ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃអង្គារ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ លូកា ១៩,១-១០

ព្រះ‌យេស៊ូ និងលោកសាខេ

1 ព្រះ‌យេស៊ូមកដល់ក្រុងយេរីខូ ហើយយាងកាត់ទីក្រុង។
2 មានបុរសម្នាក់ឈ្មោះសាខេ ជាមេលើអ្នកទារពន្ធ* គាត់មានទ្រព្យ‌សម្បត្តិយ៉ាងច្រើន។
3 គាត់ចង់ឃើញព្រះ‌យេស៊ូមានភិន‌ភាគយ៉ាងណា ប៉ុន្តែ ដោយមានមនុស្សច្រើនពេក ហើយដោយគាត់មានមាឌតូចទៀតផងនោះ គាត់មើលព្រះ‌អង្គមិនឃើញទេ។
4 គាត់រត់ទៅខាងមុខ ឡើងដើមឈើមួយដើម ចាំមើលព្រះ‌យេស៊ូ ព្រោះព្រះ‌អង្គត្រូវយាងកាត់តាមនោះ។
5 កាលព្រះ‌យេស៊ូយាងមកដល់ ព្រះ‌អង្គងើបព្រះ‌ភ័ក្ត្រឡើង ហើយមានព្រះ‌បន្ទូលទៅគាត់ថា៖ «លោកសាខេអើយ! សូមអញ្ជើញចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះលោក»។
6 លោកសាខេក៏ចុះមកជាប្រញាប់ ហើយទទួលព្រះ‌យេស៊ូដោយអំណរ។
7 កាលមនុស្សទាំងអស់ឃើញដូច្នោះ គេរអ៊ូ‌រទាំថា៖ «មើល៍! លោកនេះទៅស្នាក់នៅផ្ទះមនុស្សបាប!»។
8 លោកសាខេក្រោកឈរឡើង ទូលព្រះ‌អម្ចាស់ថា៖ «បពិត្រព្រះ‌អម្ចាស់! ទូលបង្គំនឹងចែកទ្រព្យ‌សម្បត្តិរបស់ទូលបង្គំ ចំនួនពាក់កណ្ដាលដល់មនុស្សក្រីក្រ ហើយប្រសិនបើទូលបង្គំទារពន្ធពីអ្នកណាហួសកម្រិត ទូលបង្គំនឹងសងអ្នកនោះវិញមួយជាបួន»។
9 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដ្បិតបុរសនេះជាពូជ‌ពង្សរបស់លោកអប្រាហាំដែរ។
10 បុត្រមនុស្សបានមក ដើម្បីស្វែងរក និងសង្គ្រោះមនុស្សដែលវិនាសបាត់បង់»។