ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៩

«កុំ​ធ្វើ​បុណ្យ​ទាន​កនៅ​មុខ​មនុស្ស‌ម្នា ដើម្បី​ឲ្យ​តែ​គេ​ឃើញ​នោះ​ឡើយ។ ធ្វើ​បែប​នេះ​អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល​រង្វាន់​អ្វី​ពី​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​ទេ។ ពេល​ណា​អ្នក​ធ្វើ​ទាន​ដល់​ជន​ក្រីក្រ កុំ​ស្រែក​ប្រកាស​ក្ដែងៗ​ដូច​ពួក​មាន​ពុត​តែង​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ* ឬ​នៅ​តាម​ដង​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស‌ម្នា​កោត​សរ‌សើរ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ រីឯ​អ្នក​វិញ កាល​ណា​ដៃ​ស្ដាំ​អ្នក​ធ្វើ​ទាន មិន​បាច់​ឲ្យ​ដៃ​ឆ្វេង​ដឹង​ឡើយ ដើម្បី​ឲ្យ​ទាន​របស់​អ្នក​នៅ​ស្ងាត់​កំបាំង ហើយ​ព្រះ‌បិតា​របស់​អ្នក ទត​ឃើញ​អំពើ​ដែល​អ្នក​ធ្វើ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​មក​អ្នក​វិញ»។

«កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន* កុំ​ធ្វើ​ដូច​ពួក​អ្នក​មាន​ពុត ដែល​ចូល​ចិត្ត​ឈរ​អធិស្ឋាន នៅ​ក្នុង​សាលា​ប្រជុំ* និង​នៅ​ត្រង់​ថ្នល់​កែង ដើម្បី​ឲ្យ​មនុស្ស‌ម្នា​ឃើញ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ពួក​ទាំង​នោះ​បានទទួល​រង្វាន់​របស់​គេ​ហើយ។ រីឯ​អ្នក​វិញ កាល​ណា​អ្នក​អធិស្ឋានត្រូវ​ចូល​ទៅ​ក្នុង​បន្ទប់ បិទ​ទ្វារ​ឲ្យ​ជិត ហើយ​ទូល​ទៅ​កាន់​ព្រះ‌បិតា​របស់​អ្នក​ដែល​គង់​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង។ ព្រះ‌បិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​មក​អ្នក​ជា​ពុំ‌ខាន។