នាងយូឌីត (០៧)

កងទ័ព​របស់​លោក​ហូឡូភែរ​ឡោម​ព័ទ្ធ​ក្រុង​បេតធូលី
១​ស្អែក​ឡើង លោក​ហូឡូ​ភែរ​បញ្ជា​កង​ទ័ព​ទាំង​មូល និង​ប្រជា​ជន​ទាំង​អស់​ដែល​មក​ចូល រួម​ជួយ​ច្បាំង ឲ្យ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាយ​ក្រុង​បេត​ធូលី ហើយ​កាន់​កាប់​ផ្លូវ​ទៅ​កាន់​តំបន់​ភ្នំ ព្រម​ទាំង​ប្រយុទ្ធ​ ជាមួយ​ជន​ជាតិ​អ៊ីស្រាអែល​ផង។ ២​នៅ​ថ្ងៃ​នោះ ប្រុសៗ​ដែល​មាន​កម្លាំង​មាំមួន អាច​ច្បាំង​បាន ក៏​ចេញ​ដំណើរ​ទៅ​ដែរ​។ កង​ទ័ព​នោះ​មាន​ពល​ថ្មើរ​ជើង​ ចំនួន​មួយ​សែន​ប្រាំ​ពីរ​ម៉ឺន​នាក់ ពល​សេះ​ចំនួន មួយ​សែន​ពីរ​ម៉ឺន​នាក់ ដោយ​មិន​រាប់​បញ្ចូល​ទាំង​អ្នក​ដែល​ដឹក​សម្ភារៈ​ទេ គឺ​មាន​ចំនួន​ច្រើន​សន្ធឹក​សន្ធាប់។ ៣​កង​ទ័ព​បាន​បោះ​ជំរំ​នៅ​តាម​វាល​ទំនាប​ក្បែរ​ប្រភព​ទឹក ជិត​ក្រុង​បេតធូលី រួច​ពួក​គេ​កាន់​កាប់​តំបន់​ទាំង​មូល ដែល​លាត​សន្ធឹង​ចាប់​ពី​ដូតាអ៊ីម រហូត​ដល់​បែលបាអ៊ីម និង​ចាប់​ពី​ក្រុង​បេតធូលី រហូត​ដល់​ក្រុង​គីយ៉ាម៉ូន ដែល​ស្ថិត​នៅ​ទល់​មុខ​ នឹង​ស្រុក​អេសស្រ្តឡូន។ ៤​កាល​ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​កង​ទ័ព ដែល​មាន​ចំនួន​សន្ធឹក​សន្ធាប់​បែប​នេះ គេ​ច្រួល​ច្របល់​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ថា៖ «ទាហាន​ទាំង​នេះ​ចូល​មក​បំផ្លាញ​ស្រុក​ទេស​យើង​ទាំង​មូល ទាំង​ភ្នំ​ធំ​ភ្នំ​តូច ទាំង​ជ្រលង​ភ្នំ​ក៏​មិន​អាច​ទប់​ទល់​បាន​ដែរ»។ ៥​ពួកគេ​ប្រដាប់ អាវុធ​គ្រប់​ដៃ​ដុត​ភ្នក់​ភ្លើង​នៅ​លើ​កំពូល​ប៉ម ហើយ​នាំ​គ្នា​យាម​ពេញ​មួយ​យប់។ ៦​ថ្ងៃ​បន្ទាប់​មក លោក​ហូឡូភែរ​បញ្ជា​ ឲ្យ​កង​ទ័ព​សេះ​ទាំង​មូល ចេញ​ទៅ​ប្រឈម​មុខ​នឹង​ជន​ជាតិ​អ៊ីស្រាអែល នៅ​ក្រុង​បេតធូលី។ ៧​លោក​ហូឡូភែរ​ត្រួត​ពិនិត្យ​ផ្លូវ​នានា​ឡើង​ទៅ​ទី​ក្រុង និង​ប្រភព​ទឹក​ទាំងប៉ុន្មាន។ លោក​ចាត់​គេ ឲ្យ​កាន់​កាប់​និង​យាម​ប្រភព​ទឹក​ទាំង​នោះ រួច​លោក​ត្រឡប់​ចូល​ជំរំ​វិញ។ ៨​ពួក​នាយ​ទាហាន​របស់​ជន​ជាតិ​ម៉ូដុម និង​ពួក​នាយ​ទាហាន​ជន​ជាតិ​ម៉ូអាប់ ព្រម​ទាំង​ពួក​អ្នក​ដឹក​នាំ​ប្រជា​ជន ដែល​រស់​នៅ​ក្នុង​តំបន់​តាម​ឆ្នេរ​សមុទ្រ ចូល​មក​ជម្រាប​លោក​ហូឡូភែរ​ថា៖ «សូម​លោក​ម្ចាស់​មេត្តា​ស្ដាប់​យើង​ខ្ញុំ​ផង! សូម​កុំឲ្យ​កង​ទ័ព​លោក​ណា​ម្នាក់​ត្រូវ​បាត់​បង់​ជីវិត​ឡើយ។ ១០​ប្រជា​ជន​អ៊ីស្រាអែល​នេះ មិន​ពឹង​ផ្អែក​លើ​គ្រឿង​សស្ត្រាវុធ​របស់​គេ​ទេ គឺ​គេ​ពឹង​ផ្អែក​ទីតាំង​នៅ​លើ​កំពូល​ភ្នំ​ដ៏​ខ្ពស់ ជា​កន្លែង​ដែល​ពួក​គេ​រស់​នៅ ព្រោះ​កំពូល​ភ្នំ​នោះ​មិន​ងាយ​ឡើង​ទេ។ ១១​ឥឡូវនេះ សូម​លោក​ម្ចាស់​កុំ​ប្រយុទ្ធ​នឹង​ពួក​គេ ដូច​យើង​ធ្លាប់​ប្រយុទ្ធ​នឹង​កង​ទ័ព​ឯទៀត​ៗ​ឡើយ ធ្វើ​ដូច្នេះ ទើប​លោក​ម្ចាស់​មិន​បាត់​បង់​កង​ទ័ព សូម្បី​តែ​ទាហាន​ម្នាក់​ក៏ដោយ។ ១២​សូម​លោក​ម្ចាស់ ទុក​កង​ទ័ព​ទាំង​មូល​នៅ​ក្នុង​ជំរំ​នេះ​សិន​ចុះ។ យើង​ខ្ញុំ​នឹង​យាម​ប្រភព​ទឹក​ដែល​ហូរ​ចេញ​ពី​ជើង​ភ្នំ​មក ១៣​ព្រោះ​អ្នក​ក្រុង​បេតធូលី​ធ្លាប់​មក​ដង​ទឹក នៅ​កន្លែង​នេះ។ ពេល​ពួក​គេ​ស្រេក​ទឹក​ខ្លាំង ពួក​គេ​មុខ​ជា​សុំ​ចុះ​ចាញ់​យើង​មិន​ខាន។ រីឯ​យើង​ខ្ញុំ និង​ប្រជា​ជន​របស់​យើង​ខ្ញុំ នឹង​ឡើង​ទៅ​បោះ​ទ័ព​នៅ​លើ​កំពូល​ភ្នំ​ដែល​នៅ​ជិត​ខាង ហើយ​ហាម​ឃាត់​ មិន​ឲ្យ​នរណា​ចេញ​ពី​ក្រុង​បាន​ទេ។ ១៤ចំណែក​ឯ​ពួក​គេ​ព្រម​ទាំង​ប្រពន្ធ​និង​កូន មុខ​ជា​ស្លាប់​ដោយ​អត់​អាហារ​ជា​មិន​ខាន។ សាក​សព​របស់​ពូក​គេ​ មុខ​ជា​មាន​ពាស​ពេញ​តាម​ផ្លូវ​ទី​ក្រុង មុន​ពេល​ យើង​ចូល​កាប់​សម្លាប់​គេ​ទៅ​ទៀត។ ១៥ពេល​នោះ លោក​ម្ចាស់​នឹង​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់​បំផុត ព្រោះ​ពួក​គេ បាន​ប្រឆាំង​នឹង​លោក ហើយ​មិន​ព្រម​មក​ចរចា​សុំ​សន្តិភាព»។ ១៦​លោក​ហូឡូភែរ​និង​មេទ័ព​ទាំង​ប៉ុន្មាន ពេញ​ចិត្ត​នឹង​ពាក្យ​ទាំង​នេះ ហើយ​បញ្ជា​ឲ្យ​ពួក​គេ​ធ្វើ​តាម។ ១៧​កង​ទ័ព​របស់​ជន​ជាតិ​អាំម៉ូន