ព័ត៌មានភូមិភាគភ្នំពេញ

ពិធីតែងតាំងលោក ផ្រមផុង ស៊ីហារ៉ាត់ (បងប្រុស ប៊ឺត) ជាឧបដ្ឋាក

ភ្នំពេញ៖ មនុស្សប្រមាណជាងមួយពាន់នាក់ពោរពេញទៅដោយអំណរសប្បាយ ក្នុងពិធីបីរួមគ្នា គឺពិធីតែងតាំងលោក ប៉ូល ផ្រមផុង ស៊ីហារ៉ាត់ ជាឧបដ្ឋាក ជាតិថៃក្នុងក្រុមសាសនទូតថៃ និងខួប២៥ឆ្នាំនៃវត្តមានក្រុមសាសនទូតថៃក្នុងប្រទេសកម្ពុជា រួមជាមួយពិធីបិទខួប២៥ឆ្នាំនៃព្រះវិហារសន្តយ៉ូសែបផ្សារតូច ដោយច្រៀងអរព្រះគុណ និងលើកតម្កើងព្រះជាម្ចាស់លាន់រំពងឡើង និងដោយការស្វាគមន៍អស់ពីដួងចិត្ត កាលពីថ្ងៃទី ៩ វិច្ឆិកា ២០១៨ នៅព្រះវិហារសន្តយ៉ូសែប(ផ្សារតូច) ភ្នំពេញ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់ លោកអភិបាល ភូមិភាគភ្នំពេញអូលីវីយេ ជ្មីតអ៊ីស៊្លែ លោកអភិបាលភូមិភាគបាត់ដំបងអេនរីគេ ហ្វីការេដូ និងលោក អាន់តូនី សូសៃរាជ្យ ជាអភិបាលភូមិភាគកំពង់ចាមរួមជាមួយលោកបូជាចារ្យប្រធាននៃក្រុមសាសនទូតថៃចូលរួមផងដែរ។

ក្រោយពីចម្រៀងសរសើរតម្កើងព្រះជាម្ចាស់ លោកបូជាចារ្យ ប៉ូលរឿង ឆ័ត្រសិរី បានស្វាគមន៍អស់លោកអភិបាល និងគ្រីស្តបរិស័ទទាំងអស់។ ជាមួយគ្នានេះដែរលោកបូជាចារ្យ វង្សម៉ាសែន ហាតាឆៃ បានធ្វើសក្ខីភាពអំពីបេក្ខជនដែលត្រៀមនឹងទទួលពិធីតែងតាំងជាឧបដ្ឋាក ហើយលោកបូជាចារ្យឆ័ត្រសិរីក៏បានប្រកាសហៅឈ្មោះបេក្ខជន ផ្រមផុង ស៊ីហារ៉ាត់ និងបានស្នើរសុំលោកអភិបាលអូលីវីយេ តែងតាំងជាឧបដ្ឋាក។

នៅមុខគ្រីស្តបរិស័ទជាច្រើន លោកអភិបាលអូលីវីយនៃព្រះសហគមន៍ បានហៅលោកប៊ឺត ឲ្យមកបង្ហាញខ្លួនជាសាធារណៈ ដើម្បីទទួលពិធីតែងតាំងជាឧដ្ឋាក និងមានការប្រកាសពាក្យសន្យារបស់លោកចំពោះមុខព្រះសហគមន៍ ។

នៅចំពោះមុខលោកអភិបាល និងគ្រីស្តបរស័ទទាំងអស់ បេក្ខជន ប៊ឺត បានឆ្លើយតបដោយប្រកាសថា​៖ ”បាទ! ខ្ញុំសុខចិត្ត” នឹងរស់នៅលីវអស់មួយជីវិត សម្រាប់ព្រះរាជ្យនៃស្ថានបរមសុខ ដោយគោរពបម្រើព្រះជាម្ចាស់ និងបងប្អូនឯទៀតៗក្នុងសេចក្តីស្រឡាញ់ និងស្តាប់បង្គាប់លោកអភិបាល ព្រមទាំងបំពេញមុខងារដោយចិត្តមេត្តាករុណា និងបញ្ជូនបន្តជំនឿរបស់ព្រះសហគមន៍ និងរស់នៅដោយយកគំរូតាមព្រះគ្រីស្ត។

បន្ទាប់ពីបេក្ខជនបានសន្យាស្របតាមលក្ខខណ្ឌទាំងឡាយ របស់ព្រះសហគមន៍កាតូលិក លោកឧបដ្ឋាកបានក្រាបចុះដល់ដី ហើយលោកអភិបាល អស់លោកបូជាចារ្យ និងគ្រីស្តបរិស័ទទាំងអស់លុតជង្គង់ ដោយទុកចិត្តលើព្រះហឬទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ រួមជាមួយសន្តបុគ្គលទាំងឡាយ ដើម្បីទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គចាក់បង្ហូរព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធមកលើលោកឧបដ្ឋាកថ្មី។

ពិធីគឺបំពាក់អាវឧបដ្ឋាករួមជាមួយកន្សែងពានា(ស្តូលឆៀង) ជាសញ្ញាថាបេក្ខជនបានចូលក្នុងលំដាប់ទីមួយនៃស្ថានភាពជាបូជាចារ្យ និងទទួលព្រះគម្ពីរដើម្បីឲ្យលោកឧបដ្ឋាកថ្មីបំពេញបេសកម្មដោយប្រកាសព្រះបន្ទូល និងជឿលើព្រះបន្ទូល ដោយរស់នៅស្របតាមសេចក្តីដែលព្រះយេស៊ូបានប្រៀនប្រដៅ។

