ព្រះបន្ទូលប្រចាំថ្ងៃ

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩

ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ៨,២២-២៦
ព្រះ‌យេស៊ូប្រោសមនុស្សខ្វាក់ម្នាក់ឲ្យភ្លឺ

22 ព្រះ‌យេស៊ូ និងពួកសិស្ស*ធ្វើដំណើរមកដល់ភូមិបេត‌សៃ‌ដា។ នៅពេលនោះ មានគេនាំមនុស្សខ្វាក់ម្នាក់មកគាល់ព្រះ‌អង្គ ហើយទូល‌អង្វរសូមឲ្យព្រះ‌អង្គពាល់គាត់។ 23 ព្រះ‌យេស៊ូក៏ដឹកដៃមនុស្សខ្វាក់នោះ នាំចេញទៅខាងក្រៅភូមិ ព្រះ‌អង្គយកទឹកព្រះ‌ឱស្ឋដាក់លើភ្នែកគាត់ ហើយដាក់ព្រះ‌ហស្ដលើគាត់ ទាំងមានព្រះ‌បន្ទូលសួរថា៖ «តើអ្នកមើលឃើញអ្វីខ្លះទេ?»
24 បុរសនោះបើកភ្នែកឡើងទូលថា៖ «ខ្ញុំឃើញមនុស្សដើរស្ទុងៗ មើលទៅដូចជា មឈើ»។ 25 ព្រះ‌យេស៊ូក៏ដាក់ព្រះ‌ហស្ដលើភ្នែកគាត់ម្ដងទៀត។ បុរសនោះមើលឃើញច្បាស់ទាំងអស់ ភ្នែកគាត់បានជា។ 26 ព្រះ‌យេស៊ូប្រាប់គាត់ឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមានព្រះ‌បន្ទូលថា៖ «កុំចូលទៅក្នុងភូមិឲ្យសោះ»។