ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ៧ ខែវិច្ឆការ ឆ្នាំ២០១៩

មាន​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ទាំង​អស់ នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌យេស៊ូ ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ពួក​ខាង​គណៈ‌ផារីស៊ី និង​ពួក​បណ្ឌិត​ខាង​វិន័យ​រអ៊ូ‌រទាំ​ថា៖ «មើល៍! អ្នក​នេះ​រាក់‌ទាក់​នឹង​មនុស្ស​បាប ព្រម​ទាំង​បរិភោគ​ជា​មួយ​គេ​ផង!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​ប្រស្នា​នេះ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឧបមា​ថា មាន​ម្នាក់​មាន​ចៀម​មួយ‌រយ​ក្បាល បើ​គាត់​បាត់​ចៀម​មួយ គាត់​មុខ​ជា​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​ចោល​នៅ​ទី​វាល ហើយ​ទៅ​តាម​រក​ចៀម​ដែល​បាត់​នោះ រហូត​ទាល់​តែ​បាន​ឃើញ​វិញ។ កាល​រក​ឃើញ​ហើយ គាត់​ត្រេក​អរ​ណាស់ គាត់​ក៏​លើក​ចៀម​ដាក់​លើ ក ត្រឡប់​មក​ផ្ទះ​វិញ ហៅ​មិត្ត‌ភក្ដិ និង​អ្នក​ជិត​ខាង​ប្រាប់​ថា “សូម​ជួយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង ដ្បិត​ចៀម​របស់​ខ្ញុំ​ដែល​បាត់​ទៅ​នោះ ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជា‌ម្ចាស់​នៅ​ស្ថាន​បរម‌សុខ​មាន​អំណរ​សប្បាយ ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​កែ‌ប្រែ​ចិត្ត​គំនិត ខ្លាំង​ជាង​ព្រះ‌អង្គ​សប្បាយ​នឹង​មនុស្ស​សុចរិត​កៅ‌សិប​ប្រាំ​បួន​នាក់ ដែល​មិន​ត្រូវ​ការ​កែ‌ប្រែ​ចិត្ត​គំនិត»។

ប្រស្នា​អំពី​ប្រាក់​ដួង​ដែល​បាត់ ហើយ​រក​ឃើញ​វិញ
«ម្យ៉ាង​ទៀត ឧបមា​ថា ស្ត្រី​ម្នាក់​មាន​ប្រាក់​ដប់​ដួង ហើយ​បាត់​មួយ​ដួង គាត់​មុខ​ជា​អុជ​ចង្កៀង​បោស​ផ្ទះ​រក​ប្រាក់​នោះ គ្រប់​កៀន​កោះ​រហូត​ទាល់​តែ​បាន​ឃើញ​វិញ។ លុះ​រក​ឃើញ​ហើយ គាត់​ក៏​ហៅ​មិត្ត‌ភក្ដិ និង​អ្នក​ជិត​ខាង​ប្រាប់​ថា “សូម​ជួយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង ដ្បិត​ប្រាក់​ដួង​ដែល​ខ្ញុំ​បាត់​នោះ ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវទូត​របស់​ព្រះ‌ជា‌ម្ចាស់​នឹង​មាន​អំណរ​សប្បាយ​ជា​ខ្លាំង ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​កែ‌ប្រែ​ចិត្ត​គំនិត»។