លោកយ៉ូស៊ូអា (១៩)

ទឹក​ដី​របស់​កុលសម្ព័ន្ធ​ស៊ីម៉ូន
 ឆ្នោត​លើក​ទី​ពីរ ត្រូវ​ចំ​លើ​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​ស៊ីម៉ូន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​ស្ថិត​នៅ​ចំ​កណ្ដាល​ទឹក​ដី​របស់​កូន​ ចៅ​យូដា។ ២ ពួក​គេ​បាន​ទទួល​ក្រុង​ដូច​ត​ទៅ ទុក​ជា​មត៌ក គឺ​បៀរសេបា សេបា ម៉ូឡាដា  ហាតសា-ស៊ូអាល បាឡា អេតសែម  អែលតូឡាថ បេទូល ហ៊រម៉ា  ស៊ីគឡាក់ បេត-ម៉ាកាបុត ហាតសា-សូសា ៦ បេត-ឡេបូត សារូហេន គឺ​មាន​ទាំង​អស់​ដប់​បី​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ ក្រុង​ឯ​ទៀតៗ​មាន: អៃយីន រីម៉ូន អេទែរ និង​ អាសន គឺ​មាន​ទាំង​អស់​បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ ៨ បន្ទាប់​មក មាន​ស្រុក​ភូមិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​ក្រុង​ទាំង​នោះ រហូត​ដល់​បាឡាត-បៀរ គឺ​រ៉ាម៉ាត់​ខាង​ត្បូង។ នេះ​ហើយ​ទឹក​ដី ដែល​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​ស៊ីម៉ូន តាម​អំបូរ​របស់​ពួក​គេ។ ដោយ​ទឹក​ដី​ដែល​ជា​ចំណែក​ មត៌ក​របស់​កូន​ចៅ​យូដា​ធំ​ពេក គេ​ក៏​បាន​យក​មួយ​ចំណែក មក​ចែក​អោយ​កូន​ចៅ​ស៊ីម៉ូន។ ហេតុ​នេះ ទើប​ទឹក​ដី​របស់​កូន​ចៅ​ស៊ីម៉ូន ស្ថិត​នៅ​កណ្ដាល​ទឹក​ដី​យូដា។

ទឹក​ដី​របស់​កុលសម្ព័ន្ធ​សាប៊ូឡូន
១០ ឆ្នោត​លើក​ទី​បី ត្រូវ​ចំ​លើ​កូន​ចៅ​សាប៊ូឡូន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​របស់​គេ​លាត​សន្ធឹង​រហូត​ដល់​សារីដ។ ១១ ព្រំប្រ​ទល់​​ឡើង​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ម៉ារ៉ាឡា ហើយ​ទៅ​ដល់​ដាបេសេត និង​រហូត​ទៅ​ដល់​ទឹក​ធ្លាក់ ដែល​នៅ​ទល់​មុខ​នឹង​យុកណាម។ ១២​​​​​​ ពី​សារីដ ព្រំប្រទល់​នេះ​បត់​ទៅ​ទិស​ខាង​កើត ដល់​ព្រំប្រទល់​ស្រុក​គីស្លូត-តាប៊រ បន្ត​ទៅ​ដល់​ដាប្រាត ហើយ​ឡើង​ទៅ​យ៉ាព្យា។ ១៣ បន្ទាប់​មក ព្រំប្រទល់​នេះ​បន្ត​ទៅ​ខាង​កើត​រហូត​ដល់​កាតាហេភែរ អ៊ីតា-កាតស៊ីន ហើយ​ទៅ​ដល់​រីម៉ូន រួច​បត់​ទៅ​ណេអា។ ១៤ ព្រំប្រទល់​នេះ​វាង​ទៅ​ខាង​ជើង​ហាណាថូន ហើយ​ទៅ​ដល់​ជ្រោះ​យីបតាអែល។ ១៥ ទឹក​ដី​នេះ​មាន​ទាំង​ អស់​ដប់ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង ក្នុង​ចំណោម​ក្រុង​ទាំង​នោះ មាន​កាតាត ណាហាឡាល់ ស៊ីមរ៉ូន យីដាឡា និង​បេថ្លេហិម​ជា​ដើម។ ១៦ ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​សាប៊ូឡូន តាម​អំបូរ​របស់​ពួក​គេ។

ទឹក​ដី​របស់​កុលសម្ព័ន្ធ​អ៊ីសាកា
១៧ ឆ្នោត​លើក​ទី​បួន ត្រូវ​ចំ​លើ​កូន​ចៅ​អ៊ីសាខារ តាម​អំបូរ​របស់​ពួក​គេ។ ១៨ ទឹក​ដី​របស់​គេ មាន​ក្រុង​យីសរេអែល កេស៊ូឡូត ស៊ូណេម ១៩ ហាផារ៉ាអ៊ីម ស្យ៉ូន អាណាហារ៉ាត ២០ រ៉ាប់ប៊ីត គីស៊ីយ៉ូន អាបេស ២១ រេមេត អេន-កានីម អេន-ហាដា បេត-ប៉ាត់សេ។ ២២ ព្រំប្រទល់​នៃ​ទឹក​ដី​ នេះ​ភ្ជាប់​ទៅ​នឹង​ក្រុង​តាប៊រ សាហាត់ស៊ីម៉ា បេត​សេមែស ហើយ​ទៅ​ដល់​ទន្លេ​យ័រដាន់។ មាន​ទាំង​អស់​ដប់​ប្រាំ​មួយ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ ២៣ ក្រុង និង ​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីសាកា តាម​អំបូរ​របស់​ពួក​គេ។

ទឹក​ដី​របស់​កុលសម្ព័ន្ធ​អស៊ែរ
២៤ ឆ្នោត​លើក​ទី​ប្រាំ ត្រូវ​ចំ​លើ​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​អស៊ែរ តាម​អំបូរ​របស់​ពួក​គេ។ ២៥ ទឹក​ដី​របស់​គេ​មាន​ក្រុង​ហែលកាថ ហាលី បេតែន អាកសាប ២៦ អាឡាមេឡេក អាម៉ាដ មីសាល។ នៅ​ទិស​ខាង​លិច ព្រំប្រទល់​នៃ​ទឹក​ដី​នេះ​ទៅ​ដល់​ភ្នំ​កាមែល ដោយ​កាត់​តាម​ស៊ីហ៊រ-លីបណាថ។ ២៧ នៅ​ខាង​កើត ព្រំប្រទល់​ឡើង​ទៅ​ដល់​បេតដាកូន ជាប់​នឹង​ទឹក​ដី​សាប៊ូឡូន និង​ជ្រលង​ភ្នំ​យីបតាអែល រួច​បត់​ទៅ​ទិស​ខាង​ជើង ដល់​បេតអេមេក និង​ណេយែល ហើយ​កាត់​តាម​ខាង​ឆ្វេង​ក្រុង​កាប៊ូល ២៨ ទៅ​ដល់​អេប្រូន រេហូប ហាម៉ូន និង​កាណា រហូត​ដល់​ក្រុង​ស៊ីដូន​មហា​នគរ។ ២៩ បន្ទាប់​មក ព្រំប្រទល់​នេះ​បត់​ឆ្ពោះ​ទៅ​រ៉ាម៉ា រហូត​ដល់​បន្ទាយ​ទីរ៉ុស និង​ហូសា​រួច​ទៅ​ដល់​សមុទ្រ​មេឌីទែរ៉ាណេ ដោយ​កាត់​តាម​ភូមិ​ភាគ​អាកស៊ីប។ ៣០ ​បន្ទាប់​មក មាន​ក្រុង​អ៊ូម៉ា អាផេក និង​រេហូប។ មាន​ទាំង​អស់​ម្ភៃ​ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ ៣១ ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​អស៊ែរ តាម​អំបូរ​របស់​ពួក​គេ។

ទឹក​ដី​របស់​កុលសម្ព័ន្ធ​ណែបថាលី
៣២ ឆ្នោត​លើក​ទី​ប្រាំ​មួយ ត្រូវ​ចំ​លើ​កូន​ចៅ​ណែបថាលី តាម​អំបូរ​របស់​ពួក​គេ។ ៣៣ ព្រំប្រទល់​របស់​គេ​លាត ​សន្ធឹង​ពី​ហេលេប ពី​ដើម​ជ្រៃ​សានណានីម​កាត់​តាម​អាដាមី-ណេកិប និង​យ៉ាប់​ណែល​​រហូត​ទៅ​ដល់​ឡាក់​គូម និង​ទន្លេ​យ័រដាន់។ ៣៤ នៅ​ខាង​លិច ព្រំប្រទល់​បត់​ទៅ​អាសណូត-តាប៊រ ហើយ​ទៅ​ដល់​ហ៊ូកុក។ ព្រំប្រ​ទល់​នេះ​ភ្ជាប់​តាម​បណ្ដោយ​ទឹក​ដី​សាប៊ូឡូន ផ្នែក​ខាង​ត្បូង និង​ទឹក​ដី​អស៊ែរ និង​យូដា​ផ្នែក​ខាង​លិច ហើយ​នៅ​ខាង​កើត​មាន​ទន្លេ​យ័រដាន់។ ៣៥ ក្រុង​ដែល​មាន​កំពែង​ក្នុង​ស្រុក​នេះ គឺ​ស៊ីឌីម ស៊ែរ ហាម៉ាត់ រ៉ាកាត់ គីនេរ៉េត ៣៦ អាដាម៉ា រ៉ាម៉ា ហាត់ស៊រ ៣៧ កេដែស អេដ្រេអ៊ី អេន-ហាត់ស៊រ ៣៨ យីរ៉ន មីកដាល-អែល ហូរេម បេតអាណាត និង​បេតសេមែស។ មាន​ទាំង​អស់​ដប់​ប្រាំ​បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ ៣៩ ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​ណែបថាលី តាម​អំបូរ​របស់​ពួក​គេ។

