លោក​យ៉ូស៊ូអា (០១)

(យ៉ូស្វេ)

ការ​វាយដណ្ដើម​យក​ស្រុក​កាណាន
លោក​យ៉ូស៊ូអា​បន្ត​មុខងារ​ពី​លោក​ម៉ូសេ
 ក្រោយ​ពី​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់​បាន​ទទួល​មរណភាព​ផុត​ទៅ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​ជំនួយ​ការ​របស់​លោក​ម៉ូសេ​ថា៖  «ម៉ូសេ​ជា​អ្នក​បំរើ​របស់ ​យើង​បាន​ស្លាប់​ទៅ​ហើយ ឥឡូវ​នេះ ចូរ​អ្នក​ក្រោក​ឡើង ហើយ​នាំ​ប្រជាជន​ទាំង​អស់​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ឆ្ពោះ​ទៅ​កាន់​ស្រុក ដែល​យើង​ប្រគល់​អោយ​ពួក​គេ។ អ្នក​រាល់​គ្នា​ឈាន​ជើង​ជាន់​កន្លែង​ណា យើង​ប្រគល់​អោយ​ទាំង​អស់ ដូច​យើង​បាន​សន្យា​ជា​មួយ​ម៉ូសេ​ស្រាប់​ហើយ​។ ៤ ទឹក​ដី​របស់​អ្នក​រាល់​ គ្នា​នឹង​លាត​សន្ធឹង​ចាប់​តាំង​ពី​វាល​រហោស្ថាន រហូត​ដល់​ភ្នំ​លីបង់ និង​ចាប់​តាំង​ពី​ទន្លេ​អឺប្រាត ដែល​ជា​ទន្លេ​ធំ រហូត​ដល់​សមុទ្រ​ធំ​នៅ​ទិស​ខាង​លិច គឺ​ស្រុក​របស់​ជន​ជាតិ​ហេត​ទាំង​មូល​។

 ជា​រៀង​ រាល់​ថ្ងៃ ក្នុង​ជីវិត​របស់​អ្នក គ្មាន​នរណា​អាច​ប្រឈម​មុខ​តទល់​នឹង​អ្នក​ឡើយ។ យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ធ្លាប់​ស្ថិត​នៅ​ជា​មួយ​ម៉ូសេ​ដែរ។ យើង​នឹង​ជួយ​អ្នក​ជានិច្ច យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ប្រជាជន​នេះ​អោយ​គ្រប់គ្រង​ស្រុក ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ​ថា​នឹង​ប្រគល់​អោយ​ពួក​គេ។  ដូច្នេះ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! ចូរ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាមវិន័យ*​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​ជា​អ្នក​បំរើ​របស់​យើង​បាន​បង្គាប់។ មិន​ត្រូវ​ប្រាស​ចាក​ពីវិន័យ​នេះ ដោយ​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ ធ្វើ​ដូច្នេះ អ្នក​នឹង​ទទួល​ជ័យជំនះ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។  ត្រូវ​ទន្ទេញ​គម្ពីរវិន័យ​នេះ​ជានិច្ច ត្រូវ​រិះគិត​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ទាំង​ប៉ុន្មាន ដើ​ម្បី​អោយ​ការ​អ្វី​ដែល​អ្នក​ធ្វើ បាន​ចំរុង​ចំរើន និង​ទទួល​ជោគ​ជ័យ។  តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ​ថា “ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! កុំ​ភ័យ​ខ្លាច កុំ​តក់ស្លុត​អោយ​សោះ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ”»។

ការ​រៀបចំ​មុន​នឹង​ឆ្លង​ទន្លេ​យ័រដាន់

១០ នៅ​ពេល​នោះ លោក​យ៉ូស៊ូអាបាន​បញ្ជា​ទៅ​ពួក​នាយ​ក្រុម​របស់​ប្រជាជន​ដូច​ត​ទៅ៖ ១១ «ចូរ​នាំ​គ្នា​ដើរ​កាត់ ​ជំរំ ហើយ​ប្រកាស​ប្រាប់​ប្រជាជន​ថា “ចូរ​រៀបចំ​ស្បៀង​អាហារ ដ្បិត​បី​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ដើម្បី​ចូល​ទៅ​វាយ​យក​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​អោយ​ជា​កម្មសិទ្ធិ”»។ ១២ បន្ទាប់​មក លោកយ៉ូស៊ូអាមាន​ប្រសាសន៍​ទៅ​កាន់​កុលសម្ព័ន្ធ*​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ដូច​ត​ទៅ៖ ១៣ «ចូរ​ចង​ចាំ​នូវ​ពាក្យ​ដែល​លោក​ម៉ូសេ​ ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់​បង្គាប់​អ្នក​រាល់​គ្នា​ថា “ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​អោយ​អ្នក​រាល់​គ្នា​បាន​សំរាក គឺ​ព្រះអង្គ​ប្រទាន​ស្រុក​នេះ​អោយ​អ្នក​រាល់​គ្នា​ហើយ”។ ១៤ ប្រពន្ធ កូន ព្រម​ទាំង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​នឹង​ស្ថិត​នៅ​ក្នុង​ស្រុក ដែល​លោក​ម៉ូសេ​បាន​ប្រគល់​អោយ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។ រីឯ​អ្នក​រាល់​គ្នា ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​អង់អាច​វិញ ត្រូវ​ប្រដាប់​អាវុធ ដើរ​ខាង​មុខ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដើម្បី​ជួយ​គេ ១៥ រហូត​ដល់​ព្រះអម្ចាស់​ប្រទាន​អោយ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​បាន​សំរាក​ដូច​អ្នក​រាល់​គ្នា​ដែរ ហើយ​អោយ​ពួក​គេ​កាន់​កាប់​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រទាន​អោយ​ពួក​គេ។ បន្ទាប់​មក អ្នក​រាល់​គ្នា​នឹង​ត្រឡប់​មក​កាន់​កាប់​ស្រុក ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​វិញ គឺ​ស្រុក​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់ បាន​ចែក​អោយ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់»។

១៦ ពួក​គេ​ ឆ្លើយ​ទៅ​លោក​យ៉ូស៊ូអា​ថា៖ «អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​លោក​បង្គាប់​មក​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​គោរព​ធ្វើ​តាម​ទាំង​អស់។ លោក​ចាត់​យើង​ខ្ញុំ​អោយ​ទៅ​ទី​ណា យើង​ខ្ញុំ​នឹង​ទៅ​ទី​នោះ។ ១៧ ​យើង​ខ្ញុំ​ធ្លាប់​ស្ដាប់​បង្គាប់​លោក​ម៉ូសេ​សព្វ​គ្រប់​យ៉ាង​ណា យើង​ក៏​ស្ដាប់​បង្គាប់​លោក​យ៉ាង​នោះ​ដែរ។ សូម​ព្រះអម្ចាស់​ជា​ព្រះ​របស់​លោក​គង់​នៅ​ជា​មួយ​លោក ដូច​ព្រះអង្គ​បាន​គង់​នៅ​ជា​មួយ​លោក​ម៉ូសេ​ដែរ។ ១៨ ប្រសិន​បើ​អ្នក​ណា​ ម្នាក់​ប្រឆាំង​នឹង​បញ្ជា​របស់​លោក ហើយ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​លោក​ទេ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ រីឯ​លោក​វិញ សូម​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង»។