ព្រះបន្ទូលប្រចាំថ្ងៃ

ថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨

បុណ្យរំលឹកសន្ត អន់ដ្រេ ឌុង ឡាក់ ជាបូជាចារ្យ និងសហការី ជាមរណសាក្សី
អត្ថបទទី១ វិវរណៈ ១១,៤-១២
ទំនុកតម្កើងលេខ ១៤៤, ១-២.៩-១០
ព្រះគម្ពីរដំណឹងល្អ លូកា ២០,២៧-៤០

អំពីមនុស្សស្លាប់នឹងរស់ឡើងវិញ
27 មានអ្នកខាងគណៈ‌សាឌូ‌ស៊ី*ខ្លះចូលមកគាល់ព្រះ‌អង្គ។ ពួកសាឌូ‌ស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះ‌យេស៊ូថា៖28 «លោកគ្រូ! លោកម៉ូសេ*បានចែងច្បាប់ទុកឲ្យយើងថាបើបុរសណាមានប្រពន្ធ ហើយស្លាប់ទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀប‌ការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន។29 ឧបមាថា មានបង‌ប្អូនប្រុសៗប្រាំ‌ពីរនាក់ បុរសបងបង្អស់បានរៀប‌ការហើយស្លាប់ទៅ តែគ្មានកូនសោះ។30 ប្អូនបន្ទាប់ រួចប្អូនទីបី ក៏រៀប‌ការនឹងបងថ្លៃមេ‌ម៉ាយនោះ ហើយស្លាប់ទៅទាំងឥតមានកូន។31 បន្ទាប់មក បង‌ប្អូនទាំងប្រាំ‌ពីរនាក់បានរៀប‌ការនឹងស្ត្រីនោះ ហើយគ្រប់គ្នាបានស្លាប់ទៅតែគ្មានកូនទេ។32 នៅទីបំផុត ស្ត្រីក៏ស្លាប់ទៅដែរ។33 លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងនោះបានទៅជាប្រពន្ធនរណា បើបង‌ប្អូនទាំងប្រាំ‌ពីរនាក់ សុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់គ្នាដូច្នេះ?»។34 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលតបថា៖ «មនុស្សក្នុងលោកនេះតែងយកគ្នាជាប្ដីប្រពន្ធ35 ប៉ុន្តែ អស់អ្នកដែលព្រះ‌ជាម្ចាស់សព្វព្រះ‌ហឫទ័យប្រោសឲ្យរស់ឡើងវិញ នៅលោកខាងមុខ គេមិនរៀប‌ការប្ដីប្រពន្ធទៀតឡើយ។36 អ្នកទាំងនោះលែងស្លាប់ទៀតហើយ គឺគេបានដូចទេវតា*។ គេជាបុត្ររបស់ព្រះ‌ជាម្ចាស់ ដ្បិតគេមានជីវិតរស់ឡើងវិញ។37 លោកម៉ូសេបានចែងទុកយ៉ាងច្បាស់ថា មនុស្សស្លាប់នឹងរស់ឡើងវិញ នៅត្រង់អត្ថ‌បទស្ដីអំពីគុម្ពបន្លា គឺលោកហៅព្រះ‌អម្ចាស់ថាជាព្រះរបស់លោកអប្រាហាំ ជាព្រះរបស់លោកអ៊ីសាក និងជាព្រះរបស់លោកយ៉ាកុប។38 ព្រះ‌ជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ ចំពោះព្រះ‌អង្គ មនុស្សទាំងអស់សុទ្ធតែនៅរស់»។39 ពួកអាចារ្យ*ខ្លះទូលព្រះ‌អង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រឹមត្រូវល្អណាស់»។ 40 បន្ទាប់មក គេលែងហ៊ានចោទសួរសំណួរព្រះ‌អង្គអំពីរឿងអ្វីទៀតឡើយ។