ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ២១ ខែវិច្ឆកា ឆ្នាំ២០១៩

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «នែ៎​ពួក​មនុស្ស​អាក្រក់ មិន​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​កូន​របស់​អ្នក​មក​ណេះ​មើល៍»។ ពេល​ក្មេង​នោះ​ដើរ​ចូល​មក​ជិត​ព្រះ‌យេស៊ូ ស្រាប់​តែ​ខ្មោច​ផ្ដួល​វា ធ្វើ​ឲ្យ​វា​ប្រកាច់‌ប្រកិន​យ៉ាង​ខ្លាំង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​គំរាម​ទៅ​ខ្មោច ព្រះ‌អង្គ​ប្រោស​ក្មេង​នោះ​ឲ្យ​បាន​ជា ហើយ​ប្រគល់​ទៅ​ឲ្យ​ឪពុក​វា​វិញ។ មនុស្ស​គ្រប់​គ្នា​ស្ងើច​អំពី​មហិទ្ធិ‌ឫទ្ធិ​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌ជា‌ម្ចាស់។

នៅ​ពេល​មនុស្ស​គ្រប់ៗ​គ្នា​កំពុង​កោត​ស្ញប់‌ស្ញែង នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សាវ័ក​ថា៖ «ចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ទាំង​នេះ ហើយ​ចង​ចាំ​ទុក​ក្នុង​ចិត្ត គឺ​បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក​ជា​មិន​ខាន»។