ព័ត៌មានភូមិភាគភ្នំពេញ

បេក្ខជន ១៦ នាក់ទទួលអគ្គសញ្ញា​លាប​ថ្ងាស​នៅព្រះវិហារ សន្តសិលា និងសន្តប៉ូល

ក្រោយ​ពី​បាន​ទទួល​អគ្គសញ្ញាជ្រមុជទឹក ទទួល​ជីវិត​ថ្មី​រួម​ជា​មួយ​ព្រះយេស៊ូ​ក្នុង​ពេល​បុណ្យ​ចម្លង​កន្លង​ទៅ បេក្ខជនចំនួន ១៥ រូប អគ្គសញ្ញាលាបថ្ងាស​បន្តទៀត នៅព្រះវិហារ​សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ក្រោម​អធិបតីភាព​លោកអភិបាលអូលីវីយេ និង​មាន​គ្រីស្តបរិស័ទ​ចូល​រួម​យ៉ាង​ច្រើន​កុះករ នា​ព្រឹក​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៩។

នៅ​ក្នុង​ធម្មទេសនា លោកអភិបាលអូលីវីយេ បាន​ដាស់​តឿន​បេក្ខជន​ទទួល​អគ្គសញ្ញាលាបថ្ងាស​ឲ្យ ថែ​រក្សាមិត្តភាព​ជា​មួយ​ព្រះយេស៊ូ។ ថែ​រក្សា​អំណរ​សប្បាយ និង​យក​ចិត្តទុកដាក់​ធ្វើ​ជាសាក្សី នៃ​សេចក្តីស្រឡាញ់ និង​អំណរសប្បាយ។ លោក​បញ្ជាក់​យ៉ាងនេះ​ថា « សម្រាប់​បងប្អូន​ដែល​ទទួលអគ្គសញ្ញាលាបថ្ងាស់ ត្រូវ​បន្ត​ថែរក្សា​មិត្តភាព​ជា​មួយ​ព្រះយេស៊ូ​ជានិច្ច។ ថែរក្សា​អំណរ​សប្បាយ និង​សេចក្តីស្រលាញ់។ យកចិត្តទុកដាក់ ធ្វើ​ជា​សាក្សី​អំពី​អំណរ​សប្បាយ និង​សេចក្តីស្រលាញ់​ដល់​បងប្អូន​ឯ​ទៀតៗ។

លោកអភិបាលជូន ភ្គាំដល់បេក្ខជន

ក្នុង​ពេល​នោះ​លោក​អភិបាល​ក៏​បាន​រំលឹក​ដល់​គ្រីស្តបរិស័ទ​ទាំងអស់ ​ឲ្យ​អនុវត្តតាម ដោយ​ឆ្លាក់​ជាប់​នៅ​ក្នុង​ដួងចិត្ត​នូវ ធម្មវិន័យ​របស់​ព្រះយេស៊ូ “ត្រូវ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់គ្នាដែរ” ។

អគ្គសញ្ញា​លាប​ថ្ងាស​ជា​អគ្គសញ្ញា​បញ្ជាក់​បន្ថែម​ថា បងប្អូន​ដែល​បាន​កើត​ជា​ថ្មី​ដោយ​ទឹក និង​ព្រះវិញ្ញាណ​ពេលទទួល​អគ្គសញ្ញា​ជ្រមុជទឹក ពេលនេះ​ពេញវ័យ​ក្នុង​ជំនឿ ក្នុង​ពេលនេះ គឺ​គេ​ទទួល​ព្រះវិញ្ញាណ​បន្ថែម ដើម្បី​ផ្តល់​កម្លាំង​ក្នុង​ការ​ចេញ​ទៅ​ប្រកាស​ដំណឹងល្អ និង​រស់នៅ​ជា​សាវ័ក​ព្រះយេស៊ូ​ពេញលក្ខណៈ។

លោកអភិបាល​អូលីវីយេ បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​បទសម្ពាសន៍​ថា «ថ្ងៃ​នេះ​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ ដោយ​សារ​ក្នុង​ព្រះ​សហគមន៍​ភ្នំពេញ​ថ្មី​នេះ មាន​បេក្ខជន ១៦ នាក់​បានទទួល​អគ្គសញ្ញា​លាប​ថ្ងាស មាន​ន័យ​ថា​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ជា​ដង្ហើម​របស់​ព្រះជាម្ចាស់ ជា​សេចក្ដីស្រឡាញ់​របស់​ព្រះជាម្ចាស់​ដ៏​ពេញ​លក្ខណៈ ​និង​បាន​បញ្ចូល​ជា​មួយ​ក្រុម​គ្រូអប់រំជំនឿ​ភូមិភាគភ្នំពេញ​ជាង​៥០​នាក់ ​ដែល​ជារៀងរាល់​អាទិត្យ​បានយកចិត្ត​ទុកដាក់​ក្នុង​ការបញ្ជូន​បន្តជំនឿ​ដោយ​ដឹង​ថា​ជំនឿ​ដែល​យើង​ទទួល​មក​ពី​ព្រះជាម្ចាស់ ជា​អំណោយ​ទាន​ពិសេស​។» លោកអភិបាល​បាន​បញ្ជាក់​ផង​ដែរ ថា «គ្រូ​អប់រំ​ជំនឿត្រូវ ធ្វើ​យ៉ាង​ណា​ឲ្យ​គ្រីស្តបរិស័ទថ្មីៗ និង​គ្រីស្តបរិស័ទ​ចាស់ៗ អាច​ធ្វើដំណើរ​រួមគ្នា​ជា​គ្រួសារ​តែ​មួយ​គឺ​ព្រះសហគមន៍។» លោក​បន្ថែម​ថា« នេះ​ជាតួនាទី​របស់​គ្រូអប់រំជំនឿ ឪពុកម្ដាយធម៌ និង​អស់លោក​បូជាចារ្យ​ដែល​យកចិត្តទុក​ដាក់​ណែនាំ រំឭក និង​លើកទឹកចិត្ត ដោយ​ធ្វើជាឪពុក ម្ដាយ បង និង​មិត្ត​សម្លាញ់​យ៉ាង​ជិតស្និទ្ធ ដូច​លោកប៉ូល និងលោកបាណាបាស ដែល​បានលើក​ទឹកចិត្ត​និង​ធ្វើដំណើរ​ជា​មួយ​គ្រីស្តបរិស័ទ​នា​សម័យ​មុន​យ៉ាង​ជិតស្និទ្ធ​ផងដែរ។ ធ្វើ​ដូចនេះ ដើម្បី​ឲ្យ​យើង​ចេះ​បង្កើត​បរិយាកាស​ជា​ក្រុម​គ្រួសារ ចេះស្វាគមន៍ ដោយ​មាន​ចិត្តអាណិត​មេត្តា ទទួល​ខុសត្រូវ និង​ស្នាដៃ​នៅ​ក្នុង​សង្គម​ផង​ដែរ។»

