ព័ត៌មានភូមិភាគបាត់ដំបង

បុណ្យ​ភូមិ​​ជា​ពេល​អរព្រះគុណ​ព្រះជាម្ចាស់

ម៉ោង​ប្រមាណជា​២​រសៀល គោយន្ត​ចំនួន​៤​គ្រឿង​បាន​រៀបចំ​ជា​ស្រេច​​ដើម្បីធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​នីមួយៗ​ ដោយ​នៅ​លើ​នោះ​មាន​ដាក់​ធុង​ទឹក​មួយ​ចំនួន​ផង។ លោក​បូជាចារ្យ​កាតូលិក​បាន​ឡើង​ជិះ​​គោយន្តនោះ ដោយ​បរ​យឺតៗ​ពី​ផ្ទះ​មួយទៅ​ផ្ទះ​មួយ រួម​ទាំង​ស្រោយ​ទឹក​ជូន​ពរ​ដល់​ក្រុម​គ្រួសារ​ទាំងនោះ។ 

នៅ​តាម​ផ្លូវ​យើង​ឃើញ​មាន​ គ្រួសារ​ជាច្រើន​ទាំង​គ្រីស្ត​បរិស័ទ និង​ពុទ្ធ​បរិស័ទ​កំពុង​ឈរ​រង់​ចាំ​ដំណើរ​របស់​អស់​លោក​ ហើយ​នៅ​ខាង​មុខ​ផ្ទះ​របស់​ពួកគាត់​ក៏​មាន​ដាក់​ធុងទឹក​មួយ​ឬ​ពីរ​ថែម​ដោយ​ផ្កា​ភ្ញី​ក្នុងនោះ​ផង។ 

អង្គុយ​នៅ​លើ​កៅអីដោយ​សារ​លោក​ជា​ជន​ពិការ​ជើង​មួយ​ចំហៀង​ នៅរង់ចាំ​ទទួល​ទឹក​ពី​លោក​បូជាចារ្យ​ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ​ លោក​ឆាយ ឈឿម ជាពុទ្ធបរិស័ទ និងជា​ប្រជាជន​រស់នៅ​ក្នុងភូមិនេះ បាន​និយាយថា «កម្មវិធី​ឆាន់​ភូមិ​នេះ សប្បាយៗ​គឺ​ដោយសារ​បាន​ទឹក​ព្រះពរ។ លោកពុក​ដែល​បាន​មក​ចូលរួម​ធ្វើ​បុណ្យភូមិ​ មក​ចាក់ទឹក​ ចាក់អីនេះ គឺ​សប្បាយណាស់​។ សូម​ឲ្យបងប្អូនព្រះសហគមន៍​សប្បាយ មាន​សុខភាព​ល្អ»។

លោក​ឈឿម បន្តថា កម្មវិធី​បុណ្យ​នេះ បាន​ធ្វើឡើង​ជាច្រើន​ឆ្នាំមក​ហើយ ប៉ុន្តែ​លោក​មិន​បាន​ចាំ​ថា​កើត​ឡើង​ក្នុង​ពេល​ណាទេ។

ចំណែក​អ្នក​ស្រី​ចេង សួន អាយុ​៦៨​ឆ្នាំ ដែល​បាន​រង់​ចាំ​ទទួល​ទឹក​ព្រះពរ​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា «មានអារម្មណ៍​សប្បាយ​ដែល​បាន​ធ្វើ​បុណ្យ​នេះ ព្រោះអីធ្វើ​រាល់​ឆ្នាំ។ គិត​ទៅ​វា​ប្រមាណ​១៧ទៅ១៨​ឆ្នាំ​ហើយ ធ្វើ​បុណ្យនេះ…​ព្រះជាម្ចាស់​ជួយ​ថែរក្សា មាន​សុខភាព​ល្អ​ អត់​សូវ​មាន​ជំងឺ​រោគា​អីមក​បៀត​បៀន មិន​សូវ​មាន​ឈឺ។ មុន​នឹង​អែង​ឈឺ ហើយ​ឥឡូវ​ធ្វើ​បុណ្យ​ធ្វើ​ទាន​ទៅ ដូចជាមាន​សុខភាព​ល្អ»។ 

