កាឡាទី (០៦)

ការ​ជួយ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក
1 បង‌ប្អូន​អើយ ប្រសិន​បើ​មាន​នរណា​ម្នាក់​ត្រូវ​គេ​ទាន់​នៅ​ពេល​កំពុង​តែ​ធ្វើ​អំពើ​អាក្រក់​ណា​មួយ បង‌ប្អូន​ដែល​មាន​ព្រះ‌វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ត្រូវ​កែ​តម្រង់​អ្នក​នោះ ដោយ​ចិត្ត​ស្លូត‌បូត។ ក៏​ប៉ុន្តែ តោង​ប្រយ័ត្ន​ខ្លួន ក្រែង​លោ​អ្នក​ត្រូវ​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។ 2 ត្រូវ​ជួយ​រំលែក​ទុក្ខ‌ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​យ៉ាង​នេះ ទើប​បង‌ប្អូន​បំពេញ​តាម​វិន័យ​របស់​ព្រះ‌គ្រីស្ត*​ទាំង​ស្រុង។ 3 ប្រសិន​បើ​នរណា​ម្នាក់​ស្មាន​ថា​ខ្លួន​ជា​មនុស្ស​សំខាន់ តែ​តាម​ពិត​ខ្លួន​ជា​អ្នក​ឥត​បាន​ការ អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ។ 4 ម្នាក់ៗ​ត្រូវ​ពិនិត្យ‌ពិច័យ​មើល​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ប្រសិន​បើ​រក​ឃើញ​ហេតុ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខ្ពស់​មុខ​នោះ គឺ​រក​ឃើញ​តែ​នៅ​ក្នុង​ខ្លួន​ឯង​ផ្ទាល់ មិន​មែន​ដោយ​ប្រៀប​ផ្ទឹម​ទៅ​នឹង​អ្នក​ដទៃ​ទេ 5 ដ្បិត​ម្នាក់ៗ​ទទួល​ខុស​ត្រូវ​លើ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

6 ចំពោះ​អ្នក​ដែល​ទទួល​ការ​អប់រំ​ខាង​ព្រះ‌បន្ទូល ត្រូវ​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​មាន​មួយ​ចំណែក មក​ចែក​ដល់​អ្នក​ដែល​អប់រំ​ខ្លួន​នោះ​ផង។

7 សូម​បង‌ប្អូន​កុំ​យល់​ច្រឡំ គ្មាន​នរណា​មើល‌ងាយ​ព្រះ‌ជាម្ចាស់​បាន​ទេ។ បើ​មនុស្ស​ម្នាក់​សាប​ព្រោះ​គ្រាប់​ពូជ​ណា គេ​នឹង​ច្រូត​បាន​ផល តាម​ពូជ​នោះ​ឯង។ 8 អ្នក​ណា​សាប​ព្រោះ​តាម​លោកីយ៍ អ្នក​នោះ​ក៏​នឹង​ច្រូត​យក​ផល ដែល​តែង‌តែ​រលួយ​មក​ពី​លោកីយ៍​ដែរ។ រីឯ​អ្នក​ដែល​សាប​ព្រោះ​ខាង​ព្រះ‌វិញ្ញាណ​វិញ នឹង​ច្រូត​យក​ផលជា​ជីវិត​អស់​កល្ប‌ជានិច្ច មក​ពី​ព្រះ‌វិញ្ញាណ។ 9 យើង​មិន​ត្រូវ​នឿយ‌ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ ដ្បិត​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ត​ទេ​នោះ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ផល​ជា​មិន​ខាន។ 10 ហេតុ​នេះ ពេល​យើង​មាន​ឱកាស​នៅ​ឡើយ យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់ ជា​ពិសេស ចំពោះ​បង‌ប្អូន​រួម​ជំនឿ។

ពាក្យ​រំឭក​ដាស់‌តឿន​ចុង​បញ្ចប់
11 តួ​អក្សរ​ធំៗ​ដែល​បង‌ប្អូន​ឃើញ​នេះ គឺ​ខ្ញុំ​បាន​សរសេរ​មក​បង‌ប្អូន​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។

12 អស់​អ្នក​ដែល​ចង់​បាន​កិត្តិយស​ខាង​លោកីយ៍ បាន​បង្ខំ​បង‌ប្អូន​ឲ្យ​កាត់​ស្បែក* ក្នុង​គោល​បំណង​កុំ​ឲ្យ​មាន​គេ​បៀត‌បៀន ព្រោះ​តែ​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រីស្ត​ប៉ុណ្ណោះ។ 13 ចំពោះ​អ្នក​ដែល​កាត់​ស្បែក​ទាំង​នោះ ខ្លួន​គេ​ផ្ទាល់​ពុំ​កាន់​តាម​វិន័យ​ទេ គឺ​គេ​ចង់​ឲ្យ​បង‌ប្អូន​កាត់​ស្បែក ដើម្បី​ឲ្យ​គេ​អាច​អួត​ខ្លួន​ថា គេ​បាន​កាត់​ស្បែក​ឲ្យ​បង‌ប្អូន។ 14 រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​អំពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ។ ដោយ‌សារ​ឈើ​ឆ្កាង​នេះ អ្វីៗ​ក្នុង​ពិភព‌លោក​លែង​មាន​ទាក់‌ទាម​នឹង​ខ្ញុំ​ទៀត​ហើយ ហើយ​ខ្ញុំ​ក៏​លែង​មាន​ទាក់‌ទាម​អ្វី​នឹង​ពិភព‌លោក​ទៀត​ដែរ​ក។ 15 ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក មិន​សំខាន់​អ្វី​ទេ មាន​តែ​ការ​កើត​ជា​ថ្មី​វិញ​ឯ‌ណោះ ទើប​សំខាន់។ 16 សូម​ព្រះ‌ជាម្ចាស់​ប្រទាន​សេចក្ដី​សុខ‌សាន្ត និង​មេត្តា‌ករុណា​ដល់​អស់​អ្នក​ដែល​អនុវត្ត​តាម​គោល​គំនិត​នេះ និង​ដល់​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​របស់​ព្រះ‌អង្គ។

17 អំណើះ​ត​ទៅ សូម​កុំ​ឲ្យ​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ទៀត​ឡើយ ដ្បិត​ខ្ញុំ​មាន​ស្លាក‌ស្នាម​ខរបស់​ព្រះ‌យេស៊ូ នៅ​ក្នុង​រូប​កាយ​ខ្ញុំ​ស្រាប់​ហើយ។

18 បង‌ប្អូន​អើយ សូម​សូម​ព្រះ‌យេស៊ូ‌គ្រីស្ត* ជា​ព្រះ‌អម្ចាស់​នៃ​យើង ប្រណី‌សន្ដោស​ដល់​វិញ្ញាណ​របស់​បង‌ប្អូន។ អាម៉ែន។