ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ២៥ ខែកក្តដា ឆ្នាំ២០១៩

ពេល​នោះ ភរិយា​របស់​លោក​សេបេដេ​បាន​នាំ​កូន​ទាំង​ពីរ​ចូល​មក គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ចង់​ទូល​សុំ​អ្វី​មួយ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «អ្នក​ចង់​បាន​អ្វី?»។ គាត់​ទូល​ព្រះ‌អង្គ​វិញ​ថា៖ «ដល់​ពេល​ព្រះ‌អង្គ​គ្រង​រាជ្យ សូម​ឲ្យ​កូន​របស់​ខ្ញុំ​ម្ចាស់​បាន​អង្គុយ​អម​ព្រះ‌អង្គ​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​នៅ​ខាង​ឆ្វេង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​មិន​ដឹង​ថា​ខ្លួន​សុំ​អ្វី​ឡើយ តើ​អ្នក​ទាំង​ពីរ​អាច​ទទួល​ពែង​កដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ?»។ លោក​យ៉ាកុប និង​លោក​យ៉ូហាន​ទូល​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ទាំង​ពីរ​ថា៖ «អ្នក​នឹង​ទទួល​ពែង​របស់​ខ្ញុំ​បាន​មែន ចំណែក​ឯ​អង្គុយ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ខ្ញុំ​នោះ ខ្ញុំ​មិន​អាច​សម្រេច​ឲ្យ​ឡើយ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក​សម្រាប់​តែ​អស់​អ្នក ដែល​ព្រះ‌បិតា​របស់​ខ្ញុំបាន​សម្រេច​ឲ្យ​ប៉ុណ្ណោះ»។

កាល​សាវ័ក*​ដប់​រូប​ទៀត​បាន​ឮ​ដូច្នោះ គេ​ទាស់​ចិត្ត​នឹង​បង‌ប្អូន​ទាំង​ពីរ​នាក់​នេះ​ណាស់។

ព្រះ‌យេស៊ូ​ត្រាស់‌ហៅ​សាវ័ក​ទាំង​អស់​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ ពួក​អ្នក​គ្រប់‌គ្រង​ស្រុក​តែង‌តែ​ជិះ‌ជាន់​ប្រជា‌រាស្ដ្រ​របស់​ខ្លួន រីឯ​អ្នក​ធំ​ក៏​តែង‌តែ​ប្រើ​អំណាច​លើ​ប្រជា‌រាស្ដ្រ​របស់​ខ្លួន​ដែរ។  ក្នុង​ចំណោម​អ្នក​រាល់​គ្នាមិន‌មែន​ដូច្នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា​វិញ។ បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​មេ​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​រាល់​គ្នា​សិន។ បុត្រ​មនុស្ស​មក​ក្នុង​ពិភព‌លោក​នេះ មិន‌មែន​ដើម្បី​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​លោក​មក​បម្រើ​គេ​វិញ ព្រម​ទាំង​បូជា​ជីវិត​ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។