អ្នកស្រី​បន្ថែម​ទៀតថា រាល់​ថ្ងៃ​សៅរ៍​គាត់​បាន​ទៅចូលរួម​ជាមួយ​ក្រុម​ព្រះមាតា​ដែល​ជា​ក្រុម​មួយ​រៀបចំ​ដោយ​ព្រះសហគមន៍កាតូលិក​​មាន​កម្មវិធី​សូត្រ​ធម៌​ផ្សេងៗ។

​កម្មវិធីបុណ្យភូមិនេះ ព្រះសហគមន៍​បាន​រៀបចំ​ធ្វើ​កាលពី​ឆ្នាំ​២០០៤ ដោយ​ហៅ​ថា​បុណ្យ​ភូមិ។ បុណ្យ​នេះ​បាន​ចម្លង​ចេញ​ពី​បុណ្យ​មួយរបស់​អ្នក​ភូមិ​រង្វៀន​លិច ឃុំ​ចំណោម ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​គេ​បាន​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដោយ​ហៅ​ឈ្មោះ​ថា បុណ្យ​ឆាន់​ភូមិ។ បុណ្យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ក្រោយ​ពេល​ប្រជាពល​រដ្ឋ​ប្រមូល​ផល​រួច។ នេះ​បើ​តាម​លោក​ចែង យ៉ាត ជា​ប្រធាន​គណៈ​កម្មការ​ព្រះសហគមន៍​នេះ។

ព្រះវិហារ​សន្តីតេរេសា​នៃ ព្រះកុមារ​យេស៊ូ​របស់​ព្រះសហគមន៍​ចំណោម​បាន​រៀបចំ​បុណ្យ​នេះ​ កាល​ពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ក្រោម​អធិបតីភាព​របស់​លោក​អេនរីគេ ហ្វីការេដូ អភិបាល​នៃ​ព្រះសហគមន៍​កាតូលិក ភូមិភាគ​បាត់ដំបង រួម​និង​បូជាចារ្យ​ជាច្រើន​អង្គ ដោយ​មាន​គ្រីស្ត​បរិស័ទ​និង​ពុទ្ធ​បរិស័ទ​ចូល​រួម​យ៉ាង​ច្រើន​កុះករ។

លោក​ចែង យ៉ាត បាន​ឲ្យ​ដឹងថា បុណ្យភូមិ​នេះ គឺ​មាន​ន័យ​ថា​«សាមគ្គីគ្នា រវាង​សាសនា​និង​សាសនា រវាង​ប្រជាជន​ក្នុង​ភូមិ​​ឲ្យ​ចេះ​រួម​គ្នា​ ដើម្បី​ធ្វើ​អំពើ​ល្អ​មួយ​ ដោយ​ផ្តល់​សេចក្តីស្រឡាញ់ចំពោះ​គ្នាទៅវិញ​ទៅមក មិន​ប្រកាន់​ពូជសាសន៍ និង​សាសនា»។ 

លោក​បន្ថែម​ថា សម្រាប់​ព្រះសហគមន៍​ ការ​ធ្វើ​បុណ្យ​ភូមិ​នេះ ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំកន្លង​ទៅ ​ទាំង​ភោគ​ផល ទាំងអ្វីទាំងអស់ដែល​យើង​បាន​មក​ពេញ​មួយ​ជីវិត​របស់​យើង​ទាំង​សប្បាយចិត្ត និង​ទុក្ខ​លំបាក ​ថ្វាយ​ទៅ​ព្រះជាម្ចាស់។ 

«ខ្លះ​បាន​ស្រូវ ខ្លះអត់​បាន​ គ្នា​កើត​ទុក្ខ មាន​តែ​មក​សុំ​ព្រះអង្គ ថ្វាយទុក្ខ​លំបាក​របស់​យើងរួម​ជាមួយ​បុណ្យ​ភូមិនេះ» លោក​យ៉ាត​បញ្ជាក់។

