ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៩

បុណ្យរំលឹក សន្ត ប៉ូល មីគី និងសហការីជាមរណសាក្សី 
ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ៦,១-៦
អ្នកភូមិណាសារ៉ែតបដិសេធមិនព្រមទទួលព្រះ‌យេស៊ូ

1 ព្រះ‌យេស៊ូយាងចេញពីទីនោះត្រឡប់ទៅភូមិស្រុករបស់ព្រះ‌អង្គវិញ ពួកសិស្ស*ក៏ទៅតាមព្រះ‌អង្គដែរ។ 2 លុះដល់ថ្ងៃសប្ប័ទ* ព្រះ‌អង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ*។ មនុស្សជាច្រើនដែលបានស្ដាប់ព្រះ‌អង្គងឿង‌ឆ្ងល់ក្រៃ‌លែង។ គេនិយាយគ្នាថា៖ «តើគាត់ដឹងសេចក្ដីទាំងនេះមកពីណា? ប្រាជ្ញាដែលគាត់បានទទួលនេះជាប្រាជ្ញាអ្វីទៅ? ការ‌អស្ចារ្យដែលគាត់បានធ្វើនេះកើតឡើងដោយវិធីណា?
3 តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារី ជាបង‌ប្អូនរបស់យ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូនទេឬអី? ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានក៏រស់នៅក្នុងភូមិនេះជាមួយយើងដែរ!»។ ហេតុនេះហើយបានជាគេមិនអាចជឿព្រះ‌អង្គឡើយ។ 4 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេថា៖ «ធម្មតា គេមើល‌ងាយព្យាការី*តែក្នុងស្រុកកំណើត ក្នុងក្រុមគ្រួសារ និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ»។ 5 នៅទីនោះ ព្រះ‌អង្គពុំអាចធ្វើការ‌អស្ចារ្យអ្វីឡើយ បានត្រឹមតែដាក់ព្រះ‌ហស្ដលើអ្នកជំងឺខ្លះ ដើម្បីប្រោសគេឲ្យជាប៉ុណ្ណោះ។ 6 ព្រះ‌អង្គនឹកឆ្ងល់ ដោយឃើញគេគ្មានជំនឿបែបនេះ។