នាងយូឌីត (០៨)

នាង​យូឌីត
១​នៅ​គ្រា​នោះ នាង​យូឌីត​ឮ​ដំណឹង​ពី​ព្រឹត្តិការណ៍​នេះ។ នាង​ជា​កូន​របស់​លោក​មេរ៉ារី ដែល​ជា​កូន​របស់​លោក​អូស ជា​កូន​របស់​លោក​យ៉ូសែប ជា​កូន​របស់​លោក​អូស៊ីអែល ជា​កូន​របស់​លោក​អែល​គីយ៉ា ជា​កូន​របស់​លោក​អាណនី ជា​កូន​របស់​លោក​កេដេអូន ជា​កូន​របស់​លោក​រ៉ាផាអ៊ីន ជា​កូន​របស់​លោក​អាគីតូប ជា​កូន​របស់​លោក​អេលី ជា​កូន​របស់​លោក​ខេល​គីយ៉ា ជា​កូន​របស់​លោក​អេលីយ៉ាប ជា​កូន​របស់​លោក​សាឡា​មីអែល ជា​កូន​របស់​លោក​សារ៉ា​សាដៃ ជា​កូន​របស់​លោក​អ៊ីស្រាអែល។ ២​ស្វាមី​របស់​នាង​យូឌីត​ឈ្មោះ​ម៉ាណាសេ ដែល​ស្ថិត​នៅ​ក្នុង​កុលសម្ព័ន្ធ​តែ​មួយ ហើយ​ត្រូវ​ជា​សាច់​ញាតិ​នឹង​នាង​ផង។ លោក​ម៉ាណា​សេ​បាន​ទទួល​មរណ​ភាព​នៅ​រដូវ​ចម្រូត។ ៣ ពេល​លោក​ដើរ​ពិនិត្យ​មើល​ពួក​អ្នក​ចង​កណ្ដាប់​ស្រូវ ដោយ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង គាត់​ក៏​ឈឺ​ទៅ​សម្រាក​នៅ​ឯ​ផ្ទះ។ លោក​ទទួល​មរណ​ភាព​នៅ​ក្រុង​បេតធូលី ជា​ក្រុង​ដែល​គាត់​រស់​នៅ។ គេ​បញ្ចុះ​សព លោក​រួម​ជាមួយ​ដូន​តា​របស់​លោក​ ក្នុង​ចម្ការ​ដែល​ស្ថិត​នៅ​ចន្លោះ​ក្រុង​ដូតន និង​បាឡា​ម៉ូន។ ៤​នាង​យូឌីត​រស់នៅ​ជា​ស្ត្រី​មេម៉ាយ អស់​រយៈ​ពេល​បី​ឆ្នាំ បួន​ខែ​កន្លង​មក​ហើយ។ ៥​នាង​តែង​តែ​ស្លៀក​បាវ ​ពី​ក្រោម​សម្លៀក​បំពាក់​របស់​ស្ត្រី​មេម៉ាយ។ នាង​តែង​តែ​នៅ​ក្នុង​បន្ទប់​មួយ​ដែល​នាង​សង់​នៅ​លើ​ផ្ទះ​របស់​នាង។ ៦​តាំង​ពី​ប្ដី​របស់​នាង​ទទួល​មរណ​ភាព​មក នាង​តែង​តែ​តម​អាហារ ជា​រៀង​រាល់​ថ្ងៃ លើក​លែង​តែ​ថ្ងៃ​សប្ប័ទ ថ្ងៃ​មុន​ថ្ងៃ​សប្ប័ទ ថ្ងៃ​ចូល​ខែ​ថ្មី ថ្ងៃ​ដាច់​ខែ ថ្ងៃ​បុណ្យ និង​ថ្ងៃ ដែល​ជន​ជាតិ​អ៊ីស្រាអែល​នាំគ្នា​សប្បាយ​រីករាយ។ ៧​នាង​មាន​រូប​ឆោម​ស្រស់​ល្អ គួរ​ឲ្យ​ចាប់​ចិត្ត។ លោក​ម៉ាណា​សេ​ជា​ស្វាមី បាន​បន្សល់​ទុក​នូវ​មាស​ប្រាក់ អ្នក​បម្រើ​ស្រី​ប្រុស ហ្វូង​សត្វ ស្រែ​ចម្ការ សម្រាប់​នាង​ប្រើ​ប្រាស់​ជា ច្រើន។ នាង​បាន​ថែ​រក្សា​ទ្រព្យ​សម្បត្តិ​ទាំង​នោះ ដោយ​ប្រយ័ត្ន​ប្រយែង​ជា​ទី​បំផុត។ ៨​គ្មាន​នរណា​និយាយ​អាក្រក់​ពី​នាង​ទេ ព្រោះ​នាង​គោរព​កោត​ខ្លាច​ព្រះ​ជា​ម្ចាស់ យ៉ាង​ខ្លាំង។ ៩​នាង​បាន​ឮ​ដំណឹង​ថា ប្រជា​ជន​ក្រុង​បេតធូលី​ពោល​ពាក្យ​រិះ​គន់​លោក​អូស្យាស ដែល​ជា​អ្នក​ដឹក​នាំ ព្រោះ​ពួក​គេ​បាក់​ទឹក​ចិត្ត​ដោយ​គ្មាន​ទឹក។ នាង​យូឌីត​ក៏​ដឹង​ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​អូស្យាស​បាន​ឆ្លើយ​តប​ ទៅ​ពួក​គេ​ដោយ​សន្យា​ថា​ប្រាំ​ថ្ងៃ​ទៀត លោក​សុខ​ចិត្ត​ប្រគល់​ក្រុង​ទៅ​ឲ្យ​ជន​ជាតិ​អាស្ស៊ីរី។ ១០​នាង​ចាត់​អ្នក​បម្រើ ដែល​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ ឲ្យ​ទៅ​អញ្ជើញ​លោក​អូស្យាស លោក​ខាព្រីស និង​លោក​ខារមី ជា​ព្រឹទ្ធាចារ្យ​នៅ​ទីក្រុង​នោះ​មក​ផ្ទះ​នាង។

១១​ពេល​មេ​ដឹក​នាំ​ទាំង​បី​នាក់​មក​ដល់ នាង​និយាយ​ទៅ​កាន់​លោក​ទាំង​បី​ថា៖​«អស់​លោក មេ​ដឹក​នាំ​ក្រុង​បេតធូលី​អើយ សូម​ស្ដាប់​ខ្ញុំ​ផង! ពាក្យ​ដែល​អស់​លោក​និយាយ​ទៅ​កាន់​ប្រជា​ជន នៅ​ថ្ងៃ​នេះ មិន​ស្មោះ​ត្រង់​ទេ អស់​លោក​បាន​ស្បថ​ក្នុង​នាម​ព្រះ​ជា​អម្ចាស់ ប្រសិន​បើ​ព្រះ​អម្ចាស់ មិន​សង្គ្រោះ​យើង​ក្នុង​រយៈ​ពេល​ប្រាំ​ថ្ងៃ​ទេ អស់​លោក​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ឲ្យ​ខ្មាំង​សត្រូវ។ ១២​តើ​អស់​លោក​ជា​នរណា បាន​​ជា​ហ៊ាន​ល្បង​ល​ព្រះ​ជា ម្ចាស់​នៅ​ថ្ងៃ​នេះ​ដូច្នេះ? អស់​លោក​ចង់​ធ្វើ​កិច្ចការ​ជំនួស​ព្រះ​អង្គ​ឫ. ១៣​ឥឡូវនេះ​អស់​លោក​ល្បង​នឹង​ព្រះ​អម្ចាស់​ដ៏​មាន​តេជានុភាព​សព្វ​ប្រការ តែ​អស់​លោក​មិន​ស្គាល់​គម្រោង​ការ ​របស់​ព្រះ​អង្គ​ទេ។ ១៤​អស់​លោក​មិន​ស្គាល់​ជម្រៅ​ចិត្ត​របស់​មនុស្ស និង​មិន​យល់​ពី​ការ​ត្រិះ​រិះ​ពិចារណា របស់​មនុស្ស​ផង! តើ​អស់​លោក​អាច​យល់​ពី​ព្រះជាម្ចាស់​ដែល​បង្កើត​អ្វីៗ​សព្វ​សារពើ​បាន​ឫ? តើ​អស់​លោក​អាច​យល់​ពី​ព្រះ​តម្រិះ និង​គម្រោង​ការ​របស់​ព្រះ​អង្គ​ដូចម្ដេច​កើត​? ទេ! បង​ប្អូន​អើយ! កុំ​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង​ទ្រង់​ព្រះ​ពិរោធ​ឡើយ! ១៥​ប្រសិន​បើ​ព្រះ​អង្គ​មិន​សព្វ​ព្រះ​ហឫទ័យ មក​សង្គ្រោះ​យើង​ក្នុង​រយៈ​ពេល​ប្រាំ​ថ្ងៃ នេះ​ទេ​ព្រះ​អង្គ​មុខ​ជា​មាន​អំណាច ការពារ​យើង នៅ​ពេល​ណា​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ ឬ​មួយ​ព្រះ​អង្គ​ធ្វើ​ឲ្យ​យើង​វិនាស​អន្ត​រាយ​នៅ​មុខ​ខ្មាំង​សត្រូវ។

១៦​ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​អាច​កំណត់​ពេល​បង្ខំ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង ឲ្យ​សង្គ្រោះ​យើង​បាន​ទេ ដ្បិត​ព្រះជាម្ចាស់​មិន​ដូច​មនុស្ស​ទេ គ្មាន​នរណា​អាច​គំរាម​ ឬ​ បង្ខំ​ព្រះ​អង្គ​ឲ្យ​ចរចា​បាន​ឡើយ។ ១៧ ហេតុនេះ​ហើយ នៅ​ពេល​ដែល​យើង​រង់​ចាំ​ការ​សង្គ្រោះ​របស់​ព្រះជាម្ចាស់ យើង​នាំ​គ្នា​អង្វរ​ព្រះ អង្គ​អង្គ​មុខ​ជា​ស្ដាប់​សូរ​សំឡេង​របស់​យើង ប្រសិន​បើ​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ។ ១៨​កាល​ពី​ជំនាន់​មុន​ៗ រហូត​លើ​សព្វ​ថ្ងៃ​គ្មាន​កុលសម្ព័ន្ធ​ណា ក្រុម​គ្រួសារ​ណា​ឬ​អ្នក​ភូមិ​អ្នក​ក្រុង​ណា​ម្នាក់​ ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ ដែល​មនុស្ស​បាន​ធ្វើ​នោះ​ទេ។ កាល​ពី​ដើម​ដូន​តា​របស់​យើង​បាន​ប្រព្រឹត្ត​បែន​នោះ! ១៩​ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​ប្រគល់​ដូន​តា​របស់​យើង ឲ្យ​ខ្មាំង​សត្រូវ​សម្លាប់​ដោយ​មុខ​ដាវ ព្រម​ទាំង​រឹប​អូស យក​ទ្រព្យ​សម្បត្តិ​ទៀត​ផង។ ដូន​តា​របស់ យើង​ត្រូវ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​មុខ​ខ្មាំង​សត្រូវ​។

