ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩

ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ២,២៣-២៨
ព្រះ‌យេស៊ូមានអំណាចលើថ្ងៃសប្ប័ទ

23 មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះ‌យេស៊ូយាងកាត់វាលស្រែ សិស្ស*របស់ព្រះ‌អង្គនាំគ្នាដើរបណ្ដើរ បូតកួរស្រូវបណ្ដើរ។ 24 ពួកខាងគណៈផារី‌ស៊ី*ទូលព្រះ‌យេស៊ូថា៖ «សូមលោកមើលចុះ ហេតុអ្វីបានជាសិស្សរបស់លោកធ្វើការ ដែលបញ្ញត្តិហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?»។
25 ព្រះ‌យេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថ‌បទមួយស្ដីអំពីការដែលព្រះ‌បាទដាវីឌ និងបរិពារបានប្រព្រឹត្ត នៅពេលឃ្លាន ហើយត្រូវការអាហារបរិ‌ភោគ។ 26 នៅសម័យនោះ លោកអបៀ‌ថើរធ្វើជាមហាបូជា‌ចារ្យ*។ ព្រះ‌បាទដាវីឌបានចូលទៅក្នុងដំណាក់របស់ព្រះ‌ជាម្ចាស់ យកនំប៉័ងដែលគេតាំងថ្វាយព្រះ‌ជាម្ចាស់មកសោយ ព្រមទាំងចែកឲ្យពួកបរិពារបរិ‌ភោគទៀតផង។ តាមច្បាប់* មានតែពួកបូជា‌ចារ្យ*ប៉ុណ្ណោះ ដែលមានសិទ្ធិបរិ‌ភោគនំប៉័ងនោះ។ តើអ្នករាល់គ្នាមិនដែលអានអត្ថ‌បទនោះទេឬ!»។ 27 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេទៀតថា៖ «ព្រះ‌ជាម្ចាស់បានបង្កើតថ្ងៃសប្ប័ទ ដើម្បីជាប្រយោជន៍ដល់មនុស្ស ព្រះ‌អង្គមិនបានបង្កើតមនុស្ស ដើម្បីឲ្យបម្រើថ្ងៃសប្ប័ទឡើយ។ 28 ហេតុនេះហើយបានជាបុត្រមនុស្ស*ជាម្ចាស់លើថ្ងៃសប្ប័ទ»។