ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៩ អាទិត្យទី២ នៃរដូវត្រណម

ព្រះគម្ពីរដំណឹងល្អ លូកា ៩,២៨-៣៦

សិរី‌រុងរឿងរបស់ព្រះ‌យេស៊ូ 28 ប្រមាណជាប្រាំបីថ្ងៃ ក្រោយពីព្រះ‌យេស៊ូមានព្រះ‌បន្ទូលទាំងនោះមក ព្រះ‌អង្គនាំលោកពេត្រុស លោកយ៉ូហាន និងលោកយ៉ាកុបឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន*។ 29 ពេលកំពុងអធិស្ឋាន ស្រាប់តែព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គប្រែជាមានរស្មី ហើយព្រះ‌ពស្ដ្ររបស់ព្រះ‌អង្គត្រឡប់ជាមានពណ៌សត្រចះ‌ត្រចង់។ 30 ពេលនោះ មានបុរសពីរនាក់ គឺលោកម៉ូសេ និងព្យាការីអេលីយ៉ា សន្ទនាជាមួយព្រះ‌យេស៊ូ។
31 លោកទាំងពីរលេចមកប្រកបដោយសិរី‌រុងរឿង ហើយមានប្រសាសន៍អំពីដំណើរ ដែលព្រះ‌អង្គត្រូវសោយទិវង្គត នៅក្រុងយេរូ‌សាឡឹម។ 32 លោកពេត្រុស និងមិត្ត‌ភក្ដិរបស់លោកសម្រាន្ដលង់‌លក់។ លុះភ្ញាក់ឡើង គេឃើញសិរី‌រុងរឿងរបស់ព្រះ‌យេស៊ូ និងឃើញលោកទាំងពីរឈរជាមួយព្រះ‌អង្គ។ 33 កាលលោកម៉ូសេ និងព្យាការីអេលីយ៉ា កំពុងតែចាកចេញពីព្រះ‌យេស៊ូទៅ លោកពេត្រុសទូលព្រះ‌អង្គថា៖ «ព្រះ‌គ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះ‌គ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់ព្យាការីអេលីយ៉ា»។ លោកពេត្រុសមានប្រសាសន៍ទាំងពុំដឹងថាខ្លួននិយាយអ្វីឡើយ។
34 កាលលោកពេត្រុសកំពុងតែមានប្រសាសន៍ ស្រាប់តែមានពពក*មកគ្របបាំងគេទាំងអស់គ្នា ធ្វើឲ្យសិស្សភ័យខ្លាចក្រៃ‌លែង ដោយមានពពកមកគ្របបាំងដូច្នេះ។
35 មានព្រះ‌សូរសៀងបន្លឺពីក្នុងពពកមកថា៖ «ព្រះ‌អង្គនេះជាបុត្រដែលយើងបានជ្រើសរើស ចូរស្ដាប់ព្រះ‌អង្គចុះ!»។ 36 បន្ទាប់ពីបានឮព្រះ‌សូរសៀងនេះហើយ គេឃើញតែព្រះ‌យេស៊ូមួយព្រះ‌អង្គប៉ុណ្ណោះ។ នៅគ្រានោះ សិស្សឥតបាននិយាយអំពីហេតុ‌ការណ៍ដែលគេបានឃើញប្រាប់អ្នកណាសោះឡើយ។