ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៩

16 ព្រះ‌ជា‌ម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ប្រទាន​ព្រះ‌បុត្រា​តែ​មួយ​របស់​ព្រះ‌អង្គ​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌បុត្រា មាន​ជីវិត​អស់​កល្ប‌ជានិច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ។ 17 ព្រះ‌ជា‌ម្ចាស់​បាន​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គឲ្យ​យាង​មក​ក្នុង​លោក​នេះ ពុំ​មែន​ដើម្បី​ដាក់​ទោស​មនុស្ស​លោក​ទេ គឺ​ដើម្បី​សង្គ្រោះ​មនុស្ស​លោក ដោយ‌សារ​ព្រះ‌បុត្រា​វិញ។ 18 អ្នក​ជឿ​លើ​ព្រះ‌បុត្រាមិន​ត្រូវ​ទទួល​ទោស​ទេ​រីឯ​អ្នក​មិន​ជឿ បាន​ទទួល​ទោស​រួច​ស្រេច​ទៅ​ហើយ ព្រោះ​គេ​ពុំ​បាន​ជឿ​លើ​ព្រះ‌នាម​ព្រះ‌បុត្រា​តែ​មួយ​របស់​ព្រះ‌ជា‌ម្ចាស់។ 19 ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ទោស​នោះ គឺ​ពន្លឺ​បាន​យាង​មក​ក្នុង​ពិភព‌លោក ប៉ុន្តែ មនុស្ស​លោក​ចូល​ចិត្ត​ភាព​ងងឹត​ជាង​ពន្លឺ ដ្បិត​អំពើ​របស់​គេ​សុទ្ធ​តែ​អាក្រក់។ 20 អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​តែង‌តែ​ស្អប់​ពន្លឺ ហើយ​មិន​ចូល​មក​រក​ពន្លឺ​ឡើយ ព្រោះ​ខ្លាច​គេ​ឃើញ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ 21 ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិតតែង‌តែ​ចូល​មក​រក​ពន្លឺ ដើម្បី​ឲ្យ​គេ​ឃើញ​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​នោះស្រប​តាម​ព្រះ‌ជា‌ម្ចាស់​មែន»។