ពាក្យលំនាំ

នាងយូឌីត

​​​​​​អ្នកស្រីយូឌីតជាស្រ្ដីមេម៉ាយម្នាក់ ដែលមានរូបសម្ផស្សល្អស្រស់លើសគេ គួរជាទីចាប់ចិត្ដនៃបុរសទាំងឡាយ។ អ្នកស្រីតែងតែ​គោរពបម្រើព្រះជាម្ចាស់ ដោយចិត្ដស្មោះ។ នៅពេលកងទ័ពខ្មាំងសត្រូវចូលមកលុកលុយស្រុកយូដា ក្នុងគោលបំណងបំផ្លាញស្រុក​ និង សម្លាប់ប្រជាជនឲ្យវិនាសអន្ដរាយ អ្នកស្រីយូឌីតជឿសង្ឃឹមលើព្រះជាម្ចាស់ ហ៊ានចេញទៅជួបមេទ័ពរបស់ខ្មាំងតែម្នាក់ឯង ហើយកាត់កមេទ័ពនោះទៀតផង។ ដូច្នេះ នាងបានសង្គ្រោះប្រជាជនរបស់ព្រះអង្គ។ អ្នកស្រីយូឌីត ក៏ដូចព្យាការីនីដេបូរា (វរ ៤-៥) ឬ ព្រះនាងអេសធែរដែរ។

អ្នកនិពន្ធរឿងនេះ មិនមែននិពន្ធតាបប្រវត្ដិសាស្រ្ដទេ! ឧប.ថា គេហៅព្រះចៅនេប៊ូកានេសារ ជាព្រះមហាក្សត្រស្រុកបាប៊ីឡូនថា​ «ព្រះមហាក្សត្រស្រុកអាស្ស៊ីរី!» ព្រឹត្ដិការណ៍ខ្លះបញ្ជាក់ថាជនជាតិយូដាដែលជាប់ជាឈ្លើយ ធ្វើមាតុភូមិនិវត្ដន៍រួចហើយ (៤,៣,៥, ១១)។ ប៉ុន្ដែ តាមប្រវត្ដិសាស្ដ្រ ព្រះចៅនេប៊ូកានេសារនេះ បានកៀរពួកគេទៅធ្វើជាឈ្លើយ! គ្មាននរណាស្គាល់ក្រុងបេតធូលី និង កន្លែងផ្សេងៗទៀតឡើយ (៤,៧; ៦,១១-១២; ៧,១២។ល។)

​ដូច្នេះ អ្នកវិភាគតែងសន្និដ្ឋានថា ប្រហែលមានព្រឹត្ដិការណ៍បែបនេះ កើតឡើងនៅជំនាន់ជនជាតិពែរ្យគ្រប់គ្រងមជ្ឈិមបូព៌ា  កណ្ឌនេះជារឿងនិទានដែលគេប្រឌិតឡើង ប៉ុន្ដែ នៅពេលក្រោយ គេកែច្នៃ និងបន្ថែសេចក្ដីឯទៀតៗ ប្រឌិតឡើងតាមរបៀបជន​ជាតិយូដា ហៅថា «មីត្រាស់» ដើម្បីដាស់តឿងជនជាតិយូដាដែលជួបឧបសគ្គជាច្រើន ឲ្យជឿសង្ឃឹមលើព្រះជាម្ចាស់ជានិច្ច! ព្រះ​អង្គតាមថែរក្សាការពារប្រជារាស្រ្ដរបស់ព្រះអង្គ!

គេនិពន្ធនៅជំនាន់ប្របាទ អន់ទីយ៉ូគូស អេភីផាន (១៧៥-១៦៤) មុន គ.ស. ធ្វើបាបប្រជាជន។ ដូច្នេះ អ្នកនិពន្ធមានគោលបំណង ប្រហាក់ប្រហែលនឹងគោលបំណងរបស់អ្នកនិពន្ធកណ្ឌ ដានីអែល។ ឈ្មោះ «យូឌីត» មានអត្ថន័យថា «ស្រ្ដីជនជាតិយយូដា» គឺជារូបតំណាងប្រជារាស្រ្ដរបស់ព្រះជាម្ចាស់។ ព្រះអង្គ មិនលះបង់ចោលប្រជារាស្រ្ដរបស់ព្រះអង្គឡើយ!។