នាងយូឌីត (០៤)

ជនជាតិ​យូដា​មាន​គម្រោង​ការ​ការពារ​ខ្លួន
១​ប្រជាជន​អ៊ីស្រាអែល​ ដែល​រស់​នៅ​ក្នុង​ស្រុក​យូដា បាន​ទទួល​ដំណឹង​អំពី​ហេតុ​ការណ៍ ទាំង​ប៉ុន្មាន​ដែល​លោក​ហូឡូភែរ ជា​មេទ័ព​របស់​ព្រះ​បាទ​នេប៊ូកា​នេសារ ស្ដេច​ស្រុក​អាស្ស៊ីរី ធ្វើ​ចំពោះ​ប្រជា​ជាតិ​ទាំង​អស់ ហើយ​ដឹង​ពី​របៀប​ដែល​លោក​បាន​បំផ្លាញ​ទី​សក្ការៈ និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ទី​នោះ។ ពួក​គេ​ភ័យ​ខ្លាច​តក់​ស្លុត​ខ្លាំង​ណាស់ ហើយ​ព្រួយ​បារម្ភ​ពី​វាសនា​ក្រុង​យេរូ​សាឡឹម និង​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់ ជា​ព្រះ​របស់​ពួក​គេ ៣​ព្រោះ​ពួក​គេ​ទើប​នឹង​វិល​ត្រឡប់​ពី​ជាប់​ជា​ឈ្លើយ​មក​វិញ​ថ្មីៗ។ ប្រជា​ជន​យូដា បាន​ប្រមូល​គ្រឿង​បរិក្ខារ និង​អាសនៈ​ព្រម​ទាំង​ធ្វើ​ពិធី​ញែក​លើ​គ្រឿង​ប្រើ​ប្រាស់​លើ​អាសនៈ និង​លើ​ព្រះ​ដំណាក់​របស់​ព្រះជាម្ចាស់ ដែល​ពួក​ខ្មាំង​បាន​បង្អាប់​បង្អោន​ឲ្យ​បាន​បរិសុទ្ធ​ឡើង​វិញ។ ៤​ពួក​គេ​ចាត់​អ្នក​នាំ​សារ ទៅ​តំបន់​សាម៉ារី​ទាំង​មូល តំបន់​កូណា តំបន់​បែត​ហូរ៉ូន អរបែល​ម៉ាអ៊ីម យេរីខូ រហូត​ដល់​ទៅ​ខូបា អៃស៊រ និង​រហូត​ទៅ​ដល់​វាល​ទំនាប​សាឡឹម។ ៥​ពួក​គេ​កាន់​កាប់​កំពូល​ភ្នំ​ខ្ពស់​ៗ​ទាំង​ឡាយ ដោយ សង់​កំពែង​ជុំ​វិញ​ភូមិ​នៅ​តាម​តំបន់​ភ្នំ ដើម្បី​ផ្ទុក​ស្បៀង​អាហារ​សម្រាប់​ទប់​ទល់​នៅ​ពេល​មាន​ចម្បាំង ព្រោះ​ពួក​គេ​ទើប​តែ​ច្រូត​ស្រូវ​ហើយ​ថ្មីៗ។ ៦​លោក​យ៉ូអាគីម​ជា​មហា​បូជាចារ្យ នៅ​ក្រុង​យេរូសាឡឹម​ក្នុង​សម័យ​នោះ គាត់​បាន​សរសេរ​លិខិត​មួយ​ច្បាប់ ទៅ​ប្រជា​ជន​នៃ​ក្រុង​បេតធូលី និង​ក្រុង​បេតូមេស​តាអ៊ីម ដែល​នៅ​មុខ​ក្រុង​អេស្ត្រឡូន និង​នៅ​មុខ​វាល​ដូតន។ ៧​ក្នុង​លិខិត​នេះ លោក​បញ្ជា​ឲ្យ​គេ​កាន់​កាប់​ច្រក​ភ្នំ ដ្បិត​ទាហាន ដែល​ចង់​ចូល​ទៅ​ស្រុក​យូដា ត្រូវ​តែ​ឆ្លង​កាត់​ច្រក​នេះ ។ ម្យ៉ាង​ទៀត នៅ​កន្លែង​នោះ​ស្រួល​វាយ​ស្ទាក់​ទាហាន ព្រោះ​ពួក​គេ​ពុំ​អាច​ដើរ​ទន្ទឹម​គ្នា លើស​ពី​ពីរ​នាក់​ឡើយ ដោយ​សារ​ច្រក​ភ្នំ​នេះ​ចង្អៀត​ពេក។ ជនជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​លោក​បូជាចារ្យ​យ៉ូអាគីម និង​ប្រឹក្សា​ព្រឹទ្ធាចារ្យ របស់​ប្រជា​ជន​អ៊ីស្រាអែល​ទាំង​មូល​ នៅ​ក្រុង​យេរូ​សាឡឹម បាន​បញ្ជា​គេ។ ៩​ជនជាតិ​អ៊ីស្រាអែល​ទាំង​មូល​ទូល​អង្វរ​ព្រះជាម្ចាស់​យ៉ាង ខ្លាំង ដោយ​ស្មោះ​អស់​ពី​ចិត្ត ១០​ហើយ​នាំ​គ្នា​ធ្វើ​ពិធី​តម​អាហារ​យ៉ាង​តឹង​រ៉ឹង ទាំង​បុរស ទាំង​ស្ត្រី ទាំង​កូន​ចៅ ទាំង​ហ្វូង​សត្វ​របស់​ពួក​គេ។ ពួក​អន្តោ​ប្រវេសន៍ ព្រម​ទាំង​កូន​ឈ្នួល និង​ទាសា​ទាសី​របស់​គេ​ក៏​នាំ​គ្នា ស្លៀក​សម្លៀក​បំពាក់​កាន់​ទុក្ខ​ដែរ។ ១១​អ្នក​ក្រុង​យេរូ​សាឡឹម​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ចាស់ ក្រាប​ថ្វាយ​បង្គំ​នៅ​មុខ​ព្រះ​វិហារ ហើយ​លើក​យក​ផេះ មក​រោយ​លើ​ក្បាល​របស់​គេ ព្រម​ទាំង​លាត​សម្លៀក​បំពាក់​កាន់​ទុក្ខ​ធ្វើ​ពី​បាវ ទូល​អង្វរ​ព្រះ​អម្ចាស់​ផង។ ១២​ពួក​គេ​យក​ក្រណាត់​កាន់​ទុក្ខ​មក​ក្រាល​ជុំ​វិញ​អាសនៈ រួច​នាំ​គ្នា​ទូល​អង្វរ​ព្រះ​អម្ចាស់​យ៉ាង​ខ្លាំង សូម​ព្រះ​អង្គ​កុំ​បណ្ដោយ​ឲ្យ​ខ្មាំង​សត្រូវ​ចាប់​យក​ប្រពន្ធ និង​កូន​ចៅ​របស់​ពូក​គេ​បាន សូម​កុំ​បណ្ដោយ​ ឲ្យ​ខ្មាំង​បំផ្លាញ​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ ដែល​ព្រះ​អង្គ​ប្រទាន​ឲ្យ​ទុក​ជា​កេរ​មត៌ក​សូម កុំ​បណ្ដោយ​ឲ្យ​ប្រជា​ជាតិ​ដទៃ មាន​ជ័យជំនះ​បង្អាប់​ព្រះ​វិហារ​របស់​ពួក​គេ​ដែរ។ ១៣​ព្រះ​អម្ចាស់​ទ្រង់​ព្រះ​សណ្ដាប់​សម្រែក​របស់​ពួក​គេ ព្រះ​អង្គ​ក៏​ទត​ឃើញ​ទុក្ខ​វេទនា​របស់​គេ​ដែរ។ ប្រជា​ជន​នៅ​ស្រុក​យូដា​ទាំង​មូល និង​នៅ​ស្រុក​យេរូសាឡឹម បន្ត​ពិធី​តម​អាហារ​នៅ​មុខ​ព្រះ​វិហារ​របស់​ព្រះ អម្ចាស់​ដ៏​មាន​តេជានុភាព​សព្វ​ប្រការ​អស់​ពេល​យ៉ាង​យូរ។ ១៤​លោក​មហា​បូជាចារ្យ​យ៉ូអាគីម អស់​លោក​បូជា​ចារ្យ ព្រម​ទាំង​អ្នក​បម្រើ​ព្រះ​អម្ចាស់ នៅ​ក្នុង​ព្រះ​វិហារ​បាន​ស្លៀក​សំលៀក​បំពាក់​កាន់​ទុក្ខ ហើយ​នាំ​គ្នា​ថ្វាយ​ដង្វាយ​ដុត​ទាំង​មូល​ជា​ប្រចាំ តង្វាយ​លា​បំណន់​និង​តង្វាយ​ស្ម័គ្រ​ចិត្ត​របស់​ប្រជា​ជន។ ១៥​ពួក​គេ​យក​ផេះ​ដាក់​លើ​ឈ្នួត ហើយ​នៅ​តែ​ស្រែក​ទូល​អង្វរ​ព្រះ​អម្ចាស់ ដោយ​ពេញ​ទំហឹង សូម​ព្រះ​អង្គ​យាង​មក​សង្គ្រោះ​ប្រជា​ជន​អ៊ីស្រាអែល​ផង។