នាងយូឌីត (១៥)

១​ពល​ទាហាន​នៅ​ក្នុង​ជំរំ បាន​ឮ​ស្រឡាំងកាំង​គ្រប់​ៗ​គ្នា។ ២​ពួក​គេ​ភ័យ​ញាប់​ញ័រ ហើយ​រត់​បែក​ខ្ញែក​ចោល​ជំរំ​ទាំង​អស់​គ្នា ខ្លះ​រត់​ទៅ​តាម​ផ្លូវ​វាល​និង​តាម​តំបន់​ភ្នំ ដោយ​រត់​ប្រាស​អាយុ​ទាំង​អស់​គ្នា។ ៣​ទាហាន​ដែល​ត្រៀម​តាម​តំបន់​ភ្នំ​ជុំវិញ​ក្រុង​បេតធូលី​ក៏​នាំ​គ្នា​រត់​ដែរ។ ពេល​នោះ​ជន​ជាតិ​អ៊ីស្រាអែល​ប្រដាប់​អាវុធ​គ្រប់​ដៃ នាំ​គ្នា​សម្រុក​ដេញ​តាម​វាយ​ពួក​គេ ដោយ​គ្មាន​សំចៃ។ ៤​លោក​អូស្យាស​ចាត់​អ្នក​នាំ​សារ​ ទៅ​ក្រុង​បេតូ​ មេសតាអ៊ីម​ បេបៃ​ខូបា​កូឡា និង ក្នុង​ក្រុង​អ៊ីស្រាអែល​ទាំង​មូល ដើម្បី​ប្រកាស​ប្រាប់​ពី​ព្រឹត្តិ​ការណ៍​ដែល​បាន​កើត​ឡើង។ អំពាវ​នាវ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល ដែល​វាយ​ខ្មាំង​ដើម្បី​សម្លាប់​ចោល​ទាំង​អស់។ ៥​កាល​បាន​ទទួល​ដំណឹង​នេះ​ជន​ជាតិ​អ៊ីស្រា​អែល ​រួម​គ្នា​សម្រុក​ទៅ​រក​សត្រូវ​វាយ​កម្ចាត់​ពួក​គេ​ឲ្យ​វិនាស​រហូត​ដល់​ក្រុង​ខូបា។ អ្នក​ក្រុង​យេរូ​សាឡឹម​និង​ប្រជា​ជន​ដែល​រស់​តាម​តំបន់​ភ្នំ ចូល​មក​ជួយ​វាយ​ដែរ ព្រោះ​គេ​បាន​ដឹង​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​ក្នុង​ជំរំ​ខ្មាំង។ អ្នក​ស្រុក​កាឡាដ​និង​អ្នក​ស្រុក​កាលីឡេ ក៏​វាយ​សម្រុក​យ៉ាង​ខ្លាំង ហើយ​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់ធ្ងរ​ដេញ​ពួក​គេ​រហូត​ដល់​ក្រុង​ដាម៉ាស់ និង​តំបន់​នៅ​ជុំ​វិញ​ទី​ក្រុង​នោះ​ផង។  ចំណែក​អ្នក​ក្រុង​បេតធូលី​ទាំង​អស់​ ដែល​នៅ​សេស​សល់ ក៏​ចូល​មក​ជំរំ​របស់​ជន​ជាតិ​អាស្ស៊ីរី ហើយ​នាំ​គ្នា​រឹប​អូស​យក​ជយ​ភណ្ឌ​ជា​ច្រើន។ ៧​ជន​ជាតិ​អ៊ីស្រាអែល​វិល​ត្រឡប់​ ពី​ដេញ​សម្លាប់​សត្រូវ​វិញ ពួក​គេ​ប្រមែ​ប្រមូល​ទ្រព្យ​សម្បត្តិ ទាំង​ប៉ុន្មាន​ដែល​នៅ​សេស​សល់​ក្នុង​ជំរំ។ អ្នក​ភូមិ​នៅ​តាម​តំបន់​ភ្នំ និង​តាម​វាល ក៏​រឹប​អូស​បាន​ជយ​ភណ្ឌ​យ៉ាង​ច្រើន ព្រោះ​ក្នុង​ជំរំ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​អនេក។