និង​ទាហាន​ជន​ជាតិ​អាស្ស៊ីរី ចំនួន​ប្រាំ​ពាន់​នាក់ បាន​បោះ​ជំរំ​តាម​វាល​ទំនាប ហើយ​កាន់​កាប់​ប្រភព​ទឹក​ របស់​ជន​ជាតិ​អ៊ីស្រា​អែល។ ១៨​ជន​ជាតិ​អេដុម និង​ជន​ជាតិ​អាំម៉ូន ឡើង​ទៅ​បោះ​ជំរំ​តាម​តំបន់​ភ្នំ​ទល់​មុខ​នឹង​ក្រុង​ដូតន។ គេ​ចាត់​ទាហាន​ខ្លះ​ឲ្យ​ទៅ​ប៉ែក​ខាង​ត្បូង និង​ប៉ែក​ខាង​កើត នៅ​ទល់​មុខ​ភូមិ​អេគី​បែល ដែល​នៅ​ជិត​ភូមិ​ឃូស ស្ថិត​នៅ​តាម​មាត់​ស្ទឹង​ម៉ុកមួរ។ រីឯ​ពួក​ទាហាន​អាស្ស៊ីរី​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន បោះ​ជំរំ​តាម​ទីវាល។ ជំរំ​និង​ឃ្លាំង​ផ្ទុក​សម្ភារៈ​របស់​ពួក​គេ នៅ​ពាស​ពេញ​តាម​ទីវាល​​ មាន​ច្រើន​សន្ធឹក​សន្ធាប់។ ១៩​គ្រា​នោះ​ជន​ជាតិ​អ៊ីស្រាអែល​នាំគ្នា​ស្រែក​អង្វរ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ ព្រោះ​គេ​បាក់​ទឹក​ចិត្ត​ដោយ​ឃើញ​ខ្មាំង​សត្រូវ​ឡោម​ព័ទ្ធ​ជុំ​ជិត គ្មាន​ច្រក​អាច​រត់ គេច​បាន​ឡើយ។ ២០​កង​ទ័ព​អាស្ស៊ីរី​ទាំង​មូល ទាំង​ពល​ថ្មើរ​ជើង ទាំង​ពល​សេះ ទាំង​រទេះ​ចម្បាំង បាន​ឡោម​ព័ទ្ធ​ជន​ជាតិ​អ៊ីស្រា​អែល អស់​រយៈ​ពេល​សាមសិប​ថ្ងៃ។

ក្រោយ​មក អ្នក​ក្រុង​បេតធូលី​អស់​ទឹក​ប្រើ​ ២១ អាង​ក៏​រីង​ស្ងួត ពួក​គេ​គ្មាន​ទឹក​បរិភោគ​គ្រប់​គ្រាន់ ព្រោះ​គេ​ចែក​ទឹក​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ២២​ទារក​កាន់​តែ​ស្គម​ទៅ​ៗ ស្ត្រី​និង​យុវជន​ស្រេច​ទឹក​យ៉ាង​ខ្លាំង ដួល​តាម​ផ្លូវ​ក្បែរ​ទ្វារ​ទីក្រុង ព្រោះ​ពួក​គេ​អស់​កម្លាំង។ ២៣​ប្រជា​ជន​ទាំង​មូល យុវជន​យុវនារី​និង​ក្មេង​ចាស់​ប្រុស​ស្រី បាន​ប្រមូល​ផ្ដុំ​គ្នា​ជុំ​វិញ​លោក​អូស្យាស និង​អស់​មេ​ដឹក​នាំ​ក្រុង។ ពួក​គេ​ស្រែក​តវ៉ា​នៅ​ចំពោះ​មុខ​ព្រឹទ្ធាចារ្យ​ទាំង​ឡាយ​ ថា៖ ២៤«សូម​ព្រះ​ម្ចាស់​រក​ខុស​ត្រូវ​រវាង​អស់​លោក និង​ពួក​យើង​ខ្ញុំ​ផង!។ អស់​លោក​បាន​ធ្វើ​បាប​ពួក​យើង​យ៉ាង​ខ្លាំង ដោយ​មិន​ព្រម​ទៅ​ចរចា​សុំ​សន្តិ​ភាព​ពី​ជន​ជាតិ​អាស្ស៊ីរី។ ២៥​គ្មាន​នរណា​ម្នាក់​អាច​ជួយ​ពួក​យើង​បាន​ទេ! ព្រះជាម្ចាស់​បាន​ប្រគល់​ពួក​យើង ឲ្យ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ ហើយ​យើង​នឹង​ដាច់​ទឹក​ស្លាប់​យ៉ាង​វេទនា មិន​ខាន​ឡើយ! ២៦​ឥឡូវ​នេះ ចូរ​ហៅ​ពួក​គេ​មក! ប្រគល់​ក្រុង​ទាំង​មូល​ឲ្យ​កង​ទ័ព​របស់​លោក​ហូឡូភែរ ហើយ​ឲ្យ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ចុះ។ ២៧​ប្រសិន​បើ​យើង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ នោះ​ប្រសើរ​ជាង​ស្លាប់​ដោយ​អត់​ទឹក! ពួក​យើង​នឹង​ក្លាយ​ជា ទាសករ​របស់​ពួក​គេ តែ​ពួក​យើង​នៅ​មាន​ជីវិត​រស់​តទៅ​ទៀត ដោយ​មិន​ឃើញ​កូន​ចៅ​និង​ប្រពន្ធ​របស់​ពួក​យើង​ត្រូវ​វិនាស​ដែរ។ ២៨ដោយ​មាន​មេឃ​និង​ដី​ជា​សាក្សី ព្រម​ទាំង​ក្នុង​ព្រះ​នាម​ព្រះ​របស់​យើង​ ជា​ព្រះ​អម្ចាស់​នៃ​បុព្វបុរស ដែល​តែង​តែ​ដាក់​ទោស​ពួក​យើង ស្រប​តាម​អំពើ​បាប​របស់​យើង នឹង​ដូន​តា​សូម​មេត្តា​ប្រព្រឹត្ត​ តាម​សំណូម​ពរ​របស់​យើង​នៅ​ថ្ងៃ​នេះ។

២៩​អង្គ​ប្រជុំ​ទាំង​មូល​នាំ​គ្នា​ត្អូញត្អែរ ហើយ​ស្រែក​អង្វរ​ព្រះ​អម្ចាស់​យ៉ាង​ខ្លាំង។ ៣០​ពេល​នោះ លោក​អូស្យាស​មាន​ប្រសាសន៍​ប្រាប់​គេ​ថា៖ «បង​ប្អូន​អើយ! ចូរ​ក្លាហាន​ឡើង យើង​ត្រូវ​ទ្រាំ​ប្រាំ​ថ្ងៃ​ទៀត ព្រះជាម្ចាស់​ជា​ព្រះ​របស់​យើង​មុខ​ជា​អាណិត​មេត្តា​ដល់​យើង​មិន​ខាន ដ្បិត​ព្រះ​អង្គ​មិន​បោះ​បង់​ចោល​យើង​រហូត​ទេ។ ៣១​លុះ​ផុត​ប្រាំ​ថ្ងៃ​ហើយ ប្រសិន​ព្រះ​អង្គ​មិន​សង្គ្រោះ​យើង​ទេ ខ្ញុំ​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​បង​ប្អូន!»។ ៣២​លោក​អូស្យាស សូម​ឲ្យ​ប្រជា​ជន​វិល​ទៅ​កាន់​កន្លែង​រៀង​ៗ​ខ្លួន គឺ​បុរស​ៗ​ ទៅ​យាម​នៅ​លើ​កំពែង​និង​លើ​ប៉ម​ក្រុង ហើយ​ស្រីៗ និង​ក្មេងៗ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ អ្នក​ក្រុង​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។