ព្រះបន្ទូលប្រចាំថ្ងៃ

បុណ្យគោរពសន្តយ៉ូសែប

ព្រះគម្ពីរដំណឹងល្អ លូកា ២,៤១-៥១
ព្រះ‌កុមារយេស៊ូនៅក្នុងព្រះ‌វិហារ
41 ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង* មាតា‌បិតារបស់ព្រះ‌យេស៊ូតែងតែធ្វើដំណើរទៅក្រុងយេរូ‌សាឡឹម។ 42 លុះដល់ព្រះ‌យេស៊ូមានព្រះ‌ជន្មាយុដប់‌ពីរព្រះ‌វស្សា មាតា‌បិតាក៏នាំព្រះ‌អង្គឡើងទៅចូលរួមក្នុងពិធីបុណ្យ តាមទំនៀម‌ទម្លាប់។ 43 លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯព្រះ‌កុមារយេស៊ូគង់នៅក្រុងយេរូ‌សាឡឹមនៅឡើយ តែមាតា‌បិតាពុំបានដឹងទេ។ 44 គាត់នឹកស្មានថា ព្រះ‌កុមារគង់នៅក្នុងចំណោមអស់អ្នកដែលរួមដំណើរជាមួយគ្នា។ ក្រោយពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ ទើបគាត់នាំគ្នាដើររកព្រះ‌កុមារក្នុងចំណោមញាតិមិត្តទាំងអស់ 45 ប៉ុន្តែ រកពុំឃើញសោះ គាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូ‌សាឡឹមវិញ ដើម្បីរកព្រះ‌អង្គនៅទីនោះទៀត។
46 បីថ្ងៃក្រោយមក មាតា‌បិតាឃើញព្រះ‌យេស៊ូក្នុងព្រះ‌វិហារ* ព្រះ‌អង្គគង់នៅកណ្ដាលចំណោមគ្រូអាចារ្យ* កំពុងតែស្ដាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។ 47 អស់អ្នកដែលស្ដាប់ព្រះ‌កុមារ នឹកឆ្ងល់ពីព្រះ‌បន្ទូលឆ្លើយឆ្លងរបស់ព្រះ‌អង្គ ប្រកបដោយព្រះ‌ប្រាជ្ញាញាណ។ 48 កាលមាតា‌បិតាបានឃើញព្រះ‌កុមារហើយ គាត់នឹកឆ្ងល់យ៉ាងខ្លាំង។ មាតាសួរថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ឪពុក‌ម្ដាយព្រួយចិត្តណាស់ ខំដើររកកូន»។ 49 ព្រះ‌កុមារមានព្រះ‌បន្ទូលតបថា៖ «ហេតុអ្វីបានជាលោកឪពុកអ្នកម្ដាយរកកូនយ៉ាងហ្នឹង? តើលោកឪពុកអ្នកម្ដាយមិនជ្រាបថា កូនត្រូវនៅក្នុងដំណាក់ព្រះ‌បិតារបស់កូនទេឬ?»។ 50 ប៉ុន្តែ មាតា‌បិតាពុំបានយល់អត្ថ‌ន័យនៃព្រះ‌បន្ទូលរបស់ព្រះ‌កុមារឡើយ។
51 បន្ទាប់មក ព្រះ‌កុមារយេស៊ូយាងត្រឡប់ទៅភូមិណាសា‌រ៉ែតជាមួយមាតា‌បិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ មាតារបស់ព្រះ‌អង្គចងចាំហេតុ‌ការណ៍ទាំងអស់នោះទុកក្នុងចិត្ត។