នាងយូឌីត (០៩)

ពាក្យ​អង្វរ​របស់​នាង​យូឌីត
១​នៅ​ពេល​គេ​នាំ​គ្នា​ថ្វាយ​គ្រឿង​ក្រអូប​ពេល​ល្ងាច​ក្នុង​ព្រះ​វិហារ នៅ​ក្រុង​យេរូសាឡឹម នាង​យូឌីត​ក្រាប​មុខ​ដល់​ដី រោយ​ផេះ​នៅ​លើ​ក្បាល​ហើយ​លេច​ចេញ​អាវ​ធ្វើ​ពី​បាវ ដែល នាង​តែង​តែ​ពាក់​ជាប់​ក្នុង​សម្លៀក​បំពាក់​របស់​នាង។ ២​នាង​បន្លឺ​សំឡេង​ខ្លាំង​ៗ ទូល​អង្វរ​ព្រះ​អង្គ​ម្ចាស់​ថា៖ «ឱ​ព្រះ​អង្គ​ម្ចាស់​អើយ! ព្រះ​អង្គ​ជា​ព្រះ​របស់​លោក​ស៊ីម៉ូន​ជា​បុព្វ​បុរស​របស់​នាងខ្ញុំ។ ព្រះ​អង្គ​បាន​ប្រទាន​ដាវ​មក​ក្នុង​ដៃ​លោក ដើម្បី​ដាក់​ទោស​ជន​ជាតិ​ដទៃ ដែល​រំលោភ​លើ​រូប​កាយ ប្អូន​ស្រី​របស់​លោក។ ពួក​វា​បាន​ហែក​សម្លៀក​បំពាក់​របស់​នាង ហើយ​ធ្វើ​ឲ្យ​នាង​អាម៉ាស់ ពួកវា​រំលោភ​នាង​យ៉ាង​ព្រៃ​ផ្សៃ គឺ​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ អង្គ​មិន​ឲ្យ​ប្រព្រឹត្ត។ ៣​ហេតុ​នេះ​ហើយ​ បាន​ជា​ព្រះ​អង្គ​ប្រគល់​មេ​ដឹក​នាំ​របស់​គេ ឲ្យ​លោក​ស៊ីម៉ូន​បញ្ឆោត​       យក​ទៅ​ប្រហារ​ជីវិត​ចោល​អស់។ រីឯ​គ្រែ​ដែល​ជា​កន្លែង​ដែល​ពួកវា​បាន​បញ្ឆោត​នាង​នោះ ត្រូវ​ជោគ​ជាំ​ដោយ​ឈាម​របស់​គេ​ដែរ។ ព្រះ​អង្គ​បាន​ប្រហារ​ជីវិត​ទាំង​ខ្ញុំ​បម្រើ​ទាំង​ចៅហ្វាយ​របស់​ពូក​គេ ព្រះ​អង្គ​ក៏​បាន​ប្រហារ​ជីវិត​មេ​ដឹក​នាំ នៅ​លើ​រាជ​បល្ល័ង្ក​ដែរ។ ៤​ព្រះ​អង្គ​បាន​ប្រគល់​ប្រពន្ធ និង​កូន​ស្រី​របស់​ពួក​គេ​ឲ្យ​ជន​ជាតិ អ៊ីស្រាអែល​កៀរ​យក​ទៅ​ជា​ឈ្លើយ និង​ជា​ទាសី។ ព្រះ​ក៏​បាន​ប្រគល់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជា​រាស្ត្រ​ដ៏​ជា​ទី​ស្រលាញ់​របស់​ព្រះ​អង្គ ដែល​ខិត​ខំ​គោរព​បម្រើ​ព្រះ​អង្គ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​មក​ចែក​គ្នា​ ដ្បិត​គេ​ស្អប់​ហើយ​នាំ​គ្នា​អង្វរ​ព្រះ​អង្គរ។ ឱ​ព្រះជាម្ចាស់​ជា​ព្រះ​របស់​នាង​ខ្ញុំ​អើយ! សូម​ព្រះ​អង្គ​មេត្តា​ស្ដាប់​ពាក្យ​អង្វរ​របស់​នាង​ខ្ញុំ ជា​ស្ត្រី​មេ​ម៉ាយ​ផង! មាន​តែ​ព្រះ​អង្គ​ទេ​ដែល​ធ្វើ​ឲ្យ​ព្រឹត្តិ​ការណ៍​ជំនាន់​ដើម ព្រឹត្តិ​ការណ៍​សព្វ​ថ្ងៃ​នេះ និង​ព្រឹត្តិ​ការណ៍​អនាគត​កើត​ឡើង​បាន។ ព្រឹត្តិ​ការណ៍​ទាំង​អស់​កើត​ឡើង តាម​គម្រោង​ការ​របស់​ព្រះអង្គ។ ព្រឹត្តិការណ៍​ទាំង​អស់​ដែល​ព្រះ​អង្គ​គ្រោង​ទុក​បាន​មក​ដល់ ហើយ​ទូល​ព្រះ​អង្គ​ថា៖ «យើង​មក​ដល់​ហើយ»។ រាល់​កិច្ច​ការ​របស់​ព្រះ​អង្គ​សុទ្ធ​តែ​បាន​គ្រោង​ទុក​ជា​មុន។ ហើយ​ព្រះ​អង្គ​តែង​ជ្រាប​អ្វីៗ​ទាំង​អស់​ជាមុន។ ៧​ឥឡូវ​នេះ សូម​ព្រះ​អង្គ​ទត​មើល​ជន​ជាតិ​អាស្ស៊ីរី​លើក​ទ័ព​ទាំង​អស់ មក​ទីនេះ។ ពួកគេ​អួត​អាង ​ដោយ​មាន​កង​ទ័ព​សេះ​ជា​ច្រើន។ គេ​វាយ​ឫក​ដោយ​អាង​កម្លាំង​ថ្មើរ​ជើង គេ​ពឹង​ផ្អែក​លើ គ្រឿង​សស្ត្រាវុធ​គ្រប់​ធុន​របស់​គេ។ ប៉ុន្តែ​ពួក​គេ​មិន​ស្គាល់​ព្រះ​អង្គ​ពិត​ជា ព្រះ​អម្ចាស់​ដែល​អាច​ពន្លត់​ភ្លើង​សង្គ្រាម​បាន​ឡើយ។ ៨​ព្រះ​អង្គ​មាន​ព្រះ​នាម​ថា​ព្រះ​អម្ចាស់។ សូម​ព្រះ​អង្គ​សម្ដែង​ឫទ្ធា​នុភាព មក​បំបាត់​ភាព​ឃោរឃៅ​របស់​ពួក​គេ​ផង សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​ពិរោធ បង្ក្រាប​កម្លាំង​របស់​ពួក​គេ​ដោយ​ព្រះ​ចេស្ដា​របស់​ព្រះ​អង្គ។ ពួក​គេ​មាន​គម្រោង​បន្ទាប បន្ថោក​ព្រះ​វិហារ​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ ហើយ​ធ្វើ​ឲ្យ​ព្រះ​ពន្លា​ជា​កន្លែង​តាំង​ព្រះ​នាម​ដ៏​រុង​រឿង​របស់​ព្រះ​អង្គ​គង់​នៅ ត្រូវ​សៅ​ហ្មង ព្រម​ទាំង​រំលំ​អាសនៈ​របស់​ព្រះ​អង្គ​ចោល​ទៀត​ផង។ ៩​សូម​ព្រះ​អង្គ​ទត​មើល​ចុះ ពួក​គេ​អួត​អាង​ខ្លាំង​ណាស់! សូម​ព្រះ​អង្គ​ពិរោធ​បង្ក្រាប​ពួក​គេ​ផង! សូម​ប្រោស​ប្រទាន​ឲ្យ​នាង​ខ្ញុំ​ជា​ស្រ្តី​មេ​ម៉ាយ មាន​កម្លាំង​អនុវត្ត​គម្រោង​ការ​ដែល​នាង​ខ្ញុំ​បាន​រៀប​ចំ ១០​សូម​ប្រហារ​ទាំង​ទាសា​ទាសី ទាំង​ចៅហ្វាយ ទាំង​មេទ័ព និង​ទាំង​ពល​ទាហាន​របស់​គេ​ ដោយ​សារ​តែ​ពាក្យ​បញ្ឆោត​របស់​នាង​ខ្ញុំ​ផង។ សូម​ឲ្យ​ការ​អូត​បំប៉ោង​របស់​ពួក​គេ ត្រូវ​កម្ទេច​ដោយ​សារ​តែ​ដៃ​ស្ត្រី​ម្នាក់។ ១១​ឫទ្ធានុភាព​របស់​ព្រះ​អង្គ​ មិន​មែន​ស្ថិត​លើ​ពល​ទាហាន​ដ៏​ច្រើន​នោះ​ទេ​ឫទ្ធិ​បារមី​របស់​ព្រះ​អង្គ​ក៏​មិន​អាស្រ័យ​លើ​អ្នក​កាន់​អំណាច​ដែរ គឺ​ព្រះ​ពិត​ជា​ព្រះ​របស់​មនុស្ស​ទន់​ទាប ព្រះ​អង្គ​តែង​សង្គ្រោះ​អ្នក​តូច​តាច​ការពារ​ជន​ទន់​ខ្សោយ គាំទ្រ​ជន​ដែល​គ្មាន​ទីពឹង​ហើយ​សង្គ្រោះ ជន​ដែល​អស់​សង្ឃឹម។ ១២​ឱ​ព្រះ​របស់​ដូន​តា​ឪពុក​នាង​ខ្ញុំ​អើយ! ព្រះ​អង្គ​ជា​ព្រះ​របស់​ប្រជា​ជន​អ៊ីស្រាអែល ដែល​ជា​ប្រជា​រាស្ត្រ​ផ្ទាល់​របស់​ព្រះ​អង្គ! ព្រះ​អង្គ​ជា​ព្រះ​ផ្ទៃ​មេឃ និង​ផែន​ដី​ព្រះ​អង្គ​បាន​បង្កើត​ទឹក ហើយ​ជា​ព្រះ​មហា​ក្សត្រ​នៃ​សត្វ​លោក​ទាំង​ឡាយ! សូម​ទ្រង់​ព្រះ​សណ្ដាប់ ពាក្យ​អង្វរ​របស់​នាង​ខ្ញុំ​ផង។ ១៣​សូម​ឲ្យ​អស់​អ្នក​ដែល​មាន​គម្រោង​ការ​ដ៏​អាក្រក់ ចង់​ប្រឆាំង​នឹង​សម្ព័ន្ធ​មេត្រី​របស់​ព្រះ​អង្គ ចង់​បំផ្លាញ​ព្រះ​វិហារ​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ ចង់​បំផ្លាញ​កំពូល​ភ្នំ​ស៊ីយ៉ូន និង​ទឹក​ដី​របស់​ប្រជា​ជន​ព្រះ​អង្គ ត្រូវ​របួស​នឹង​ស្លាប់​ដោយ​សារ​ពាក្យ​សំដី​របស់​នាង​ខ្ញុំ​បញ្ឆោត​គេ។ ១៤សូម​ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​ប្រជា​ជាតិ និង​កុល​សម្ព័ន្ធ​ទាំង​ឡាយ​ទទួល​ស្គាល់​ថា ព្រះ​ពិត​ជា​ព្រះ​ជា​ម្ចាស់​ប្រកប​ដោយ​ឫទ្ធានុភាព និង​ព្រះ​ចេស្ដា​គ្រប់​បែប​យ៉ាង​គ្មាន​ព្រះ​ឯណា​ក្រៅ​ពី​ព្រះ​អង្គ ដែល​តាម​ថែ​រក្សា ការ​ពារ​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ»។