លោកយ៉ូស៊ូអា (១៤)

ការ​បែង​ចែក​ទឹក​ដី​ខាង​លិច​ទន្លេ​យ័រដាន់
 ជន​ជាតិ​អ៊ីស្រាអែល​បាន​ ទទួល​ទឹក​ដី​ស្រុក​កាណាន ដែល​លោក​បូជាចារ្យ​អេឡាសារ​ និង​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន ព្រម​ទាំង​អស់​លោក​ដែល​ជា​មេ​ក្រុម​គ្រួសារ​របស់​កុលសម្ព័ន្ធ​នានា​បែង​ចែក​ អោយ​ជា​មត៌ក​ដូច​ត​ទៅ​នេះ គឺ​កុលសម្ព័ន្ធ​ទាំង​ ប្រាំ​បួន និង​កុលសម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្ដាល​ទៀត​បាន​ទទួល​ទឹក​ដី​ជា​មត៌ក​ដោយ​ចាប់​ឆ្នោត ស្រប​តាម​ព្រះបន្ទូល ​ដែល​ព្រះអម្ចាស់​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ ៣ ដ្បិត​កាល​ពី​មុន លោក​ម៉ូសេ​ចែក​ទឹក​ដី​អោយ​កុលសម្ព័ន្ធ​ពីរ និង​កុលសម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្ដាល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​រួច​មក​ហើយ តែ​លោក​ពុំ​បាន​ចែក​ទឹក​ដី​អោយ​កុលសម្ព័ន្ធ​លេវី ដូច​កុលសម្ព័ន្ធ​ឯ​ទៀតៗ​ទេ។ ៤ គេ​ចាត់​ទុក​កូន​ចៅ​លោក​ យ៉ូសែប ជា​កុលសម្ព័ន្ធ​ពីរ គឺ​ម៉ាណាសេ និង​អេប្រាអ៊ីម។ រីឯ​កុលសម្ព័ន្ធ​លេវី​ពុំ​បាន​ទទួល​ទឹក​ដី​ទេ គឺ​ពួក​គេ​ទទួល​តែ​កន្លែង​សំរាប់​ស្នាក់​អាស្រ័យ​នៅ​តាម​ក្រុង​នានា ព្រម​ទាំង​ដីធ្លី​សំរាប់​សត្វ​ពាហនៈ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ប៉ុណ្ណោះ។ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​បែង​ចែក​ស្រុក​នោះ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់ បង្គាប់​មក​លោក​ម៉ូសេ។

លោក​កាលែប​ទទួល​ទឹក​ដី​ហេប្រូន
 កូន​ចៅ​យូដា​បាន​នាំ​គ្នា ​មក​ជួប​លោក​យ៉ូស៊ូអានៅ​គីល​កាល់​។ ពេល​នោះ លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ ក្នុង​អំបូរ​កេណាស មាន​ប្រសាសន៍​មក​កាន់​លោកយ៉ូស៊ូអា​​​ថា៖ «លោក​ជ្រាប​ស្រាប់​ហើយ នូវ​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ នៅ​ស្រុក​កាដេស-បារណេអា ស្ដី​អំពី​យើង​ទាំង​ពីរ គឺ​លោក និង​ខ្ញុំ។

 កាល​នោះ ខ្ញុំ​មាន​អាយុ​សែសិប​ឆ្នាំ លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់​បាន​ចាត់​ខ្ញុំ​ពី​កាដេស-បារណេអា ​អោយ​មក​ស៊ើបការណ៍​នៅ​ស្រុក​នេះ។ ខ្ញុំ​ក៏​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​ទៅ​លោក​វិញ ដោយ​ស្មោះ​ត្រង់។ បង​ប្អូន​ដែល​បាន​ឡើង​មក​ ស៊ើបការណ៍​ជា​មួយ​ខ្ញុំ នាំ​គ្នា​ធ្វើ​អោយ​ប្រជាជន​បាក់​ទឹក​ចិត្ត។ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ នៅ​ថ្ងៃ​នោះ លោក​ម៉ូសេ​បាន​សន្យា​យ៉ាង​ម៉ឺង​ម៉ាត់​ជា​មួយ​ខ្ញុំ​ថា កូន​ចៅ​របស់​ខ្ញុំ ព្រម​ទាំង​ខ្ញុំ នឹង​ទទួល​ទឹក​ដី​ដែល​ខ្ញុំ​ឈាន​ជើង​ជាន់​នេះ​ទុក​ជា​មត៌ក រហូត​ត​ទៅ ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ខ្ញុំ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ១០ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​នេះ​មក​លោក​ម៉ូសេ​កាល​ពី​សែសិប​ប្រាំ​ឆ្នាំ​មុន គឺ​នៅ​គ្រា​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ឆ្លង​កាត់​វាល​រហោស្ថាន។ ព្រះអម្ចាស់​បាន​ទុក​ជីវិត​អោយ​ខ្ញុំ​នៅ​រស់ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ ឥឡូវ​នេះ ខ្ញុំ​មាន​អាយុ​ប៉ែតសិប​ប្រាំ​ឆ្នាំ​ហើយ។ ១១ សព្វ​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ដូច​ថ្ងៃ ដែល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​អោយ​ទៅ​នោះ​ដែរ។ ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ដូច​មុន ល្មម​នឹង​ចេញ​ទៅ​ប្រយុទ្ធ ឬ​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត។ ១២ សូម​ប្រគល់​ស្រុក​ភ្នំ​មក​អោយ​ខ្ញុំ ដ្បិត​នៅ​គ្រា​នោះ ព្រះអម្ចាស់​បាន​សន្យា​ថា នឹង​ប្រទាន​មក​ខ្ញុំ។ នៅ​ថ្ងៃ​ដដែល​នោះ ខ្ញុំ​បាន​ជំរាប​លោក​ស្រាប់​ហើយ​ថា មាន​ជន​ជាតិ​អាណាក់​រស់​នៅ​ទី​នោះ ក្រុង​របស់​គេ​ជា​ក្រុង​ធំៗ ដែល​មាន​កំពែង​យ៉ាង​មាំ។ ប្រសិន​បើ​ព្រះអម្ចាស់​គង់​ជា​មួយ​ខ្ញុំ ខ្ញុំ​មុខ​ជា​វាយ​យក​ក្រុង​ទាំង​នោះ​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​មិន​ខាន ដូច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទុក​ស្រាប់»។

១៣ លោកយ៉ូស៊ូអា​​ក៏​ជូន​ពរ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ រួច​ប្រគល់​ក្រុង​ហេប្រូន​ជូន​លោក ទុក​ជា​មត៌ក។ ១៤ ក្រុង​ហេប្រូន​នៅ​ជា​ កម្មសិទ្ធិ​របស់​កូន​ចៅ​កាលែប ជា​កូន​លោក​យេភូនេ ក្នុង​អំបូរ​កេណាស រហូត​ដល់​សព្វ​ថ្ងៃ​នេះ ព្រោះ​លោក​បាន​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ១៥ កាល​ពី​ដើម ក្រុង​ហេប្រូន​មាន​ឈ្មោះ​ថា គៀរីយ៉ាត-អារបា។ លោក​អារបា​ជា​បុរស​ម្នាក់​ដែល​មាន​មាឌ​ធំ​ជាង​គេ ក្នុង​ចំណោម​ជន​ជាតិ​អាណាក់។

ចាប់​ពី​ពេល​នោះ​មក ស្រុក​ទេស​ក៏​បាន​សុខសាន្តត្រាណ គ្មាន​សង្គ្រាម​ទៀត​ឡើយ។