ព្រះបន្ទូលប្រចាំថ្ងៃ

ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩

ព្រះគម្ពីរដំណឹងល្អ យ៉ូហាន ២,១-១១
ពិធីមង្គលការនៅភូមិកាណា

1 បីថ្ងៃក្រោយមក មានគេរៀបពិធីមង្គលការនៅភូមិកាណា ក្នុងស្រុកកាលី‌ឡេ។ មាតាព្រះ‌យេស៊ូនៅទីនោះ 2 ហើយគេក៏បានយាងព្រះ‌យេស៊ូ និងអញ្ជើញពួកសិស្ស*របស់ព្រះ‌អង្គ ទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។ 3 ពេលនោះ គេខ្វះស្រាទំពាំង‌បាយជូរ។ មាតាព្រះ‌យេស៊ូទូលព្រះ‌អង្គថា៖ «គេអស់ស្រាទំពាំង‌បាយជូរហើយ!»។
4 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ! កុំរវល់នឹងរឿងនេះអី ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។ 5 មាតារបស់ព្រះ‌អង្គប្រាប់ទៅពួកអ្នកបម្រើថា៖ «បើលោកប្រាប់ឲ្យធ្វើអ្វី ចូរធ្វើតាមទៅ»។ 6 នៅទីនោះ មានពាងប្រាំមួយដែលជន‌ជាតិយូដាដាក់ទឹក សម្រាប់ធ្វើពិធីជម្រះកាយ។ ពាងនីមួយៗមានចំណុះប្រមាណជាពីរបីអំរែក។
7 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅអ្នកបម្រើថា៖ «សុំដងទឹកមកចាក់ឲ្យពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់ពេញពាង។ 8 ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ «ឥឡូវនេះ សុំដងយកទៅជូនលោកចៅ‌មហាទៅ» គេក៏ដងយកទៅជូន។ 9 លោកចៅ‌មហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំង‌បាយជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាឡើយ មានតែពួកអ្នកបម្រើដែលបានដងទឹក មកចាក់ពាងទើបដឹង។
10 គាត់ហៅកូនកំលោះមក និយាយថា៖ «អ្នកផងទាំងពួងតែងយកស្រាទំពាំង‌បាយជូរឆ្ងាញ់មកជូនភ្ញៀវជាមុន លុះភ្ញៀវពិសាច្រើនហើយ ទើបគេយកស្រាមិនសូវឆ្ងាញ់មកជូនតាមក្រោយ។ រីឯអ្នកវិញ ម្ដេចក៏ទុកស្រាឆ្ងាញ់មកទល់ឥឡូវដូច្នេះ!»។ 11 នេះជាទីសម្គាល់ដំបូងបង្អស់ ដែលព្រះ‌យេស៊ូបានធ្វើ នៅភូមិកាណា ក្នុងស្រុកកាលី‌ឡេ។ ព្រះ‌អង្គបានសម្តែងសិរី‌រុងរឿងរបស់ព្រះ‌អង្គ ហើយពួកសិស្សក៏បានជឿលើព្រះ‌អង្គ។