បេក្ខនារី ច្រឹប មក​ពី​ខេត្តកំពង់ធំ បាន​និយាយថា «ពេលស្វា មីបោះបង់ចោល ខ្ញុំបាក់ទឹកចិត្ត ប៉ុន្តែ​ក្រោយ​ពី​បាន​ស្គាល់បង​ស្រីមេត្តាករុណា និង​ព្រះសហគមន៍ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត ទោះ​បី​មាន​ឧបសគ្គ​ក៏​ខ្ញុំ​នៅខិតខំ​មក​ព្រោះ​មាន​តែ​ព្រះយេស៊ូ​ទេ​ដែល​ជា​ទី​ពឹង និង​បងស្រី​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្តតស៊ូ​ចង់រស់​នៅ​បន្តទៀត​និង​លែង​ចង់​ធ្វើ​បាប​ខ្លួនឯង។ បន្ទាប់​ពី​ទទួលអគ្គសញ្ញានេះ ខ្ញុំ​មាន​បំណង​ចង់​បម្រើ​ព្រះសហគមន៍ ទោះ​បី​ខ្ញុំ​មិន​ចេះ​អក្សរ​ក៏​ដោយ ប្រសិន​បើ​លោកឪពុក ឬ​បង​ស្រី​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ក៏​ខ្ញុំ​សុខ​ដែរ​ឲ្យ​តែ​បាន​ផ្សព្វផ្សាយ​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់ និងលើក​ទឹកចិត្ត​គេ​ឲ្យ​មាន​សង្ឃឹម​ឡើង​វិញ​ដូច​ខ្ញុំ​អី​ចឹង​ដែរ។»

បេក្ខជន ប៊ុន រ៉ុង ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្តបាត់ដំបង និង​កំពុង​ស្នាក់​នៅ​ព្រះវិហារ​សន្តសិលា និង​សន្តប៉ូល បាន​និយាយ​ថា អគ្គសញ្ញា​នេះ​ហាក់​បី​ដូចជា​ធ្វើ​ឲ្យ​ខ្ញុំ​ផ្សា​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់ ដោយសារ​កាល​ពី​មុន​នឹង​ស្គាល់​ព្រះជាម្ចាស់ ខ្ញុំ​ដូចជា​ព្រងើយ​កន្តើយ​នឹង​អ្នកដទៃ មិន​ដែល​ជួយ​គេ ដោយ​មិន​ខ្វល់​ពី​មនុស្ស​ដែល​រងទុក្ខវេទនា​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ។ ប៉ុន្តែ​ក្រោយ​ពី​បាន​ក្លាយ​ជា​គ្រីស្តបរិស័ទ​ខ្ញុំ​បាន​ផ្លាស់ប្ដូរ​នូវ​អកប្ប​កិរិយា​ទាំង​នោះ។

លោកអភិបាល អូលីវីយ៉េ ធ្វើពិធីលាបផ្ងាសដល់បេក្ខជន

តាម​អត្ថបទ​ព្រះគម្ពីរ​ដំណឹងល្អ ក៏​ដូចជា​ការ​អប់រំ​របស់​ព្រះសហគមន៍កាតូលិក ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​គឺ​ជា​ព្រះអំណោយទាន​របស់​ព្រះជាម្ចាស់ ​និង​ជា​ព្រះ​ដែល​ជួយ​ការពារ​ដល់​អស់​អ្នកជឿ​ទាំងឡាយ ដោយ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជួយ​ឲ្យ​មាន​ប្រាជ្ញាញាណ ឲ្យ​ស្គាល់​សេចក្ដីពិត ចេះ​ពិចារណា​ដឹង​ខុស​ដឹង​ត្រូវ ប្រាជ្ញា​ឈ្លាសវៃ មាន​ចិត្ត​អង់អាច ស្គាល់​ព្រះជាម្ចាស់ និង​គោរពកោត​ខ្លាច​ព្រះជាម្ចាស់។