២០ចំពោះ​យើង យើង​មិន​ដែល​គោរព​បម្រើ​ព្រះ​ណា​ក្រៅ​ពី​ព្រះ​អង្គ​ម្ចាស់​ឡើយ។ ដូច្នេះ​យើង សង្ឃឹម​ថា​​ព្រះ​អង្គ​មិន​បោះ​បង់​ចោល​យើង​ទេ​ ព្រះ​អង្គ​មុខ​ជា​អាណិត​អាសូរ សង្គ្រោះ​ដល់​ជាតិ​សាសន៍​យើង​ជា​មិន​ខាន។ ២១ ប្រសិន​បើ​ខ្មាំង​សត្រូវ​ដណ្ដើម​ក្រុង​របស់​យើង ពួក​វា​មុខ​ជា​ដណ្ដើម យក​ស្រុក​យូដា​ទាំង​មូល​ដែរ។ ពួក​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ ពី​ទី​សក្ការៈ​របស់​យើង ហើយ​ព្រះ​អង្គ​នឹង​ដាក់់​ទោស​យើង ព្រោះ​ពួក​គេ​បង្អាប់​បង្អោន​ទី​សក្ការៈ​នោះ។ ២២​ប្រសិន​បើ​ខ្លាំង​សត្រូវ​កាប់​សម្លាប់​ជន​ជាតិ​យើង​ កៀរ​ប្រជា​ជន​ទៅ​ជា​ឈ្លើយ និង​បំផ្លាញ​ទឹកដី​របស់​យើង ព្រះ​អង្គ​នឹង​ដាក់​ទោស​យើង។ យើង​នឹង​ទៅ​ជា​ទាសករ​របស់​ជន​ជាតិ​ដទៃ ហើយ​អ្នក​ដែល​ត្រួត​ត្រា​លើ​យើង​មុខ​ជា​ជេរ​ប្រមាថ​មើល​ងាយ​យើង។ ២៣​គ្មាន​អ្នក​ណា​ម្នាក់​អាណិត​អាសូរ​យើង ដែល​ជា​ទាសករ​របស់​គេ រីឯ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង​ក៏​នឹង​ធ្វើ​ឲ្យ​យើង​អាម៉ាស់​មុខ​ដែរ។

២៤​បង​ប្អូន​អើយ! ឥឡូវ​នេះ យើង​ត្រូវ​បង្ហាញ​ឲ្យ​បង​ប្អូន​ដឹង​ថា ជីវិត​របស់​ពួក​គេ​ស្ថិត​នៅ លើ​យើង! ទី​សក្ការៈ ព្រះ​ដំណាក់​របស់​ព្រះ​អម្ចាស់ និង​អាសនៈ​ក៏​អាស្រ័យ​នៅ​លើ​យើង​ដែរ​។ ២៥​ម្យ៉ាង​ទៀត យើង​ត្រូវ​តែ​នាំ​គ្នា​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង ដែល​ព្រះ​អង្គ​ល្បង​ល យើង​ដូច​ព្រះ​អង្គ​បាន​ល្បង​ល​បុព្វ​បុរស​របស់​យើង​ដែរ។ ២៦​ចូរ​នឹក​គិត​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ​អង្គ​បាន​ប្រព្រឹត្ត​ដើម្បី​ល្បង​ល​លោក​អាប្រាហាំ លោក​អ៊ីសាក! ចូរ​នឹក​គិត​ដល់​អ្វីៗ​ដែល​កើត​ឡើង ចំពោះ​លោក​យ៉ាកុប នៅ​ស្រុក​មេសូ​ប៉ូតាមី កាល​លោក​ឃ្វាល​ចៀម​លោក​ឡាបាន់ ជា​ឪពុក​មា​របស់​លោក។ ២៧ ព្រះ​អង្គ​ប្រើ​ភ្លើង​ដើម្បី​ល្បង​ល​ចិត្ត​អស់​លោក ប៉ុន្តែ​ព្រះ​អង្គ​មិន​បាន​ប្រព្រឹត្ត ចំពោះ​យើង​ដូច​អស់​លោក​ទេ ព្រះ​អង្គ​មិន​ដាក់​ទោស​យើង​ឡើយ គឺ​ព្រះ​អង្គ​គ្រាន់​តែ​ដាស់​តឿន​ថា ព្រះ​អង្គ​តែង​តែ​ធ្វើ​ទោស​អស់​អ្នក ដែល​មក​នៅ​ជិត​ព្រះ​អង្គ»។

