ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩

បុណ្យរំលឹក សន្ត ស៊ីរីល ជាបព្វជិត និង សន្ត មេតូឌីអូស ជាអភិបាល
ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ៧,២៤-៣០
ត្រីសាសន៍ដទៃម្នាក់ជឿព្រះ‌យេស៊ូ

24 ព្រះ‌យេស៊ូយាងចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ូស។ ព្រះ‌អង្គយាងចូលក្នុងផ្ទះមួយ ទ្រង់ពុំចង់ឲ្យនរណាដឹងថាទ្រង់គង់នៅទីនោះឡើយ តែលាក់មិនជិត។ 25 ភ្លាមនោះ ស្ត្រីម្នាក់ដែលកូនស្រីមានវិញ្ញាណអាក្រក់ចូល បានឮគេនិយាយអំពីព្រះ‌យេស៊ូ នាងមកក្រាបទៀបព្រះ‌បាទារបស់ព្រះ‌អង្គ។ 26 ស្ត្រីនោះជាសាសន៍ក្រិកមានកំណើតនៅភេនីសក្នុងស្រុកស៊ីរី។ នាងទូលសូមព្រះ‌យេស៊ូដេញអារក្សចេញពីកូននាង។ 27 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅនាងថា៖ «ត្រូវទុកឲ្យកូនចៅបរិ‌ភោគឆ្អែតជាមុនសិន មិនគួរយកអាហាររបស់កូនចៅបោះទៅឲ្យកូនឆ្កែស៊ីឡើយ»។ 28 នាងទូលព្រះ‌អង្គថា៖ «ពិតមែនហើយលោកម្ចាស់! ប៉ុន្តែ កូនឆ្កែនៅក្រោមតុ វាស៊ីកម្ទេចអាហារដែលកូនក្មេងធ្វើឲ្យជ្រុះនោះបាន»។ 29 ពេលនោះ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅនាងថា៖ «ដោយនាងនិយាយដូច្នេះ ចូរនាងវិលត្រឡប់ទៅវិញចុះ អារក្សបានចេញពីកូននាងហើយ»។ 30 ពេលស្ត្រីនោះមកដល់ផ្ទះ នាងឃើញកូនស្រីដេកនៅលើគ្រែ ដ្បិតអារក្សបានចេញពីក្មេងនោះហើយ។