ព័ត៌មានភូមិភាគភ្នំពេញ

ព័ត៌មានយុវជនកាតូលិក យុវជនកាតូលិកភូមិភាគភ្នំពេញឈ្វេងយល់ពីយុវជន និងភាពក្រីក្រ

យុវ​ជន​កាតូលិកជាង​៥០​រូប​មក​ពី​មណ្ឌលសកម្មភាព​​​ទាំង​៦នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​​បាន​ចូល​រួម​​​សិក្ខាសាលាក្រោម​ប្រធាន​បទ “​យុវជន និង​ភាព​ក្រីក្រ”នៅ​ចុង​សប្តាហ៍ មុន​នេះ ​ដែល​ដឹក​នាំ​ដោយ​ការិយាល័យ​យុវជន​ ជំទង់​ ​កុមារ និង​គ្រួសារ​​នៅព្រះសវិហារ​សន្ត​សិលា​ ពោធិ៍ធំ​ មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង​ ​។

​លោក​ស៊ាន់ សារឿន​ ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​ ​កុមារ និង​គ្រួសារ បាន​ឲ្យ​ដឹង​ថា ​សិក្ខា​សាលានេះ​ផ្ដោត​ទៅ​លើ “​យុវ​ជន និង​ភាព​ក្រី​ក្រ” ដែល​បាន​បញ្ជ្រាបតាមរយៈ ​ការអប់​រំ ទ្រព្យ​សម្បត្តិ​ និង​សុខភាព។​

លោក​បញ្ជាក់​ទៀត​ថា ប្រធាន​បទ​នេះ​សំខាន់​ព្រោះ​យុវជន​ត្រូវ​ទទួល​ការ​អប់រំ​ ត្រូវ​មាន​ចំណេះ​ដឹង​ស្គាល់​ពី​ស្ថានភាព ព្រះសហគមន៍ និង​សង្គមដែល​កំពុង​តែ​រស់​នៅ​ ក៏​ដូច​ជា​ចំណេះ​ដឹង​ផ្សេងៗ​ដែល​គេ​ត្រូ​វ​តែ​មាន ព្រោះ​នេះ​ជា​ការ​យល់​ដឹង​មួយ​ជួយ​ឲ្យ​គេ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ក្នុង​ការ​អភិវឌ្ឍខ្លួន​ទៅ​ថ្ងៃ​អនាគត។

​លោក​ស៊ាន់ សារឿន បាន​​បន្ថែម​ថា អង្គ​សិក្ខាសាលា​ក៏​​ណែនាំឲ្យ​សិក្ខាកាម​​យល់​ពី​​ការ​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ ដោយ​ឱ្យ​​ចេះ​ប្រើ​ដោយ​មាន​អត្ថ​ប្រយោជន៍​និង​ត្រឹមត្រូវ​ មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ។

បាន​បានថ្លែងថា៖​ «ខ្ញុំសង្ឃឹម​ថា តាមរយៈ​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃមក​នេះ អ្នកចូល​រួមនឹង​ទទួល​បាន​ចំណេះ​ដឹង និង​បទពិសោធកាន់​តែ​ច្បាស់​ថែមទៀត​​នូវ​អ្វី​ដែល​គេ​គួរ និង​មិនគួរ​ធ្វើ​និង​អ្វី​ដែល​ជាអាទិភាពនៅ​ក្នុង​ជីវិត​។ ត្រូវ​ចេះ​រៀប​ចំចិត្ត​គំនិត​និងការរស់នៅសម​​ស្របជា​សាវ័ក​របស់ព្រះយេស៊ូ​​​​ដែល​ជាគំរូ​នៅក្នុង​ការ​ប្រកាស​ដំណឹងល្អ»។

លោក​ក៏​បាន​ផ្តាំផ្ញើ​ឱ្យ​អ្នក​ចូល​រួម​​ចេះ​ថែរក្សាសុខភាព​​​ប្រុងប្រយ័ត្ន និង​កុំ​ភ័យ​ខ្លាច​ជ្រុលពី​មេរោគកូវីដ១៩ ដោយ​ចេះជួយគ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​គ្រាទុក្ខលំបាកដោយ​មានជំនឿរឹងមាំ​និង​ការ​ទទួលខុសត្រូវ។​

កញ្ញា​ លី ទៀង ជាយុវជន​នៃ​ព្រះវិហារ​សន្ត​សិលាពោធិ៍ធំ បាន​បញ្ជាក់ថា ​កញ្ញាពេញ​ចិត្ត​ចំពោះប្រធាន​បទនេះ ​ព្រោះ​ការអប់រំ​មានសារៈសំខាន់​នៅ​ក្នុង​ការស់នៅដោយ​ចេះ​អធ្យាស្រ័យ​យោគយល់​គ្នាទៅវិញទៅ​មក​​ដោយ​មាន​គុណធម៌ សច្ចធម៌​នៅក្នុង​ខ្លួន​។

លី ទៀងបន្ថែម​​ថា សព្វថ្ងៃ​មនុស្ស​ចូល​ចិត្ត​អួតបង្ហាញ​រឿង​សម្ភារៈ​និយម ប៉ុន្តែ​មិនបាន​គិតថា​វាអាចធ្វើ​ឲ្យ​មនុស្ស​ផ្សេងទៀត​មានចិត្ត​ច្រណែន និង​មាន​សកម្មភាព​អវិជ្ជមាននៅក្នុង​សង្គម។​​

ជារៀង​រាល់​ឆ្នាំ​ ការិយាល័យ​យុវជន ជំទង់ កុមារ និង​គ្រួសារ តែង​តែ​រៀប​ចំ​សិក្ខាសាលា ដើម្បី​ជួយ​ដល់​យុវជន យុវនារី​នៅក្នុង​ការរិះ​គិតទាំងជីវិត​នៅ​ក្នុង​ព្រះសហគមន៍ និង​សង្គម​នៅ​តាម​ព្រះសហគមន៍​នានា​ក្នុង​ភូមិភាគ​ភ្នំពេញ។ ដោយ​ឡែក​ឆ្នាំ​នេះ​​ការិយាល័យ​ត្រូវ​បាន​បែង​ចែក​អង្គ​សិក្ខាសាលា​ជាពីរផ្នែក គឺ​យុ​វជន យុវ​នារី​ ដែល​មក​ឈ្វេងយល់រយៈពេល​ពីរថ្ងៃ​ខាង​លើ​​ទាំង​នេះ​មកពី មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង ភ្នំពេញ​ខាង​ត្បូង ភ្នំពេញ​ថ្មី បាសាក់ មេគង្គ និង​តាខ្មៅ និង​មួយ​ក្រុម​ទៀត​គឺ​យុវជន​នៃ​មណ្ឌល​សកម្មភាព​តាកែវ កំពត និង​ព្រះសីហនុ​នឹង​ធ្វើ​រួមគ្នានាពេល​ឆាប់ៗខាងមុខនេះ។