២៨​លោក​អូស្យាស​ឆ្លើយ​តប​មក​នាង​យូឌីត​ថា៖ «សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​នាង​និយាយ​នេះ សុទ្ធ​តែ​មាន​អត្ថន័យ​ល្អ​ណាស់! គ្មាន​នរណា​ម្នាក់​អាច​ជំទាស់​ឡើយ។ ២៩​ថ្ងៃ​នេះ មិន​មែន​ជា​លើក​ដំបូង ដែល​នាង​បាន​បង្ហាញ​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​ទេ​គឺ ប្រជា​ជន​ទាំង​អស់​បាន​ស្គាល់​ប្រាជ្ញា និង​ឆន្ទៈ​ល្អ​របស់ នាង​តាំង​ពី​នាង​នៅ​ក្មេង​ម្ល៉េះ។

៣០​ប៉ុន្តែ ប្រជា​ជន​ស្រេច​ទឹក​ខ្លាំង​ពេក ពួក​គេ​បង្ខំ​យើង​ឲ្យ​ប្រព្រឹត្ត និង​ពោល​ពាក្យ​ដូច​យើង​បាន​ប្រាប់​គេ ព្រម​ទាំង​ស្បថ​ជា​ឱឡារិក​ផង។ យើង​មិន​អាច​បំពាន​ពាក្យ​សម្បថ​នោះ បាន​ឡើយ។ ៣១​ដូច្នេះ សូម​នាង​អង្វរ​ព្រះ​អម្ចាស់​ឲ្យ​យើង​ផង ព្រោះ​នាង​ជា​ស្ត្រី ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់។ សូម​ព្រះ​អម្ចាស់​ប្រោស​ប្រទាន​ ឲ្យ​ភ្លៀង​ធ្លាក់​មក​បំពេញ​អាង​របស់​យើង នោះ​យើង​មាន​កម្លាំង​វិញ​ហើយ!»។ ៣២​នាង​យូឌីត​ឆ្លើយ​ថា៖ «សូម​ស្ដាប់​ខ្ញុំ​សិន! ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​មួយ​ដែល​ប្រជា​ជន​ជំនាន់​ក្រោយ​មិន​អាច​បំភ្លេច​បាន។ ៣៣​នៅ​យប់​នេះ​សូម​អ្នក​រាល់​គ្នា​ចេញ​ទៅ​មុខ​ទ្វារ​ក្រុង ហើយ​អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ ព្រម​ទាំង​អ្នក​បម្រើ​​ចេញ​ទៅ។ ព្រះអង្គ​ម្ចាស់​នឹង​សង្គ្រោះ​ប្រជា​ជន​អ៊ីស្រាអែល តាម​រយៈ​ខ្ញុំ មិន​ពេល​កំណត់​ដែល​លោក​ទាំង​បី​ប្រគល់​ក្រុង​នេះ​ឲ្យ​ខ្មាំង​សត្រូវ។ ៣៤​ប៉ុន្តែ សូម​កុំ​ចង់​ដឹង​ពី​កិច្ចការ​ដែល​ខ្ញុំ​បម្រុង​នឹង​ធ្វើ នោះ​ខ្ញុំ​មិន​ជម្រាប​អស់​លោក​ទេ មុន​ពេល​ខ្ញុំ​ធ្វើ​កិច្ច​នេះ​បាន​សម្រេច»។ ៣៥​លោក​អូស្យាស និង​មេ​ដឹក​នាំ​ពីរ​នាក់​ទៀត​ពោល​ទៅ​កាន់​នាង​ថា៖ «សូម​អញ្ជើញ​ទៅ​ដោយ​សុខ​សាន្ត​ចុះ! សូម​ព្រះ​ជា​អម្ចាស់​នាំ​ផ្លូវ​នាង​ហើយ​ដាក់​ទោស​បច្ចា​មិត្ត​របស់​យើង​ផង»។ ៣៦​រួច​លោក​ទាំង​បី​នាក់​ចាក​ចេញ ពី​ផ្ទះ​នាង​យូឌីត ហើយ​ត្រឡប់​ទៅ​កាន់​កន្លែង​រៀង​ខ្លួន​វិញ។