ព័ត៌មានភូមិភាគភ្នំពេញ

បងស្រី សានី​សច្ចា​និរន្តរ៍

បងស្រី តេរ៉េស អេង សានី ជាបព្វជិតា ជាតិ​កម្ពុជា​នៃ​ក្រុម​គ្រួសារ​ដូនជី​ឧបការគុណ បាន​ប្រកាស​ពាក្យ​សច្ចា​និរន្តរ៍ នៅ​ចំពោះ​មុខ​ព្រះសហគមន៍​ទាំង​មូល ក្រោម​អធិបតីភាព​លោក​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ អូលីវីយេ ជ្មីតអីស្លែរ និង​បងស្រី​ម៉ារី​អង់ ដែល​ជា​ប្រធាន​ក្រុម​គ្រួសារ​ឧការគុណ​នៅ​ព័រស្យឺ នៅ​ព្រះវិហារ​ព្រះ​កុមារ​យេស៊ូ​បឹង​ទំពុន នា​ព្រឹក​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ២០២០​នេះ។ 

លោក​អភិបាល​អូលីវីយេ​មាន​ប្រសាសន៍​រំលឹក​បងស្រី ឲ្យ​រក្សា​នូវ​ពាក្យ​សន្យា​ទាំង​បី​ឲ្យ​បាន​ខ្ជាប់​ខ្ជួន គឺ​រស់នៅ​លីវ មួយ​ជីវិត ស្តាប់​បង្គាប់ និង​រស់នៅ​​តាម​របៀប​ជា​អ្នក​ដាក់​ខ្លួន។ លោក​អភិបាល​បាន​បញ្ជាក់​ប្រាប់​ថា ព្រះជាម្ចាស់​បាន​គាំទ្រ និង​ជ្រើស​រើស​បងស្រី។ បងស្រី​ត្រូវ​​ស្ដាប់​បង្គាប់​បងស្រី​ប្រធាន ប៉ុន្តែ​ក៏​ត្រូវ​ស្ដាប់​បង្គាប់​ព្រះសហគមន៍​​ដែល​ជា​គ្រួសារ​ដ៏​ធំ​ ព្រោះ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​គឺ​ស្ថិត​នៅ​ក្នុង​ព្រះសហគមន៍​ទាំង​មូល។  

លោក​អភិបាល​បន្ថែម​ទៀត​ថា ការរស់​នៅ​ដាក់​ខ្លួន​ជា​អ្នក​ក្រីក្រ​ជា​រឿង​មួយ​សំខាន់​ «ដើម្បី​ធ្វើ​ដំណើរ​ជាមួយ​អ្នក​តូច​តាច ដោយ​ធ្វើ​ជា​បេះដូង​របស់​ព្រះជាម្ចាស់​ផ្ទាល់ ជា​បេះដូង​ប្រកប​ដោយ​ព្រះហឫទ័យ​ប្រណី​សន្ដោស ដែល​ជា​ព្រះ​ឧបការគុណ​របស់​ព្រះជាម្ចាស់​សម្រាប់​មនុស្ស​ឯទៀតៗ»។ 

លោក​អភិបាល​ក៏​បាន​ណែនាំ​ឲ្យ​បងស្រី ចេះ​ចង​សម្ពន្ធ​ជាមួយ​ប្រជាជន ដោយ​ធ្វើ​ជា​ពន្លឺ​នៅ​ក្នុង​ភាព​ងងឹត ដោយ​ចេញ​ទៅ​កន្លែង​នានា​ដើម្បី​ជួប​ជាមួយ​មនុស្ស​ឯទៀតៗ។

នៅ​ក្នុង​ពិធី បងស្រីសានី បាន​សច្ចា​ដាក់​ខ្លួន​ជា​អ្នក​ក្រីក្រ រក្សា​ព្រហ្មចារីធម៌ និង​ស្ដាប់​បង្គាប់ រួច​ប្រគល់​ពាក្យ​សច្ចា​ទៅ​កាន់​បងស្រី​ប្រធាន និង​មាន​ចុះ​ហត្ថលេខា​នៅ​លើ​តុ​អាសនៈ រួម​ជា​មួយ​ លោក​អភិបាល និង​បងស្រី​ប្រធាន​ជា​សាក្សី។ 

បងស្រីសានី បាន​បញ្ជាក់​ថា ជីវិត​ជា​អ្នក​បួស​សម្រាប់​បងស្រី​គឺជា​ការរស់នៅ​ និង​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ដោយ​ប្រកាស​ថា រស់​នៅ​ក្នុង​ជីវិត​ជា​អ្នក​បួស ជាពិសេស​ក្នុង​ក្រុម​គ្រួសារ​ឧបការគុណ។ បងស្រី​បន្ត​ថា ការ​ឆ្លើយ​តប​នេះ​មិន​មែន​បញ្ចប់​ត្រឹម​ថ្ងៃ​នេះ​ទេ គឺ​បន្ត​ឆ្លើយ​តប​ជារៀង​រាល់​ថ្ងៃ។ បងស្រី​បញ្ជាក់​ថា «នា​ពេល​អនាគត​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ច្បាស់​ថា បងស្រី​ប្រធាន​នឹង​ចាត់​ឲ្យ​មាន​បេសកកម្ម​ទៅ​បម្រើ​នៅ​កន្លែង​ណា​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្ត​រស់នៅ​តាម​ជនបទ​បម្រើ​បងប្អូន​នៅ​តាម​ព្រះសហគមន៍ ជាពិសេស​បន្ត​ជំនឿ​ដើម្បីឲ្យ​បង​ប្អូន​ឯទៀតៗ»។

ដូនជី​សានី​ក៏​បាន​អំពាវ​នាវ​ផង​ដែរ​ដល់​យុវជន យុវនារី​ឲ្យ​មាន​សេចក្ដី​ក្លាហាន​និង​កុំ​ខ្លាច​ចំពោះ​ការ​ឆ្លើយ​តប​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះជាម្ចាស់​ ព្រោះ​ព្រះអង្គ​គង់​នៅ​ជាមួយ​យើង និង​រួម​ដំណើរ​ជាមួយ​យើង។ 

ក្រុម​គ្រួសារ​ឧបការគុណ​នៅ​ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន​មាន​ចំនួន​១៩​នាក់​ដែល​ចែក​ជា​៣​សហគមន៍ ​គឺ​នៅ​ភ្នំពេញ​(បឹងទំពុន) បាត់ដំបង និង​កំពង់​ឆ្នាំង។ ដូនជី​នៅ​ក្នុង​ក្រុម​គ្រួសារ​នេះ បាន​ចូល​រួម​សកម្មភាព​ទាំង​នៅ​ក្នុង​ព្រះសហគមន៍​ដូច​ជា​កិច្ច​ការ​អប់រំ​ជំនឿ សង្គហៈ និង​រៀបចំ​ពិធី​នានា រីឯ​កិច្ច​ការ​សង្គម មាន​ដូចជា​ផ្តល់​កន្លែង​ស្នាក់​នៅ​សម្រាប់​កុមារ​កំព្រា និង​ក្រីក្រ​ដើម្បី​សិក្សា​រៀន​សូត្រ​ មាន​មណ្ឌល​សម្រាប់​កុមារ​មាន​ពិការភាព បង្កើត​សាលា​រៀន​នៅ​តាម​សហគមន៍​និង​ជួយ​គាំ​ទ្រ​ផ្នែក​សុខភាព​ជាដើម៕

ដោយ​ដាលីស