នាងយូឌីត (០២)

សង្គ្រាម​ប្រឆាំង​នឹង​ប្រជាជននៅ​ភូមិភាគ​ប៉ែក​ខាង​លិច
១​នៅ​ថ្ងៃ​ទី​ម្ភៃ​ពីរ​ខែ​ដំបូង ​ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំបី​នៃ​រជ្ជ​កាល​ព្រះ​បាទ​នេប៊ូកា​នេសារ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី ព្រះ​ចៅ​និង​មន្ត្រី​ទាំង​ប៉ុន្មាន​ពិគ្រោះ​គ្នា គិត​ពី​ការ​សង​សឹក​នឹង​ប្រជា​ជន​ទាំង អស់​ដែល​មិន​ព្រម​ចូល​រួម​ច្បាំង​ជាមួយ ស្រប​តាម​រាជ​ឱង្ការ​ស្បថ​កាល​ពី​មុន​នោះ ២​ព្រះ​ចៅ​កោះ​ហៅ​មេទ័ព និង មន្ត្រី​ជាន់​ខ្ពស់​ទាំង​អស់​មក​ជួប​ប្រជុំ​គ្នា​ជា​សំងាត់ ហើយ​សម្រេច​សង​សឹក​ដាក់​ទោស​ដែន​ដី​ទាំង​មូល។

៣​មន្ត្រី​ទាំង​ប៉ុន្មាន​ក៏​យល់​ព្រម​ប្រហារ​ជីវិត​ប្រជា​ជន​ទាំង​អស់ ដែល​ពុំ​ព្រម​ចូល​រួម​ទៅ​ច្បាំង តាម​រាជ​ឱង្ការ​របស់​ស្ដេច។ ៤​លុះ​ការ​ពិភាក្សា​បាន​ចប់​សព្វ​គ្រប់​ហើយ ព្រះ​បាទ​នេប៊ូកា​នេសារ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី ហៅ​លោក​ហូឡូភែរ​(ជា​មេ​បញ្ជា​ការ​កង​ទ័ព​បន្ទាប់​ពី​ស្ដេច)​មក ហើយ​មាន​រាជ​ឱង្ការ​ថា៖ «ព្រះ​មហា​ក្សត្រ​ដែល​ជា​ម្ចាស់​ផែន​ដី​ទាំង​មូល​បញ្ជា​ដូច​តទៅ៖ ចូរ​ទៅ​ប្រមូល​ពល​ទាហាន​ដ៏​ខ្លាំង​ពូកែ​អង់​អាច​ គឺ​កង​ពល​ថ្មើរ​ជើង ចំនួន​យ៉ាង​តិច​ណាស់​មួយ​សែន​ពីរ​ម៉ឺន​នាក់ ព្រម​ទាំង​ពល​សេះ ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ និង​សេះ​ជាច្រើន​ផង​។ ៦​លោក​ត្រូវ​ចេញ​ទៅ​ប្រយុទ្ធ ​ជាមួយ​ប្រជា​ជន​ទាំង​អស់​នៅ​ប៉ែក​ខាង​លិច ព្រោះ​ពួក​គេ មិន​គោរព​តាម​រាជ​ឱង្ការ​របស់​យើង​ទេ។ ៧​លោក​ត្រូវ​ទាម​ទារ​ឲ្យ​ពួក​គេ ចុះ​ចូល​ក្រោម​អំណាច​របស់​យើង ដ្បិត​យើង​ខ្ញាល់​ខ្លាំង​ណាស់ ហើយ​បញ្ជា​ឲ្យ​កង​ទ័ព​ចេញ​ទៅ​វាយ​ពួក​គេ។ ទាហាន​របស់​យើង​ និង​ដើរ​ជាន់​កម្ទេច​ទឹក​ដី​ទាំង​មូល​របស់​គេ ហើយ​រឹប​អូស​យក​ ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​គេ​ថែម​ទៀត​ផង។ ៨​អ្នក​របួស​ខាង​ពួក​គេ នឹង​មាន​ពាស​ពេញ​ជ្រលង​ភ្នំ ហើយ​នៅ​តាម​ដង​ស្ទឹង​និង​ដង​ទន្លេ មាន​ពាស​ពេញ​ទៅ​ដោយ​សក​សព។ ៩​យើង​នឹង​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ រហូត​ដល់​ចុង​បំផុត​នៃ​ផែន​ដី។ ១០​រីឯ​លោក ចូរ​ចេញ​ទៅ​វាយ​យក​តំបន់​ទាំង​ប៉ុន្មាន​របស់​ពួក​គេ មក​ឲ្យ​យើង។ កាល​ពួក​គេ​ចុះ​ចូល​និង​លោក​ហើយ លោក​ត្រូវ​ទុក​ពួក​គេ​រហូត​ដល់​ថ្ងៃ​ដែល​យើង ដាក់​ទោស​ពួក​គេ។ ១១​រីឯ​អស់​អ្នក​ដែល​មិន​ព្រម​ចុះ​ចូល​វិញ ចូរ​កុំ​ត្រា​ប្រណី​ពួក​គេ​ឲ្យ​សោះ ចូរ​សម្លាប់ ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ ឲ្យ​អស់​នៅ​លើ​ផែន​ដី​ទាំង​មូល! ១២​យើង​បាន​ស្បថ​ក្នុង​នាម​រាជ​សម្បត្តិ និង​ជីវិត​យើង​ផ្ទាល់​ថា យើង​និង​ប្រព្រឹត្ត​ដូច្នេះ​ដោយ​ខ្លួន​យើង។ ១៣​ចំណែក​ឯ​លោក ចូរ​កុំ​ប្រព្រឹត្ត​បំពាន​នឹង​បញ្ជា របស់​ម្ចាស់​លោក​ឡើយ សូម​បី​តែ​មួយ​ម៉ាត់​ក៏​មិន​ត្រូវ​បំពាន​ដែរ! ចូរ​ធ្វើ​តាម​រាជ​បញ្ជា​ទាំង​នេះ​ជា​កំហិត កុំ​បង្អែ​បង្អង់​ឡើយ!»។ ១៤លោក​មេ​ទ័ព​ហូឡូភែរ ចាក​ចេញ​ពី​ព្រះ​ភ័ក្រ្ត​ស្ដេច​ដែល​ជាម្ចាស់​របស់​លោក រួច​កោះ​ហៅ​ពួក​ស្ដេច​ត្រាញ់ មេ​ទ័ព ​និង​នាយ​ទាហាន​នៅ​ស្រុក​អាស្ស៊ីរី​មក។ ១៥​លោក​បាន​កែន​កង​ទ័ព​ស្រួច​ពិសេស ចំនួន​មួយ​សែន​ពីរ​ម៉ឺន​នាក់ តាម​បញ្ជា​របស់​ព្រះ​ចៅ​អធិរាជ ព្រម​ទាំង​ពល​សេះ​ដែល​ចេះ​បាញ់​ធ្នូ ចំនួន​មួយ​សែន​ពីរ​ម៉ឺន​នាក់​ទៀត។ ១៦​លោក​រៀប​ចំ​ទាហាន​ដ៏​ច្រើន​នោះ ជា​កង​ពល ដើម្បី​ចេញ​ទៅ​ច្បាំង។ ១៧លោក​យក​អូដ្ឋ លា និង​សេះ​សម្រាប់​ដឹក​ជញ្ជូន គ្រឿង​ឧបករណ៍​ប្រើ​ប្រាស់ ព្រម​ទាំង​ចៀម គោ ពពែ​ជាច្រើន​ទៅ​ជាមួយ សម្រាប់​ធ្វើ​ជា​អាហារ។​ ៨​លោក​ក៏​រៀបចំ​ស្បៀង​អាហារ​យ៉ាង​ច្រើន សម្រាប់​ពល​ទាហាន​ម្នាក់ៗ​ព្រម​ទាំង​មាស​នឹង​ប្រាក់ មួយ​ចំនួន​ធំ​ពី​ឃ្លាំង​រាជ​ទ្រព្យ។ ១៩​លោក​ហូឡូភែរ ព្រម​ទាំង​កង​ទ័ព​ទាំង​មូល​ចេញ​ដំណើរ​ទៅ ច្បាំង​និង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ប៉ែក​ខាង​លិច ឲ្យ​បាន​មុន​ព្រះ​បាទ​នេប៊ូកា​នេសារ ដោយ​មាន​រទេះ​ច្បាំង ទ័ព​សេះ និង កង​ទ័ព​ស្រួច​យ៉ាង​សន្ធឹក​សន្ធាប់ មាន​ពាស​ពេញ​នៅ​លើ​ផែន​ដី។ ២០​កង​ទ័ព​ដទៃ​ទៀត ក៏​ចេញ​ដំណើរ​ជាមួយ កង​ទ័ព​របស់​លោក​ហូឡូភែរ យ៉ាង​ច្រើន​អនេក ដូច​ហ្វូង​កណ្ដូប ឫ​ដូច​គ្រាប់​ខ្សាច់​នៅ​លើ​ដី