ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី១ ខែមិនា ឆ្នាំ២០១៩

ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ១០,១-១២

ព្រះ‌ដំបូន្មានអំពីរឿងលែង‌លះប្ដីប្រពន្ធ
1 ព្រះ‌យេស៊ូយាងចេញពីទីនោះឆ្ពោះទៅស្រុកយូដា និងត្រើយខាងនាយទន្លេយ័រដាន់។ មហា‌ជននាំគ្នាទៅរកព្រះ‌អង្គសាជាថ្មី ព្រះ‌អង្គក៏ចាប់ផ្ដើមបង្រៀនគេតាមទម្លាប់របស់ព្រះ‌អង្គ។
2 មានពួកខាងគណៈផារី‌ស៊ី*ចូលមកជិត ក្នុងគោលបំណងល្បង‌លមើលព្រះ‌អង្គ។ គេទូលសួរព្រះ‌អង្គថា៖ «តើស្វាមីមានសិទ្ធិលែងភរិយាបានឬទេ?»។ 3 ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ «តើលោកម៉ូសេបង្គាប់អ្នករាល់គ្នាឲ្យធ្វើអ្វី?»។ 4 គេទូលតបថា៖ «លោកម៉ូសេអនុញ្ញាតឲ្យស្វាមីធ្វើលិខិតលែង‌លះប្រពន្ធបាន»។ 5 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេថា៖ «លោកម៉ូសេចែងបទ‌បញ្ជា*ទាំងនេះឲ្យអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្តរឹង‌រូស។
6 ប៉ុន្តែ កាលដើមដំបូងនៅពេលដែលព្រះ‌ជាម្ចាស់បានបង្កើតពិភពលោកព្រះ‌អង្គបង្កើតមនុស្សមកជាបុរសជាស្ត្រី។ 7 “ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ [ទៅរួមរស់ជាមួយភរិយារបស់ខ្លួន]
8 ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ”គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ 9 ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូ‌ស្រករ ដែលព្រះ‌ជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ 10 ពេលទៅដល់ផ្ទះ ពួកសិស្សទូលសួរព្រះ‌យេស៊ូអំពីរឿងនេះម្ដងទៀត។ 11 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគេថា៖ «ប្រសិនបើស្វាមីណាលែងភរិយា ហើយទៅរៀប‌ការនឹងស្ត្រីម្នាក់ទៀត ស្វាមីនោះបានផិតក្បត់ភរិយារបស់ខ្លួន។ 12 រីឯភរិយាណាដែលលែងស្វាមី ហើយទៅរៀប‌ការនឹងបុរសម្នាក់ទៀត ស្ត្រីនោះក៏បានប្រព្រឹត្តអំពើផិតក្បត់ដែរ»។