ជនជាតិ​អ៊ីស្រាអែល​ អរ​ព្រះ​គុណ​ព្រះជាម្ចាស់
៨​មហា​បូជាចារ្យ​យូអាគីម និង​ក្រុម​ប្រឹក្សា​នៃ​ប្រជា​ជន​អ៊ីស្រាអែល នៅ​ក្រុង​យេរូសាឡឹម អញ្ជើញ​មក​ក្រុង​បេតធូលី ដើម្បី​ចង់​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​របៀប ដែល​ព្រះ​អម្ចាស់​បាន​សង្គ្រោះ​ប្រជា​ជន​អ៊ីស្រាអែល និង​មក​សួរ​សុខ​ទុក្ខ​នាង​យូឌីត​ដែរ។ លុះ​ចូល​ដល់​ផ្ទះ​នាង អស់​លោក​លើក​សរសើរ​នាង​ថា៖ «៩​នាង​ផ្ដល់​សិរី​រុង​រឿង​ដល់​ក្រុង​យេរូសាឡឹម! នាង​ធ្វើ​ឲ្យ​ប្រជា​ជាតិ​អ៊ីស្រាអែល​មាន​មោទនភាព! នាង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​របស់​យើង​មាន​កិត្តិយស​យ៉ាង​ខ្លាំង! ១០​នាង​បាន​ប្រព្រឹត្ត​ការ​ទាំង​នេះ​ដោយ​ដៃ​នាង​ផ្ទាល់! នាង​នាំ​សុភ​មង្គល​មក​ឲ្យ​ប្រជា​ជន​អ៊ីស្រាអែល ហើយ​ព្រះ​ជា​ម្ចាស់ ក៏​សព្វ​ហឫទ័យ​នឹង​កិច្ចការ​ដែល​នាង​បាន​ធ្វើ​នោះ​ដែរ។ សូម​ព្រះ​អម្ចាស់​ដែល​មាន​តេជានុភាព​សព្វ​ប្រការ ប្រទាន​ពរ​ឲ្យ​នាង​រហូត​ត​រៀង​ទៅ»។ ប្រជា​ជន ទាំង​មូល​ឆ្លើយ​ថា៖ «អាម៉ែន!»។

១១ប្រជា​ជន​អ៊ីស្រា​អែល​ទាំង​មូល រឹប​អូស​យក​ជយ​ភណ្ឌ​ក្នុង​ជំរំ​អស់​រយៈ​ពេល​សាម​សិប​ថ្ងៃ។ គេ​យក​ពន្លា​របស់​លោក​ហូឡូភែរ ព្រម​ទាំង​ប្រដាប់​ប្រដា​ធ្វើ​អំពី​ប្រាក់ គ្រែ ចាន តុ ទូទាំង​ប៉ុន្មាន​របស់​លោក​ហូឡូភែរ ប្រគល់​ឲ្យ​នាង​យូឌីត។ នាង​ក៏​យក​គ្រឿង​បរិក្ខារ​ទាំង​នោះ មួយ​ចំនួន​ដាក់​លើ​ខ្នង​លា​របស់​នាង ហើយ​យក​គ្រឿង​ដែល​សេស​សល់ ដាក់​លើ​រទេះ​ដឹក​ចេញ​ទៅ។ ១២​ស្ត្រី​អ៊ីស្រាអែល​ទាំង​អស់​រត់​មក​មើល និង​ជួន​ពរ​នាង។ មាន​ស្ត្រី​ខ្លះ​នាំ​គ្នា​ច្រៀង​ហើយ​រាំ​ជូន​ជា​កិត្តិ​យស​ដល់​នាង។ នាង​យូឌីត​យក​កម្រង​ស្លឹក​ឈើ​ មក​បំពាក់​ឲ្យ​ស្ត្រី ដែល​ដើរ​ជាមួយ​នាង។ នាង​យូឌីត​និង​ស្ត្រី​ដែល​នៅ​ជាមួយ​នាង ក៏​យក​មែក​តូច​ៗ​នៃ​ដើម​អូលីវ មក​ក្រង​ជា​ភួង​ពាក់​លើ​ក្បាល រួច​ដង្ហែ​ជា​ក្បួន​នៅ​មុខ​ប្រជា​ជន​ទាំង​អស់។ ប្រុសៗ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដើរ​តាម​ពួក​នាង​ទាំង​ប្រដាប់​អាវុធ និង​ពាក់​ភួង​ជ័យ​លើ​ក្បាល​ផង ហើយ​នាំ​គ្នា​ច្រៀង​បទ​សរសើរ។ ១៤​ពេល​នៅ​នាង​យូឌីត​ចាប់​ច្រៀង​បទ​អរ​ព្រះ​គុណ​ព្រះជាម្ចាស់ នៅ​កណ្ដាល​ចំណោម ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល។ ប្រជា​ជន​ទាំង​មូល បន្លឺ​សំឡេង​ រួម​ជា​មួយ​នាង​យូឌីត​ សរសើរ​ព្រះ​ជា​អម្ចាស់។