ដ្បិត​គ្មាន​នរណា​អាច​រាប់​បាន​ឡើយ។ ២១​កង​ទ័ព​ទាំង​នោះ​ចេញ​ដំណើរ​ពី​ទីក្រុង​នីនីវេ ហើយ​ដើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ឆ្ពោះ​ទៅ​កាន់​វាល​ទំនាប​បេកទីលេត ហើយ​ចេញ​ពី​បេកទីលេក​ទៅ​បោះ​ជំរំ​នៅ​ភ្នំ​ ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​នៃ​ស្រុក​ស៊ីលីស៊ី។ ២២​លោក​ហូឡូភែរ នាំ​កង​ទ័ព​ទាំង​អស់ គឺ​ទាំង​កង​ពល​ថ្មើរ​ជើង ទាំង​កង​ពល​សេះ ទាំង​រទេះ​ចម្បាំង ចេញ​ពី​កន្លែង​នោះ ទៅ​កាន់​តំបន់​ភ្នំ។ ២៣​លោក​វាយ​ដណ្ដើម​យក​ទី​ក្រុង​ភូដ និង​ទីក្រុង​លូដ ព្រម​ទាំង​រឹប​អូស​យក ទ្រព្យ​សម្បត្តិ​របស់​កូន​ចៅ​រ៉ាស៊ីស និង​កូន​ចៅ​អ៊ីស្មាអែល​ដែល​ស្នាក់​អាស្រ័យ​នៅ​តាម​វាល រហោ​ស្ថាន​ខាង​ត្បូង​ខេលេអូន​ទៀត​ផង។ ២៤​លោក​នាំ​កង​ទ័ព​ឆ្លង​ទន្លេ​អឺប្រាត និង​ឆ្លង​កាត់​តំបន់​មេសូប៉ូតាមី ហើយ​វាយ​កម្ទេច​ក្រុង​ទាំង​ឡាយ ដែល​មាន​កំពែង​រឹង​មាំ នៅ​តាម​ជ្រោះ​អប្រូណា រហូត​ទៅ​ដល់​សមុទ្រ។ ២៥លោក​កាន់​កាប់​តំបន់​ស៊ីលីស៊ី ហើយ​កម្ទេច​អស់​អ្នក​ដែល​ប្រឆាំង​តទល់​នឹង​លោក។ រួច​លោក​ទៅ​ដល់​ព្រំ​ប្រទល់​ស្រុក​យ៉ាផែត ដែល​នៅ​ខាង​ត្បូង ទល់​មុខ​ស្រុក​អារ៉ាប៊ី។ ២៦​លោក​ឡោម​ព័ទ្ធ​ជន​ជាតិ​ម៉ាឌីយ៉ាន​ទាំង​អស់ ដុត​ជំរំ​របស់​ពួក​គេ​ចោល ហើយ​រឹប​អូស យក​ហ្វូង​សត្វ​របស់​ពួក​គេ​ផង។ ២៧លោក​ហូឡូភែរ​លើក​ទ័ព​ ចុះ​ទៅ​ដល់​វាល​នៃ​ក្រុង​ម៉ាស់ ក្នុង​រដូវ​ចម្រូត ហើយ​ដុត​ស្រែ​ទាំង​អស់​ចោល​កម្ទេច​ហ្វូង​ចៀម ​ហ្វូង​គោ​របស់​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ ដែល​មាន​នៅ​ក្នុង​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ បំផ្លាញ​វាល​ទំនាប ហើយ​សម្លាប់​រង្គាល​យុវជន​ទាំង​អស់​ចោល ដោយ​មុខ​ដាវ​ទៀត​ផង។ ២៨​នៅ​គ្រា​នោះ​អ្នក​ក្រុង​ស៊ីដូន អ្នក​ក្រុង​ទីរូស អ្នក​ក្រុង​សួរ អ្នក​ក្រុង​អូគីណា នឹង​អ្នក​ក្រុង​យ៉ាមនីយ៉ា​ទាំង​អស់ ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ នាំ​គ្នា​ភ័យ​តក់​ស្លុត​យ៉ាង​ខ្លាំង។ អ្នក​ក្រុង​អាសូត និង​អ្នក​ក្រុង​អាស្កាឡូន ក៏​ភ័យ​ខ្លាច​តក់​ស្លុត ខ្លាំង​ណាស់​ដែរ។