ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ១០ ខែកក្តដា ឆ្នាំ២០១៩

ព្រះ‌យេស៊ូ​តែង‌តាំង​សាវ័ក​១២​រូប (ម៉ាកុស ៣.១៣-១៩ លូកា ៦.១២-១៦)
ព្រះ‌យេស៊ូ​ត្រាស់‌ហៅ​សាវ័ក​ទាំង​ដប់‌ពីរ​រូប​មក ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​អំណាច​ដេញ​ខ្មោច ព្រម​ទាំង​មាន​អំណាច​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា​ផង។ គ្រីស្ត‌ទូតទាំង​ដប់‌ពីរ​មាន​នាម​ដូច​ត​ទៅ: អ្នក​ទី​មួយ គឺ​ស៊ីម៉ូន​ហៅ​សិលា និង​អន់ដ្រេ ជា​ប្អូន​របស់​គាត់ យ៉ាកុប និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​ត្រូវ​ជា​កូន​របស់​លោក​សេបេដេ ភីលីព និង​បារថូ‌ឡូមេ ថូម៉ាស់ និង​ម៉ាថាយ​ជា​អ្នក​ទារ​ពន្ធ យ៉ាកុប​ជា​កូន​របស់​លោក​អាល់‌ផាយ និង​ថាដេ ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម និង​យូដាស‌អ៊ី‌ស្កា‌រី‌យ៉ុតជា​អ្នក​ក្បត់​ព្រះ‌អង្គ។

ព្រះ‌យេស៊ូ​ចាត់​សាវ័ក​ទាំង ១២​ទៅ​ប្រកាស​ដំណឹង‌ល្អ (ម៉ាកុស ៦.៧-១៣ លូកា ៩.១-៦)
ព្រះ‌យេស៊ូ​ចាត់​សាវ័ក​ទាំង​ដប់‌ពីរ​រូប​នេះ​ឲ្យ​ទៅ ដោយ​ផ្ដែ‌ផ្ដាំ​ថា៖ «កុំ​ទៅ​រក​សាសន៍​ដទៃ​ឡើយ ហើយ​ក៏​កុំ​ចូល​ទៅ​ក្នុង​ភូមិ​របស់​ជន​ជាតិ​សាម៉ារី​ដែរ គឺ​ត្រូវ​ទៅ​ស្វែង​រក​អស់​អ្នក​ដែល​វង្វេង​ក​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល​នោះ​វិញ។ ពេល​ធ្វើ​ដំណើរ​ទៅ ចូរ​ប្រកាស​ថា ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ​មក​ជិត​បង្កើយ​ហើយ។