គណៈកម្មការ​រូប​នេះ​បន្ថែម​ថា បុណ្យ​ភូមិនេះ គឺ​ធ្វើ​ឡើង​សម្រាប់​ព្រះសហគមន៍​ភូមិភាគ​បាត់​ដំបង​ទាំង​មូល ក៏​ដូចជា​ព្រះសហគមន៍​នៅ​កម្ពុជា និង​ពិភព​លោក​ទាំង​មូលដែរ។ 

លោក​យ៉ាត​បញ្ជាក់​ថា កម្មវិធី​នេះធ្វើ​ឡើង​រៀង​រាល់​មួយ​ឆ្នាំ​ម្តង​នៅ​មុន​រដូវ​ត្រណម និង​ក្រោយ​ពេល​ប្រមូល​ផល​រួច។ 

មុន​នឹង​ចាប់​ផ្តើម​កម្មវិធី​ស្រោច​ប្រោះព្រំ​តាម​ផ្ទះ ព្រះសហគមន៍​បាន​រៀបចំ ឲ្យ​មាន​ពិធី​អភិបូជា​ដើម្បី​អរព្រះគុណ​ព្រះជាម្ចាស់​តាម​ជំនឿ​របស់​គ្រីស្ត​បរិស័ទ។

លោក​បូជាចារ្យ​បាណែណាល់ តូតែត មាន​ប្រសាសន៍​នៅ​ក្នុង​ធម្មទេសនា​ថា ជីវិត​របស់​យើង ត្រូវ​ក្លាយ​ជា​ជីវិត​អរគុណ​ព្រះជាម្ចាស់​គ្រប់​ពេល។  ថ្ងៃ​នេះ​ជា​និមិត្ត​រូប​នៃ​ការអរគុណ​ព្រះជាម្ចាស់ ចំពោះ​ភោគ​ផល​ដែល​យើង​មាន​នៅ​ក្នុង​ជីវិត។  

លោកបូជាចារ្យ​លើកទឹក​ចិត្ត​ដល់​គ្រីស្ត​បរិស័ទ​​ឲ្យ​មាន​ក្តីសង្ឃឹម​ជានិច្ច​ និងត្រូវអរគុណព្រះជាម្ចាស់​មិន​គ្រាន់​តែ​ចំពោះ​ភោគ​ផល​ប៉ុណ្ណោះ គឺ​ត្រូវអរ​ព្រះ​គុណ​ ចំពោះ​ក្រុម​គ្រួសារ ការ​រក​ស៊ី ជាដើម  ដើម្បី​បញ្ជាក់​ថា ជីវិត​របស់​យើង គឺ​ពឹង​លើ​ព្រះជាម្ចាស់។ 

ក្នុងនោះ​ដែរ​ លោកបូជាចារ្យមានប្រសាសន៍ទៀតថា “កុំភ្លេចអធិដ្ឋាន ចូលព្រះវិហារ”  ដោយមិនគិតអំពីការមិនពេញចិត្តចំពោះ​បូជាចារ្យ បងស្រី ឬគណៈកម្មការ​របស់​ព្រះសហគមន៍។ 

លោកបានសុំឲ្យគ្រីស្តបរ័ទចាស់ៗបង្ហាញជំនឿ ជាគ្រីស្តបរិស័ទ  និងបង្រៀនកូនចៅឲ្យចេះអធិដ្ឋាន និងស្គាល់ព្រះសហគមន៍។ លោកបន្ថែមថា ” កុំសួរថាហេតុអ្វីកូនចៅអត់ចូលព្រះសហគមន៍  ព្រោះនៅពេលយើងនិយាយអាក្រក់និងស្អប់ព្រះសហគមន៍ នាំឲ្យវាមិនចង់ស្គាល់ព្រះសហគមន៍ទេ”។  

លោកបានរំលឹកទៀតថា សូមធ្វើអំពើល្អដល់អ្នកដទៃ ដើម្បីបង្ហាញថាយើងជាគ្រីស្តបរិស័ទ។  ជំនឿរបស់យើង គឺអរគុណ អធិដ្ឋាននិងបង្ហាញជំនឿ៕

រូបភាពពីសកម្មភាព បុណ្យភូមិនៅព្រះសហគមន៍ចំណោម