ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩

បុណ្យរំលឹក សន្ត ហ្វ្រង់ស៊ីស ដឺ សាល ជាអភិបាល និងជាគ្រូធ្យាយនៃព្រះសហគមន៍ 
ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ៣,៧-១២
មហា‌ជនមកតាមព្រះ‌យេស៊ូ

7 ព្រះ‌យេស៊ូយាងចេញទៅតាមឆ្នេរសមុទ្រកាលី‌ឡេជាមួយពួកសិស្ស*។ មានបណ្ដា‌ជនជាច្រើននាំគ្នាទៅតាមព្រះ‌អង្គ អ្នកទាំងនោះមកពីស្រុកកាលី‌ឡេ ស្រុកយូដា 8 ក្រុងយេរូ‌សាឡឹម ស្រុកអេដុម តំបន់ត្រើយខាងនាយទន្លេយ័រដាន់ ព្រមទាំងតំបន់ជុំ‌វិញក្រុងទីរ៉ូស និងក្រុងស៊ីដូន។ បណ្ដា‌ជនមកតាមព្រះ‌យេស៊ូច្រើនយ៉ាងនេះ ព្រោះបានឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មានដែលព្រះ‌អង្គធ្វើ។ 9 ព្រះ‌យេស៊ូប្រាប់ពួកសិស្ស*ឲ្យរៀបចំទូកមួយថ្វាយព្រះ‌អង្គ ក្រែងបណ្ដា‌ជនប្រជ្រៀតគ្នាចោម‌រោមព្រះ‌អង្គ
10 ដ្បិតមានអ្នកជំងឺជាច្រើនខំប្រឹងសម្រុកចូលមកជិត ដើម្បីពាល់ព្រះ‌អង្គ ព្រោះព្រះ‌អង្គបានប្រោសមនុស្សជាច្រើនឲ្យបានជា។ 11 ម្យ៉ាងទៀត ពេលវិញ្ញាណអាក្រក់ឃើញព្រះ‌អង្គ វាក្រាបចុះនៅទៀបព្រះ‌បាទា ហើយស្រែកឡើងថា៖ «ព្រះ‌អង្គជាព្រះ‌បុត្រារបស់ព្រះ‌ជាម្ចាស់»។
12 ប៉ុន្តែ ព្រះ‌យេស៊ូបានគំរាមកំហែងវាយ៉ាងម៉ឺងម៉ាត់ មិនឲ្យនិយាយប្រាប់គេថាព្រះ‌អង្គជានរណាឡើយ។