ទឹក​ដី​របស់​កុលសម្ព័ន្ធ​ដាន់
៤០ ឆ្នោត​លើក​ទី​ប្រាំពីរ ត្រូវ​ចំ​លើ​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​ដាន់ តាម​អំបូរ​របស់​ពួក​គេ។ ៤១ ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​គេ មាន​ក្រុង​សូរ៉ា អេសតូលអៀរ-សេមែស ៤២ សាឡាប៊ីន អៃយ៉ាឡូន យីត-ឡា ៤៣ អេឡូន ទីមណាតា អេក្រូន ៤៤ អែលតេកេ គីបេតូន បាឡាត ៤៥ យេហ៊ូដ បេនេ-បេរ៉ាក់កាថ-រីម៉ូន ៤៦ ស្ទឹងយ៉ារកូន និង​រ៉ាកូន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ទល់​មុខ​ក្រុង​យ៉ុបប៉េ។

៤៧ ពេល​កូន ​ចៅ​ដាន់​បាត់​ទឹក​ដី​របស់​ខ្លួន គេ​ក៏​លើក​ទ័ព​ទៅ​វាយ​ក្រុង​លេសែម ហើយ​ដណ្ដើម​យក​ក្រុង​នោះ​បាន។ ពួក​គេ​បាន​កាប់​សម្លាប់​អ្នក​ក្រុង​ដោយ​មុខ​ដាវ ហើយ​កាន់​កាប់​ក្រុង​នោះ។ ពួក​គេ​ក៏​តាំង​ទី​លំនៅ​ក្នុង​ក្រុង​នោះ ហើយ​ដូរ​ឈ្មោះ​ក្រុង​លេសែម​ថា «ដាន់» តាម​ឈ្មោះ​បុព្វបុរស​របស់​គេ​វិញ។ ៤៨ ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​ដាន់ តាម​អំបូរ​របស់​ពួក​គេ។

ចំណែក​មត៌ក​របស់​លោក​យ៉ូស៊ូអា
៤៩ កាល​ជន​ជាតិ​អ៊ីស្រាអែល ​បែង​ចែក​ទឹក​ដី​នៅ​ស្រុក​នោះ តាម​ព្រំប្រទល់​របស់​គេ​នីមួយៗ​រួច​ហើយ គេ​ក៏​ចែក​ទឹក​ដី​មួយ​ចំណែក​ជូន​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន​ទុក​ជា​មត៌ក​ដែរ។ ៥០ ពួក​គេ​បាន​ជូន​ក្រុងទីមណាត-សេរ៉ា នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម តាម​សំណូម​ពរ​របស់​លោក ស្រប​តាម​បញ្ជា​របស់​ព្រះអម្ចាស់។ លោក​បាន​សង់​ទីក្រុង​ឡើង​វិញ រួច​តាំង​ទី​លំនៅ នៅ​ទី​នោះ។ ៥១ លោក​បូជាចារ្យ*​អេឡា​សារ និង​លោក​យ៉ូស៊ូអា​ជា​កូន​របស់​លោក​នូន ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​របស់​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​ចែក​ទឹក​ដី​ទាំង​នេះ​ជា​មត៌ក​អោយ​ពួក​គេ ដោយ​ចាប់​ឆ្នោត​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ត្រង់​មាត់​ទ្វារ​ព្រះ​ពន្លា​ជួប​ព្រះអម្ចាស់​នៅ​ស៊ីឡូ។ ពួក​គេ​បាន​បែង​ចែក​ស្រុក​នោះ​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ។