​ទៀត​ទៅ​កាន់​អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌អង្គ ដ្បិត​អ្នក​ទាំង​នោះ​នឹក​ស្មាន​ថា ព្រះ‌រាជ្យ​ព្រះ‌ជា‌ម្ចាស់​នឹង​មក​ដល់​ភ្លាមៗ​នេះ​ជា​មិន​ខាន។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ម្នាក់​ជា​អ្នក​មាន​ត្រកូល​ខ្ពស់ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ ដើម្បី​នឹង​ទទួល​រាជា‌ភិសេក។ កាល​ណា​ទទួល​រាជា‌ភិសេក​ហើយ លោក​នឹង​ត្រឡប់​មក​វិញ។ មុន​ពេល​ចេញ​ដំណើរ​ទៅ លោក​បាន​ហៅ​អ្នក​បម្រើ​របស់​លោក​ដប់​នាក់​មក ប្រគល់​ប្រាក់​ឲ្យ​គេ​មួយ​ណែន​ខ​ម្នាក់ៗ ទាំង​ផ្ដាំ​ថា “ចូរ​យក​ប្រាក់​នេះ​ទៅ​រក​ស៊ី រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ”។ រីឯ​អ្នក​ស្រុក​នោះ​ស្អប់​លោក បាន​ជា​គេ​ចាត់​អ្នក​តំណាង​ឲ្យ​ទៅ​តាម​ក្រោយ នាំ​ពាក្យ​ថា “យើង​ខ្ញុំ​មិន​ចង់​ឲ្យ​លោក​នេះ​ធ្វើ​ស្ដេច​លើ​យើង​ខ្ញុំ​ជា​ដាច់​ខាត”។

លុះ​បាន​ទទួល​រាជា‌ភិសេក​ហើយ ព្រះ‌រាជា​ក៏​យាង​ត្រឡប់​មក​វិញ។ ទ្រង់​កោះ​ហៅ​អ្នក​បម្រើ​ទាំង​ដប់​នាក់ ដែល​ទ្រង់​បាន​ប្រគល់​ប្រាក់​ណែន​នោះ មក​សួរ ដើម្បី​ឲ្យ​ដឹង​ថា ម្នាក់ៗ​រក​ស៊ី​ចំណេញ​បាន​ប៉ុន្មាន។ អ្នក​បម្រើ​ទី​មួយ​ចូល​មក​គាល់ ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់! ប្រាក់​ដែល​ព្រះ‌អង្គ​ប្រទាន​មក ទូល‌បង្គំ​ចំណេញ​បាន​ដប់​ណែន”។  ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ​អើយ យើង​តែង‌តាំង​អ្នក​ឲ្យ​គ្រប់‌គ្រង​លើ​ក្រុង​ដប់ ដ្បិត​អ្នក​បាន​ស្មោះ‌ត្រង់​នឹង​កិច្ច‌ការ​មួយ​ដ៏​តូច​នេះ”។  អ្នក​បម្រើ​ទី​ពីរ​ចូល​មក ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់! ប្រាក់​ដែល​ព្រះ‌អង្គ​ប្រទាន​មក ទូល‌បង្គំ​ចំណេញ​បាន​ប្រាំ​ណែន”។ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា “យើង​តែង‌តាំង​អ្នក​ឲ្យ​គ្រប់‌គ្រង​លើ​ក្រុង​ប្រាំ”។  អ្នក​បម្រើ​ម្នាក់​ទៀត​ចូល​មក ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់ នេះ​នែ៎​ប្រាក់​របស់​ព្រះ‌អង្គ ទូល‌បង្គំ​បាន​វេច​ទុក​ក្នុង​កន្សែង។ ទូល‌បង្គំ​នឹក​ខ្លាច​ព្រះ‌អង្គ ដ្បិត​ទ្រង់​ប្រិត‌ប្រៀង​ណាស់។ ព្រះ‌អង្គ​តែង​ប្រមូល​យក​អ្វីៗ​ដែល​មិន‌មែន​ជា​របស់​ព្រះ‌អង្គ ហើយ​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​ទ្រង់​មិន​បាន​សាប​ព្រោះ”។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​បម្រើ​នោះ​ថា “នែ៎​អ្នក​បម្រើ​អាក្រក់! យើង​នឹង​កាត់​ទោស​អ្នកឲ្យ​ស្រប​តាម​ពាក្យ​សម្ដី​របស់​អ្នក។ អ្នក​ដឹង​ស្រាប់​ហើយ​ថា យើង​ជា​មនុស្ស​ប្រិត‌ប្រៀង យើង​ប្រមូល​យក​អ្វីៗ​ដែល​មិន‌មែន​ជា​របស់​យើង ហើយ​ច្រូត​យក​ផល​ពី​ស្រែ​ដែល​យើង​មិន​បាន​សាប​ព្រោះ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​យក​ប្រាក់​របស់​យើង​ទៅ​ចង​ការ ដើម្បី​ឲ្យ​យើង​អាច​ទទួល​ទាំង​ដើម ទាំង​ការ នៅ​ពេល​យើង​ត្រឡប់​មក​វិញ?”។  បន្ទាប់​មក ព្រះ‌រាជា​បញ្ជា​ទៅ​អ្នក​ដែល​នៅ​ទី​នោះ​ថា “ចូរ​យក​ប្រាក់​ពី​អ្នក​នេះ ប្រគល់​ឲ្យ​អ្នក​ដែល​មាន​ដប់​ណែន​ទៅ”។ អ្នក​ទាំង​នោះ​ទូល​ស្ដេច​ថា “បពិត្រ​ព្រះ‌អម្ចាស់! គាត់​មាន​ប្រាក់​ដប់​ណែន​ហើយ”។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​តប​ថា “យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​ថែម​ទៀត។ រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន សូម្បី​តែ​បន្ដិច‌បន្តួច​ក៏​មិន​សល់​ផង។  ម្យ៉ាង​ទៀត ពួក​ខ្មាំង​សត្រូវ​ដែល​មិន​ចង់​ឲ្យ​យើង​គ្រង​រាជ្យ​លើ​គេ​ទេ​នោះ ចូរ​នាំ​គេ​មក ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​ចុះ”»។

កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះ‌អង្គ​ក៏​យាង​នាំ​មុខ​បណ្ដា‌ជន ឡើង​ទៅ​ក្រុង​យេរូ‌សា‌ឡឹម។