នាងយូឌីត (០៦)

១​កាល អស់​អ្នក​ដែល​នៅ​ជុំ​វិញ​ក្រុម​ប្រឹក្សា​ស្ងៀម​ស្ងាត់​ហើយ លោក​ហូឡូភែរ​ដែល​ជា​មេ​ទ័ព​របស់​ជន​ជាតិ​អាស្ស៊ីរី មាន​ប្រសាសន៍​ទៅ​កាន់​លោក​អឃីយ័រ​នៅ​ចំពោះ​មុខ​ជន​ជាតិ​ដទៃ និង​ជន​ជាតិ​ម៉ូអាប់​ទាំង​អស់​ថា៖ «២​លោក​អឃីយ័រ​និង​អស់​អ្នក​ដែល​លក់​ខ្លួន​ឲ្យ​អ៊ីស្រាអែល! តើ​អស់​លោក​ស្មាន​ថា​ខ្លួន​ជា​នរណា បាន​ជា​ហ៊ាន​ទាយ​ដូច្នេះ? ហើយ​ហាន​ទូន្មាន​យើង​មិន​ឲ្យ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល ព្រោះ​ព្រះ​របស់​ពួក​គេ​មុខ​ជា​ការ​ពារ​ពួក​គេ​មិន​ខាន។ តើ​មាន​ព្រះ​ឯណា ទៀត​ក្រៅ​ពី​ព្រះ​បាទ​កាប៊ូនេ​កាសារ? ព្រះ​រាជា​នឹង​ចាត់​កង​ទ័ព​មក​វាយ​កម្ទេច​ពួក​គេ ឲ្យ​អស់​ពី​ផែន​ដី។ ព្រះ​របស់​ពួក​គេ​មិន​អាច​រំដោះ​ពួក​គេ​ឡើយ។ ៣​ចំណែក​យើង​ជា​អ្នក​បម្រើ​របស់​ស្ដេច​វិញ យើង​នឹង​រួប​រួម​គ្នា​ជា​ធ្លុង​តែ​មួយ​វាយ​ពួក​គេ ហើយ​ពួក​គេ​មិន​អាច​ទប់​ទល់​ នឹង​ទ័ព​សេះ​របស់​យើង​ឡើយ។ ៤​យើង​នឹង​ដុត​គេ​ទាំង​រស់។ ភ្នំ​ដែល​ពួក​គេ​រស់​នៅ មុខ​ជា​ជោគ​ជាំ ដោយ​ឈាម​របស់​ពួក​គេ ហើយ​នឹង​មាន​សាក​សព​របស់​ពួក​គេ នៅ​ពាស​ពេញ​តាម​វាល​ទំនាប​ដែរ។ ពួក​គេ​មិន​អាច​ទប់​ទល់​យើង ហើយ​ត្រូវ​វិនាស​អន្តរាយ​គ្មាន​សេស​សល់​អ្វី​ឡើយ។ នេះ​ជា​រាជ​ឱង្ការ​របស់​ព្រះ​បាទ​នេប៊ូកា​នេសារ ជា​ម្ចាស់​នៃ​ផែន​ដី​ទាំង​មូល។ ព្រះ​រាជា​មាន​ព្រះ​រាជ​ឱង្ការ ហើយ ត្រូវ​តែ​សម្រេច​ជា​មិន​ពុំខាន។ ៥​រីឯ​អឃីយ័រ​ឯង ដែល​ជា​ជន​ជាតិ​អាំម៉ូន ស៊ី​ឈ្នួល​ច្បាំង​វិញ ឯង​ក្បត់​ដោយ​ហ៊ាន​និយាយ​សេចក្ដី​ទាំង​នេះ។ ឯង​នឹង​លែង​ឃើញ​មុខ​ខ្ញុំ ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ ទាល់​តែ​ខ្ញុំ​សង​សឹក​ពូជ​សាសន៍ ដែល​រត់​ពី​ស្រុក​អេស៊ីប​នេះ។ ៦​ពេល​ខ្ញុំ​ត្រឡប់​មក​វិញ កង​ទ័ព​ខ្ញុំ ព្រម​ទាំង​នាយ​ទាហាន​របស់​ខ្ញុំ នឹង​យក​លំពែង​មក​ចាក់​ទម្លុះ​ដើម​ទ្រូង​ ប្រហារ​ជីវិត​ឯង! គេ​នឹង​ចោល​ឯង នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​អ៊ីស្រា​អែល​ដែរ។ ៧​ឥឡូវនេះ ទាហាន​របស់​ខ្ញុំ​នឹង​នាំ​យក ឯង​ទៅ​តំបន់​ភ្នំ​នោះ ហើយ​ទុក​ឯង​ចោល ក្នុង​ក្រុង​មួយ​តាម​ជម្រាល​ភ្នំ។ ទី​កន្លែង​នោះ​ហើយ ដែល​ឯង​រង់ចាំ​គេ​ប្រហារ​ជីវិត​រួម​ជាមួយ​ពួក​អ៊ីស្រាអែល។ ៩​ប្រសិន​បើ​ឯង​ជឿ​ជាក់​ក្នុង​ចិត្ត​ថា ពួក​គេ​មិន​បរាជ័យ​ទេ ចូរ​កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ! ខ្ញុំ​និយាយ​យ៉ាង​ណា ពាក្យ​របស់​ខ្ញុំ​ក៏​នឹង​សម្រេច​យ៉ាង​នោះ​ដែរ»។ ១០​ខណៈ​នោះ​លោក​ហូឡូ​ភែរ​បញ្ជា​ឲ្យ​ទាហាន ដែល​នៅ​ក្នុង​ជំរំ​របស់​គាត់ ចាប់​លោក​អឃីយ័រ នាំ​យក​ទៅ​ក្រុង​បេតធូលី ដើម្បី​បញ្ជូន​គាត់​ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ១១ទាហាន​ទាំង​នេះ​ក៏​ចាប់​គាត់​នាំ​ចេញ​​ពី​ជំរំ តម្រង់​ទៅ​វាល​ទំនាប ឆ្ពោះ​ទៅ​តំបន់​ភ្នំ។ គេ​ទៅ​ដល់​ប្រភព​ទឹក​ នៅ​ខាង​ក្រោម​ក្រុង​បេតធូលី។ ១២​ពេល​អ្នក​យាម​ការ​ពារ​ទីក្រុង​ ឃើញ​ពួក​ទាហាន​អាស្ស៊ីរី ពួក​គេ​ក៏​ទៅ​យក​អាវុធ​រៀង​ៗ​ខ្លួន ហើយ​នាំ​គ្នា​ចេញ​ពី​ក្រុង​បេតធូលី​ ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ។ យុទ្ធ​ជន​កាន់​ដង្ហក់​គ្រប់​ៗ​ដៃ បាញ់​គ្រាប់​ថ្ម​រារាំង​ទាហាន​អាស្ស៊ីរី មិន​ឲ្យ​ឡើង​បាន​ឡើយ។ ១៣​ពួក​ទាហាន​អាស្ស៊ីរី​ថយ​ចុះ​ទៅ​ជើង​ភ្នំ ហើយ​ទុក​លោក​អឃីយ័រ​ចោល​នៅ​ទី​នោះ ទាំង​ជាប់​ចំណង រួច​វិល​ត្រឡប់​ទៅ​រក​ម្ចាស់​គេ​វិញ​។ ១៤​រីឯ​ជន​ជាតិ​អ៊ីស្រាអែល​ក៏​ចុះ​ពី​ក្រុង​បេតធូលី មក​រក​លោក​អឃីយ័រ ហើយ​ស្រាយ​ចំណង​ព្រម​ទាំង​នាំ​លោក​ចូល​ក្រុង​បេតធីលី ដើម្បី​ទៅ​បង្ហាញ​ នៅ​ចំពោះ​មុខ​ពួក​អ្នក​ដឹក​នាំ​ក្រុង​របស់​គេ។ ១៥​ក្នុង​សម័យ​នោះ ពួក​អ្នក​ដឹក​នាំ​ក្រុង​មាន​លោក​អូស្យាស​ជា​កូន​របស់​លោក​មីខា នៃ​កុល​សម្ព័ន្ធ​ស៊ីម៉ូន លោក​កាព្រីស ជា​កូន​របស់​លោក អូថនី​អែល ព្រម​ទាំង​លោក​កាមី ជា​កូន​របស់​លោក​​មែល​ឃីអែល។ ១៦​អ្នក​ដឹក​នាំ​ទាំង​បី​នាក់​នេះ កោះ​ហៅ​ព្រឹទ្ធាចារ្យ​ទាំង​អស់​មក​ប្រជុំ។ យុវជន​និង​ស្ត្រី​ទាំង​អស់ ក៏​រត់​មក​រួម​ប្រជុំ​ដែរ។ ពួក​គេ​នាំ​លោក​អឃីយ័រ មក​ឈរ​នៅ​កណ្ដាល​ចំណោម​ប្រជា​ជន​ទាំង​មូល រួច​លោក​អូស្យាស​សាក​សួរ​គាត់ ពី​ហេតុ​ការណ៍​ដែល​កើត​មាន​នោះ។ ១៧​លោក​អឃីយ័រ​រៀប​រាប់​ប្រាប់​ពួក​គេ​ពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ពួក​មេ​ទ័ព​បាន​ពិគ្រោះ​ជាមួយ​លោក​ហូឡូ​ភែរ។ គាត់​ក៏​រៀប​រាប់​ពាក្យ​ទាំង​ប៉ុន្មាន ដែល​លោក​ហូឡូភែរ​បាន​លើក​ក្នុង​អង្គ​ប្រជុំ ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អាស្ស៊ីរី ព្រម​ទាំង​ពាក្យ​ក្រអឺតក្រទម ដែល​លោក​ហូឡូភែរ​បាន​ប្រកាស ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រា​អែល​ដែរ។ ១៨​ពេល​នោះ ប្រជា​ជន​នាំគ្នា ក្រាប​ថ្វាយ​បង្គំ​ព្រះជាម្ចាស់ ហើយ​ស្រែក​អង្វរ​ថា៖ «១៩​ឱ​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​ស្ថាន​បរម​សុខ​អើយ! សូម​ទត​មើល​សត្រូវ​ដ៏​ព្រហើន​របស់​យើង​ខ្ញុំ! សូម​អាណិត​អាសូរ យើងខ្ញុំ​ដែល​ត្រូវ​អាម៉ាស់​នៅ​ពេល​នេះ​។ យើងខ្ញុំ​ជា​ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ​ផ្ទាល់ សូម​មេត្តា អាណិត​អាសូរ​យើង​ខ្ញុំ​ផង»។ ២០​បន្ទាប់​មក ពួក​គេ​លើក​ទឹក​ចិត្ត​លោក​អឃីយ័រ ហើយ​សរសើរ​គាត់​យ៉ាង​ខ្លាំង។ ២១​លោក​អូស្យាស​នាំ គាត់​ចេញ​ពី​អង្គ​ប្រជុំ ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ​អញ្ជើញ​ក្រុម​ព្រឹទ្ធាចារ្យ​នៅ​ទី​នោះ ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​ជាមួយ។ ពួកគេ​អង្វរ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល សូម​ព្រះ​អង្គ​យាង​មក​រំដោះ​ពួក​គេ​ពេញ​មួយ​យប់។