ព្រះបន្ទូលប្រចាំថ្ងៃ

ថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨

អត្ថបទទី១ អេសាយ ៣៥,១-១០
ទំនុកតម្កើង លេខ៨៥, ៩-១៤
ព្រះបន្ទូលដំណឹងល្អ លូកា ៥,១៧-២៦

17ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនបណ្ដាជន មានពួកខាងគណៈផារីស៊ី និង អ្នកប្រាជ្ញខាងវិន័យ អង្គុយស្ដាប់ព្រះអង្គដែរ។ អ្នកទាំងនោះធ្វើដំណើរមកពីភូមិនានា ក្នុងស្រុកកាលីឡេ ស្រុកយូដា និង ពីក្រុងយេរូសាឡឹម។ ព្រះយេស៊ូប្រកបដោយឫទ្ឋានុភាពរបស់ព្រះអម្ចាស់ ទ្រង់ប្រោសអ្នកជំងឺអោយបានជា។ 18ពេលនោះ ស្រាប់តែមានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មកដល់ គេមានបំណងនាំអ្នកខ្វិននោះចូលទៅជិតព្រះយេស៊ូ។ 19ប៉ុន្ដែ ដោយមានមនុស្សច្រើនពេក គេពុំអាចចូលទៅជិតព្រះអង្គបានឡើយ។ ដូច្នេះ គេក៏សែងអ្នកជំងឺឡើងទៅលើដំបូលផ្ទះ បកក្បឿង សំរូតគាត់ចុះមកកណ្ដាលចំណោមមនុស្ស នៅចំពីមុខព្រះយេស៊ូ។ 20ពេលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់ អ្នកទាំងនោះទ្រង់មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «អ្នកអើយ ខ្ញុំអត់ទោសអោយអ្នករួចពីបាបហើយ!»។ 21ពួកអាចារ្យ និង ពួកខាងគណៈផារីស៊ីឮដូច្នោះ រិះគិតក្នុងចិត្ដថា៖ «អ្នកនេះមានឋានៈអ្វី បានជាហ៊ានពោលពាក្យប្រមាថ ព្រះជាម្ចាស់ដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើអ្នកណាអាចអត់ទោសអោយមនុស្សរួចពីបាបបាន?»។ 22ព្រះយេស៊ូឈ្វេងយល់ចិត្ដគំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិត ដូច្នេះ? 23បើខ្ញុំប្រាប់អ្នកពិការនេះថា “ខ្ញុំអត់ទោសអោយអ្នករួចពីបាបហើយ” ឬថា “ចូរក្រោកឡើងដើរ ទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង?។ 24ប៉ុន្ដែ ខ្ញុំចង់អោយអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចនឹងអត់ទោសអោយមនុស្សនៅក្នុងលោកនេះរួចពីបាបបាន-ព្រះអង្គក៏ងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា-ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ»។ 25រំពេចនោះ អ្នកខ្វិនក្រោកឡើងនៅមុខមនុស្សទាំងអស់ រួចយកគ្រែស្នែងដែលគេសែងខ្លួនមក ដើរត្រឡប់ទៅផ្ទះវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ 26អស់អ្នកដែលនៅទីនោះ ស្លុតស្មារតីគ្រប់ៗគ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ គេភ័យខ្លាចជាខ្លាំង ក៏និយាយគ្នាថា៖ «ថ្ងៃនេះ យើងបានឃើញហេតុការណ៍ចំឡែកអស្ចារ្យមែន!»។