លោកយ៉ូស៊ូអា (២០)

ក្រុង​ជំរក
 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស៊ូអា​ថា៖ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល អោយ​ជ្រើស​រើស​ក្រុង​ជំរក​ ដូច​យើង​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា​តាម​រយៈ​លោក​ម៉ូសេ​ស្រាប់។ ៣ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​នរណា​ម្នាក់​បាន​សម្លាប់​គេ ដោយ​អចេតនា គឺ​ដោយ​គ្មាន​ចិត្ត​ប្រាថ្នា​ចង់​សម្លាប់​គេ​ទេ អ្នក​នោះ​អាច​រត់​ទៅ​ជ្រក​នៅ​ក្រុង​នោះ ដើម្បី​គេច​អោយ​ផុត​ពី​អ្នក​ដែល​ត្រូវ​សងសឹក។ ៤ អ្នក​នោះ​ អាច​រត់​ទៅ​កាន់ ​ក្រុង​ណា​មួយ​ក្នុង​ចំណោម​ក្រុង​ជំរក ហើយ​ឈប់​នៅ​មាត់​ទ្វារ​ក្រុង និង​បរិយាយ​រៀប​រាប់​រឿង​របស់​ខ្លួន​ ប្រាប់​ពួក​ព្រឹទ្ធាចារ្យ​នៅ​ក្រុង​ នោះ។ ពួក​ព្រឹទ្ធាចារ្យ​នឹង​អនុញ្ញាត​អោយ​គាត់​ចូល​ក្នុង ក្រុង​ព្រម​ទាំង​ផ្ដល់​កន្លែង​អោយ​ស្នាក់​អាស្រ័យ​នៅ​ជា​មួយ​ពួក​គេ។ ៥ ប្រសិន​បើ​ជា​អ្នក​ដែល​ ត្រូវ​សងសឹក​មក​តាម​គាត់ ពួក​ព្រឹទ្ធាចារ្យ​គ្មាន​សិទ្ធិ​នឹង​ប្រគល់​អ្នក​ដែល​សម្លាប់​គេ​ទៅ​អោយ​ អ្នក​នោះ​ទេ ដ្បិត​គាត់​បាន​សម្លាប់​បង​ប្អូន​រួម​ជាតិ​របស់​ខ្លួន ដោយ​គ្មាន​ចិត្ត​ប្រាថ្នា​ចង់​សម្លាប់ ហើយ​គ្មាន​ចិត្ត​សំអប់​មក​ពី​មុន​ឡើយ។ គាត់​ត្រូវ​ស្នាក់​នៅ​ ក្រុង​នោះ​រហូត​ដល់​សហគមន៍​ជំនុំ​ជំរះ ហើយ​រហូត​ដល់​លោក​មហាបូជាចារ្យ*​ដែល​កាន់​មុខ​តំណែង​នៅ​ពេល​នោះ ទទួល​មរណភាព​ផុត​ទៅ។ ក្រោយ​មក ទើប​អ្នក​ដែល​បាន​សម្លាប់​គេ​នោះ អាច​វិល​ត្រឡប់​ទៅ​នៅ​ស្រុក​ភូមិ​របស់​ខ្លួន គឺ​កន្លែង​ដែល​គាត់​រត់​ចេញ​មក»។

 ជន​ជាតិ​ អ៊ីស្រាអែល​ក៏​បាន​ញែក​ក្រុង​កេដែស នៅ​ស្រុក​កាលីឡេ ក្នុង​តំបន់​ភ្នំ​ណែបថាលី ក្រុង​ស៊ីគែម នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម និង​ក្រុង​គៀរីយ៉ាត-អារបា គឺ​ក្រុង​ហេប្រូន​ក្នុង​តំបន់​ភ្នំ​យូដា។  នៅ​ត្រើយ​ខាង​នាយ​ទន្លេ​ យ័រដាន់ គឺ​នៅ​ខាង​កើត​ក្រុង​យេរីខូ គេ​បាន​ជ្រើស​រើស​យក​ក្រុង​បេស៊ែរ នៅ​វាល​រហោស្ថាន ក្នុង​តំបន់​ខ្ពង់​រាប​របស់​កុលសម្ព័ន្ធ​រូបេន ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ​របស់​កុលសម្ព័ន្ធ​កាដ និង​ក្រុង​កូឡាន​នៅ​ស្រុក​បាសាន​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ។ គេ​បាន​ជ្រើស​រើស​ក្រុង​ ទាំង​នោះ ដើម្បី​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ និង​ជន​បរទេស​ដែល​ស្នាក់​ជា​មួយ​គេ​អាច​រត់​ទៅ​ជ្រក​កោន​នៅ​ពេល​បាន​សម្លាប់ ​មនុស្ស​ម្នាក់​ដោយ​អចេតនា។ ធ្វើ​ដូច្នេះ គេ​នឹង​បាន​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ត្រូវ​សងសឹក គឺ​គេ​មិន​ត្រូវ​ស្លាប់ ដោយ​សហគមន៍​មិន​បាន​ជំនុំ​ជំរះ​ជា​មុន។