ព័ត៌មានភូមិភាគភ្នំពេញ

ប្រវត្តិសង្ខេប របស់លោកបូជាចារ្យរ៉ង់ឌូណូ

លោកបូជាចារ្យ រ៉ូហ្គាទៀន ឆាលេស លូវីស ម៉ារី យ៉ូសែប រ៉ងឌីណូ (Rogatien Charles Louis Marie Joseph RONDINEAU) ទទួលមរណភាពកាលពីព្រឹកម៉ោង៩ៈ០០ នាថ្ងៃទី៨ មេសា ២០១៩នេះ ក្នុងជន្មាយុ៩២ ឆ្នាំ នៅប្រទេសបារាំង។

តាមរយៈលោកបូជាចារ្យ ហ្វារនឺ ដាមីញ៉ាំង ប្រធានក្រុមគ្រួសារសាសនទូតក្រៅប្រទេសនៃទីក្រុងប៉ារីស (MEP)បានឱ្យដឹងអំពីប្រវត្តិរបស់លោករ៉ងឌីណូដូចខាងក្រោម៖

កើតនៅថ្ងៃទី ១៤ ខែមីនាឆ្នាំ១៩២៧ នៅ ហ្រ្វូសៃ (Frossay) ប្រទេសបារាំង ហើយបានតែងតាំងជាបូជាចារ្យកាតូលិកនៅថ្ងៃទី ១៧ ខែមេសាឆ្នាំ ១៩៥៤។

បន្ទាប់មក លោកត្រូវបានចាត់មកបំពេញបេសកកម្មនៅប្រទេសកម្ពុជានៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ១៩៥៥។ គាត់បានសិក្សាភាសាខ្មែរនៅក្រូចឆ្មារ និងភាសាវៀតណាមនៅបាណាម, បន្ទាប់មកគាត់ត្រូវបានតែងតាំងជាបូជាចារ្យទទួលខុសនៅបាត់ដំបងពីឆ្នាំ ១៩៥៨ ដល់ឆ្នាំ១៩៦១។

លោកជាសាស្ត្រាចារ្យនៅ ទេវវិទ្យាល័យនៅភ្នំពេញពីឆ្នាំ ១៩៦១ ដល់ឆ្នាំ ១៩៦៧។ បន្ទាប់មកលោកបានទទួលមុខងារជានាយកទេវវិទ្យាល័យពីឆ្នាំ ១៩៦៧ដល់ ១៩៧០។ ក្នុងឆ្នាំ ១៩៧០-១៩៧៥ លោកទទួលខុសត្រូវព្រះវិហារឫស្សីកែវ នាទីក្រុងភ្នំពេញ។

លោកបានសិក្សាភាសាអង់គ្លេសនៅប្រទេសអង់គ្លេស ហើយបន្ទាប់មកត្រូវបានចាត់តាំងឱ្យទៅភូមិភាគខាន់ណុល (ឥណ្ឌា) ហើយគាត់ត្រូវបានតែងតាំងជានាយកទេវវិទ្យាល័យនៅទីនោះពីឆ្នាំ ១៩៧៨ ដល់ ១៩៨៣ ។

បន្ទាប់មកគាត់ត្រូវបានចាត់តាំងជាអ្នកទទួលខុសត្រូវ និងគាំទ្រគ្រីស្តបរិស័ទខ្មែរនិងជនភៀសខ្លួនខ្មែរ ទៅរស់នៅក្នុងសហរដ្ឋអាមេរិកជាលើកដំបូងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហើយបន្ទាប់មកពីឆ្នាំ ១៩៨៦ នៅ អាណាដេល(Annandale)នៃរដ្ឋវើជីនៀ (Virginia)។

លោកបានត្រលប់មករាជធានីភ្នំពេញវិញក្នុងឆ្នាំ ២០០៣ ដើម្បីសម្រេចបាននូវការបោះពុម្ពសៀវភៅវចនានុក្រមខ្មែរ – បារាំង។ គាត់បានត្រលប់ទៅប្រទេសបារាំងនៅឆ្នាំ ២០១២៕