លោកអភិបាលអូលីវីយេ បានមានប្រសាសន៍ថា ឧបដ្ឋាកគឺមានន័យថា ជាអ្នកបម្រើ និងជាសញ្ញាសម្គាល់ព្រះយេស៊ូដែលជាអ្នកបម្រើ គឺបម្រើអ្នកក្រីក្រ និងមានសិទ្ធធ្វើពិធីបុណ្យ អគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាអាពាហ៍ពិពាហ៍ផងដែរក្នុងនាមជាឧបដ្ឋាក។ លោកបន្តថា ជីវិតជាឧបដ្ឋាកគឺបម្រើនៅក្នុងអភិបូជា និងមប្រើនៅក្នុងជីវិតរបស់គេផ្ទាល់ ដោយបង្ហាញពីព្រះយេស៊ូ។ លោកអភិបាលបញ្ជាក់ថា ជីវិតរបស់ឧបដ្ឋាករំឮកយើងអំពីជីវិតដែលពោរពេញដោយសេចក្តីស្រឡាញ់ លុះត្រាតែយើងយកចិត្តទុកដាក់បម្រើដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន។

ក្នុងធម្មទេសនាលោកអភិបាលបានរំឭកអំពីពិធីបីដែលធ្វើរួមគ្នាតែមួយ នាំឲ្យនឹកឃើញអំពីលក្ខណៈរបស់ព្រះសហគមន៍គឺជាការប្រកាសដំណឹងល្អដូចនៅក្នុងអត្ថបទព្រះគម្ពីរ។ ក្នុងនេះដែរ លោកអភិបាលបានផ្តាំផ្ញើដល់ឧបដ្ឋាកថ្មីថា៖ ១) រស់នៅក្នុងព្រះគ្រីស្តដែលជាមែកទំពាំងបាយជូរដោយភ្ជាប់ជាមួយព្រះយេស៊ូជានិច្ច។ ២) រស់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដោយជឿ សង្ឃឹម និងទ្រាំទ្រជានិច្ច។ ៣) ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះបន្ទូលរបស់ព្រះយេស៊ូគឺយើងលែងទៅជាអ្នកបម្រើ តែយើងទៅជាមិត្តសម្លាញ់ព្រះយេស៊ូវិញ។ ៤) បម្រើ និងប្រកាសដំណឹងល្អដែលជាមូលហេតុឲ្យយើងខិតខំរស់នៅដោយដាក់ខ្លួនដើម្បីចូលរួមក្នុងគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដើម្បីបង្កើតព្រះរាជ្យព្រះអង្គ។

ក្រោយពីទទួលការតែងតាំងនេះ លោកប្រធានក្រុមសាសនាទូតថៃ បានចាត់លោកឧបដ្ឋាកថ្មីឲ្យទៅបម្រើព្រះសហគមន៍ក្នុងភូមិភាគកំពង់ចាម។

លោកឧបដ្ឋាកថ្មី បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំមានអំណរសប្បាយណាស់ព្រោះឃើញគ្រីស្តបរិស័ទច្រើនចូលរួមក្នុងកម្មវិធីរបស់ខ្ញុំ និងបុណ្យ២៥ឆ្នាំនៃគ្រីស្តទូតថៃចូលធ្វើការនៅស្រុកខ្មែរ។ លោកបន្តថា ខ្ញុំបានជ្រើសរើសមកធ្វើការនៅប្រទេសកម្ពុជាដោយគិតថានេះជាការត្រាស់ហៅរបស់ព្រះជាម្ចាស់និងខ្ញុំធ្វើតាម ដោយទៅបង្រៀនក្មេងៗ ជួយអ្នកក្រីក្រក្នុងនាមព្រះសហគមន៍ដែលជាតួនាទីរបស់គ្រីស្តទូត។ លោកឧបដ្ឋាកប៊ឺតបន្ថែមទៀតថា ខ្ញុំបានសុំឲ្យព្រះជាម្ចាស់ជួយដោយអធិដ្ឋានដែលជាអាហារខាងវិញ្ញាណ ដើម្បីឲ្យព្រះជាម្ចាស់ប្រទានពរនិងណែនាំខ្ញុំ រួចហើយទើបខ្ញុំធ្វើ ដើម្បីឲ្យខ្ញុំក្លាយទៅជាឧបករណ៍ដែលស្របនឹងព្រះហឫទ័យព្រះជាម្ចាស់។ លោកថា ក្រោយពីការតែងតាំងនេះនឹងធ្វើតាមសេចក្តីបង្គាប់របស់លោកអភិបាលនូវអ្វីដែលគាត់ចង់ឲ្យខ្ញុំធ្វើ ដូចអ្វីដែលខ្ញុំបានសន្យានៅពេលតែងតាំង។

លោកឧបដ្ឋាក ផ្រមផុង ស៊ីហារ៉ាត់ ប្រសូតនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ១៩៨៥ ក្នុងភូមិ ណូនណាមថែង ស្រុកសេណានិគម ខេត្តអំណាចជ្រើន ប្រទេសថៃ។ លោកជាកូនច្បង ក្នុងចំណោមបងប្អូន ២ នាក់។ លោកបានចូលរៀនអនុទេវវិទ្យាល័យ នៅខេត្តឩប៊ុនរាជធានី និងចូលទេវវិទ្យាល័យមធ្យម នៅខេត្ត នគរាជសីមា ១ ឆ្នាំ ហើយចូលរៀននៅទេវវិទ្យាល័យ Lux Mundi នៅស្រុក សាមផ្រាន ខេត្តណាខនប្រាថម ប្រទេសថៃ រយៈពេល៧ឆ្នាំ មុននឹងមកបម្រើព្រះសហគមន៍ប្រទេសកម្ពុជា។

This slideshow requires JavaScript.