លោកយ៉ូស៊ូអា

លោក​យ៉ូស៊ូអា​ចាត់​អ្នក​ស៊ើបការណ៍​ទៅ​ក្រុង​យេរីខូ
 លោកយ៉ូស៊ូអា ជា​កូន​របស់​លោក​នូន ចាត់​បុរស​ពីរ​នាក់​យ៉ាង​សំងាត់ អោយ​ចេញ​ពី​ជំរំ​ស៊ីទីម​ ទៅ​ស៊ើបការណ៍។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ពិនិត្យ​មើល​ស្រុក​នោះ និង​ក្រុង​យេរីខូ​ផង!»។ អ្នក​ទាំង​ពីរ​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរីខូ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ផ្ទះ​របស់​ស្រី​ពេស្យា​ម្នាក់​ឈ្មោះ​នាង​រ៉ាហាប​។ មាន​គេ​ទូល​ស្ដេច​ក្រុង​យេរីខូ​ថា៖ «យប់​នេះ​មាន​ពួក​អ៊ីស្រា​អែល​ចូល​មក​ក្នុង​ទីក្រុង ដើម្បី​ស៊ើបការណ៍»។  ស្ដេច​ក្រុង​យេរីខូ​ចាត់​ គេ​អោយ​ទៅ​ប្រាប់​នាង​រ៉ាហាប​ថា៖ «ចូរ​នាំ​ពួក​ដែល​បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​ផ្ទះ​នាង​ចេញ​មក ដ្បិត​គេ​មក​ស៊ើបការណ៍​នៅ​ស្រុក​​ទាំង​មូល»។ ប៉ុន្តែ ស្ត្រី​នោះ​បាន​នាំ​បុរស​ទាំង​ពីរ​ទៅ​លាក់​រួច​ពោល​ថា៖ «ចា៎ស​លោក! ពួក​នោះ​បាន​មក​ផ្ទះ​នាង​ខ្ញុំ​មែន តែ​នាង​ខ្ញុំ​មិន​ដឹង​ថា​ពួក​គេ​មក​ពី​ណា​ឡើយ។ លុះ​ដល់​ពេល​ព្រលប់ គឺ​ពេល​ដែល​គេ​បិទ​ទ្វារ​ក្រុង បុរស​នោះ​បាន​ចេញ​ទៅ​បាត់ នាង​ខ្ញុំ​ពុំ​ដឹង​ថា​ពួក​គេ​ទៅ​ទី​ណា​ទេ។ សូម​ដេញ​តាម​អោយ​លឿន អស់​លោក​មុខ​ជា​ទាន់​ពួក​គេ​ពុំខាន!»។  តាម​ពិត នាង​នាំ​ពួក​គេ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ លាក់​ក្នុង​គំនរ​ដើម​ធ្មៃ​ដែល​នាង​ទុក​នៅ​ទី​នោះ។  អ្នក​ទាំង​នោះ​ដេញ​តាម​រក ​ពួក​គេឆ្ពោះ​ទៅ​កាន់​ទន្លេ​យ័រដាន់ គឺ​នៅ​កន្លែង​ទឹក​រាក់ៗ​ដែល​អាច​ឆ្លង​បាន។ កាល​ពួក​អ្នក​ដេញ​តាម​ចេញ​ផុត​អស់​ទៅ​គេ​ក៏​បិទ​ទ្វារ​ទីក្រុង។

 នាង​បាន​ឡើង​ទៅ​ជួប​អ្នក​ស៊ើបការណ៍​ទាំង​ពីរ​នៅ​លើ​ដំបូល​ផ្ទះ មុន​ពួក​គេ​ចូល​ដំណេក ហើយ​ក៏​និយាយ​ទៅ​កាន់​គេ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ​ថា ព្រះអម្ចាស់​ប្រគល់​ស្រុក​នេះ​ដល់​ពួក​លោក។ ពួក​លោក​ធ្វើ​អោយ​យើង​ខ្ញុំ​តក់ស្លុត​ជា​ខ្លាំង ហើយ​អ្នក​ស្រុក​ទាំង​មូល​បាក់​ទឹក​ចិត្ត​នៅ​ចំពោះ​មុខ​ពួក​លោក ១០ ដ្បិត​យើង​បាន​ឮ​គេ​និយាយ​ថា ព្រះអម្ចាស់​ធ្វើ​អោយ​សមុទ្រ​កក់​រីង​ស្ងួត​នៅ​ ចំពោះ​មុខ​ពួក​លោក នៅ​គ្រា​ដែល​ពួក​លោក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ យើង​ក៏​ដឹង​ដែរ​ថា ពួក​លោក​បាន​ប្រព្រឹត្ត​បែប​ណា​ចំពោះ​ព្រះបាទ​ស៊ីហុន និង​ព្រះបាទ​អុក ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី នៅ​ខាង​កើត​ទន្លេ​យ័រដាន់​ គឺ​ពួក​លោក​បាន​បំផ្លាញ ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់។ ១១ ពេល​ឮ​គេ​និយាយ​ដូច្នេះ យើង​ខ្ញុំ​ក៏​អស់​ទឹក​ចិត្ត ហើយ​ម្នាក់ៗ​ដូច​ជា​លោះ​ព្រលឹង​នៅ​ចំពោះ​មុខ​ពួក​លោក ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​លោក ជា​ព្រះ​ដែល​គង់​នៅ​លើ​មេឃ​ដ៏​ខ្ពស់​បំផុត ហើយ​ទ្រង់​ក៏​គង់​នៅ​ផែនដី​ខាង​ក្រោម​នេះ​ដែរ។ ១២ ឥឡូវ​នេះ សូម​លោក​ទាំង​ពីរ​ស្បថ អោយ​នាង​ខ្ញុំ ដោយ​យក​ព្រះអម្ចាស់​ ជា​សាក្សី​ថា នាង​ខ្ញុំ​បាន​ជួយ​លោក​ទាំង​ពីរ​ដោយ​សប្បុរស​យ៉ាង​ណា សូម​លោក​ជួយ​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ដោយ​សប្បុរស​យ៉ាង​នោះ​ដែរ។ សូម​ទុក​សញ្ញា​មួយ​ជា​ភស្ដុតាង​អោយ​នាង​ខ្ញុំ​បាន​ដឹង​ច្បាស់​ថា ១៣ ពួក​លោក​នឹង​អនុគ្រោះ​ ដល់​ជីវិត​ឪពុក​ម្ដាយ បង​ប្អូន ប្រុស​ស្រី​របស់​នាង​ខ្ញុំ ព្រម​ទាំង​ក្រុម​ញាតិ​ទាំង​អស់​របស់​គាត់ គឺ​សូម​ជួយ​គេ​ទាំង​អស់​គ្នា​អោយ​បាន​រួច​ជីវិត​ផង»។ ១៤ បុរស​ទាំង​ពីរ​ឆ្លើយ​ថា៖ «ប្រសិន​បើ​ពួក​នាង​មិន​យក​រឿង​របស់​យើង​ទៅ​បរិហារ​ប្រាប់​គេ​ទេ​នោះ យើង​នឹង​យក​ជីវិត​របស់​យើង​មក​ធានា​ជីវិត​របស់​ពួក​នាង។ កាល​ណា​ព្រះអម្ចាស់​ប្រគល់​ស្រុក​នេះ​អោយ​យើង​ហើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​សប្បុរស និង​ស្មោះ​ត្រង់»។ ១៥ បន្ទាប់​មក នាង​បាន​ដាក់​ខ្សែពួរ​អោយ​បុរស​ទាំង​ពីរ​ចុះ​តាម​បង្អួច ព្រោះ​ផ្ទះ​របស់​នាង​សង់​ជាប់​នឹង​កំពែង​ក្រុង គឺ​ស្ថិត​នៅ​លើ​កំពែង​នោះ​តែ​ម្ដង។ ១៦ នាង​និយាយ​ទៅ​កាន់​បុរស ​ទាំង​ពីរ​ថា៖ «សូម​រត់​ទៅ​កាន់​ភ្នំ​ទៅ ដើម្បី​កុំ​អោយ​គេ​ដេញ​តាម​ទាន់! សូម​ពួន​នៅ​ទី​នោះ​ចំនួន​បី​ថ្ងៃ ចាំ​ពួក​អ្នក​ដែល​ដេញ​តាម​ត្រឡប់​មក​វិញ រួច​សឹម​អញ្ជើញ​បន្ត​ដំណើរ​ទៅ​ទៀត»។ ១៧ បុរស​ទាំង​ពីរ​ពោល​ទៅ​កាន់​នាង​ថា៖ «យើង​នឹង​ធ្វើ​តាម​ពាក្យ​ដែល​នាង​បាន​សុំ​អោយ​យើង​ស្បថ តែ​នាង​ត្រូវ​ធ្វើ​ដូច​ត​ទៅ ១៨ ពេល​ណា​យើង​ចូល​មក​ ក្នុង​ស្រុក​នេះ នាង​ត្រូវ​ចង​ខ្សែ​ពណ៌​ក្រហម នៅ​មាត់​បង្អួច​ដែល​នាង​បាន​អោយ​យើង​ចុះ​នោះ។ បន្ទាប់​មក ចូរ​ប្រមូល​ឪពុក​ម្ដាយ បង​ប្អូន និង​ក្រុម​គ្រួសារ​ទាំង​មូល អោយ​មក​ជួបជុំ​ជា​មួយ​នាង។ ១៩ ប្រសិន​បើ​នរណា​ម្នាក់​ ចេញ​ទៅ​ក្រៅ​ផ្ទះ គេ​នឹង​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង យើង​មិន​រ៉ាប់រង​ទទួល​ខុស​ត្រូវ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​មាន​ពួក​យើង​ប្រហារ​ជីវិត​នរណា​ម្នាក់​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង ពួក​យើង​នឹង​ទទួល​ខុស​ត្រូវ! ២០ ប៉ុន្តែ បើ​នាង​យក​រឿង​របស់​យើង​ទៅ​បរិហារ​ប្រាប់​គេ យើង​នឹង​បាន​រួច​ពី​សម្បថ ដែល​នាង​សុំ​អោយ​យើង​ស្បថ​នោះ»។ ២១ នាង​ឆ្លើយ​ថា៖ «ចា៎ស សូម​អោយ​សំរេច​តាម​ពាក្យ​របស់​លោក​ទាំង​ពីរ​ចុះ!»។ បន្ទាប់​មក នាង​បាន​សុំ​អោយ​គេ​ចេញ ហើយ​គេ​ក៏​ចេញ​ដំណើរ​ទៅ។ នាង​បាន​ចង​ខ្សែ​ពណ៌​ក្រហម​នៅ​មាត់​បង្អួច។

២២ បុរស​ ទាំង​ពីរ​ធ្វើ​ដំណើរ​ទៅ​ដល់​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បី​ថ្ងៃ រហូត​ទាល់​តែ​ពួក​ដែល​ដេញ​តាម​ត្រឡប់​មក​វិញ។ ពួក​អ្នក​ដេញ​តាម​នោះ​បាន​រក​គេ​ហូរហែ​តាម​ផ្លូវ តែ​មិន​ឃើញ​សោះ។ ២៣ បន្ទាប់​មក បុរស​ទាំង​ពីរ​បាន​ចុះ​ពី​ភ្នំ ឆ្លង​កាត់​ទន្លេ​យ័រដាន់ វិល​ទៅ​ជួប​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន​វិញ ហើយ​ជំរាប​លោក នូវ​ហេតុការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​ដល់​ពួក​គេ។ ២៤ បុរស​ទាំង​ពីរ​ជំរាប​លោក​យ៉ូស៊ូអា​ថា៖ «ព្រះអម្ចាស់​ ពិត​ជា​បាន​ប្រគល់​ទឹក​ដី​នេះ​ទាំង​មូល​មក​អោយ​យើង​កាន់​កាប់​មែន សូម្បី​តែ​ប្រជាជន​ក្នុង​ស្រុក ក៏​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​យើង​ទាំង​អស់​គ្នា​ដែរ»។