នាងយូឌីត (១៤)

១​នាង​យូឌីត​ប្រាប់​ទៅ​គេ​ថា៖ ​«បង​ប្អូន​អើយ! សូម​ស្ដាប់​នាង​ខ្ញុំ! សូម​យក​ក្បាល នេះ​ទៅ​ព្យួរ​នៅ​កំពែង​របស់​យើង។ ពេល​ព្រឹក​ព្រលឹម​ គឺ​នៅ​ពេល​ដែល​ព្រះ​អាទិត្យ​រះ សូម​បង​ប្អូន​ប្រដាប់​អាវុធ​គ្រប់​ៗ​គ្នា។ សូម​ឲ្យ​ប្រុស​ដែល​មាន​កម្លាំង​អាច​ច្បាំង​បាន ត្រូវ​ចេញ​ពី​ទី​ក្រុង។ ចូរ​តែង​តាំង​មេ​ដឹក​នាំ​ម្នាក់​ឲ្យ​ដើរ​ខាង​មុខ ធ្វើ​ហាក់​ដូច​ជា​អ្នក​រាល់​គ្នា​កំពុង​ទៅ​ទី​វាល គឺ​ដើរ​តម្រង់​ទៅ​កាន់​ខ្សែ​ត្រៀម​របស់​កង​ទ័ព​អាស្ស៊ីរី ប៉ុន្តែ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ចុះ​ទៅ​ទេ។ ៣​នៅ​ពេល​នោះ​ពួក​គេ​យក​អាវុធ​រត់​សំដៅ ​ទៅ​ជំរំ​ដាស់​មេទ័ព​របស់​គេ មេទ័ព​រត់​ទៅ​ដាស់​លោក​ ហូឡូភែរ តែ​រក​លោក​មិន​ឃើញ។ ពួក​គេ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ហើយ​រត់​ប្រាស​អាយុ​ឆ្ងាយ​ពី​អ្នក រាល់​គ្នា​មិន​ខាន។ ៤​រីឯ​អ្នក​រាល់​គ្នា​និង​ប្រជា​ជន​អ៊ីស្រាអែល​ទាំង​អស់ ត្រូវ​ដេញ​តាម​ហើយ​សម្លាប់​ពួក​គេ​ចោល​នៅ​តាម​ផ្លូវ។ ៥​ប៉ុន្តែ​មុន​នឹង​ធ្វើ​ដូច្នេះ សូម​ហៅ​លោក​អឃីយ័រ​ជា​ជន​ជាតិ​អាំម៉ូន​មក​ទីនេះ​សិន ដើម្បី​ឲ្យ​គាត់​ឃើញ និង​ស្គាល់​ក្បាល​អ្នក ដែល​មើល​ងាយ​ប្រជា​ជន​អ៊ីស្រាអែល ហើយ​ចាត់​គាត់​ឲ្យ​មក​ស្លាប់​ជាមួយ​យើង​ នៅ​ទីនេះ»។ ៦​គេ​ក៏​ទៅ​ហៅ​លោក​អឃីយ័រ​ដែល​នៅ​ផ្ទះ​លោក​អូស្យាស។ កាល​គាត់​មក​ដល់​ហើយ​ឃើញ​ក្បាល​លោក​ហូឡូភែរ ​នៅ​ដៃ​បុរស​ម្នាក់​ក្នុង​អង្គ​ប្រជុំ គាត់​ស្លុត​ស្មារតី​ហើយ​សន្លប់​ដួល​លើ​ដី។ ៧​គេ​ក៏​ជួយ​លើក​គាត់​ឲ្យ​ក្រោក​ឡើង​ រួច​គាត់​ក៏​ក្រាប​សំពះ​បាត​ជើង​នាង​យូឌីត​ ហើយ​ពោល​ថា៖​ «សូម​ឲ្យ​គ្រប់​គ្រួសារ​ទាំង​អស់​នៅ​ស្រុក​យូដា​ ជូន​ពរ​នាង! សូម​ឲ្យ​មនុស្ស​គ្រប់​ជន​ជាតិ​ ដែល​ឮ​ឈ្មោះ​របស់​នាង នាំ​គ្នា​ព្រឺ​ខ្លាច​ដោយ​សារ​សេចក្ដី​ក្លាហាន​របស់​នាង។ ៨​ឥឡូវនេះ​ សូម​រៀប​រាប់​ប្រាប់​ខ្ញុំ​បាទ​ឲ្យ​បាន​ដឹង​ផង តើ​នាង​បាន​ប្រព្រឹត្ត​អ្វី​ខ្លះ នៅ​ថ្ងៃ​នោះ»។ នាង​យូឌីត​រៀប​រាប់​ប្រាប់​នៅ​មុខ​ប្រជា​ជន​ទាំង​មូល នូវ​គ្រប់​កិច្ច​ការ​ដែល​នាង​បាន​ប្រព្រឹត្ត តាំង​ពី​ថ្ងៃ​ដែល​នាង​ចេញ​ពី​ក្រុង មក​ដល់​ពេល​ដែល​នាង​និយាយ​ជាមួយ​គាត់។ ៩​លុះ​នាង​រៀប​រាប់​ចប់​សព្វ​គ្រប់​ហើយ ប្រជា​ជន​ទាំង​អស់​អប​អរ​សាទរ​ពោះ​នាង​យ៉ាង​ខ្លាំង ហើយ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ពេញ​ទី​ក្រុង ដោយ​អំណរ​សប្បាយ។ ១០​លោក​អឃីយ័រ​យល់​ពី​កិច្ច​ការ​ទាំង​អស់​ដែល​ព្រះជាម្ចាស់​របស់​ជន​ជាតិ​អ៊ីស្រាអែល ​បាន​ប្រព្រឹត្ត​នោះ គាត់​ជឿ​ជាក់​លើ​ព្រះជាម្ចាស់​ជា​ខ្លាំង ហើយ​ក៏​ព្រម​ទទួល​ពិធី​កាត់​ស្បែក។ តាំង​ពី​ពេល​នោះ​មក​គាត់​ចូល​ជា​សមាជិក​របស់​ប្រជា​ជន អ៊ីស្រាអែល​រហូត​តទៅ។

ជ័យជំនះ​របស់​ជនជាតិ​អ៊ីស្រាអែល
១១​ពេក​ព្រឹក​ព្រលឹម ជន​ជាតិ​អ៊ីស្រាអែល​យក​ក្បាល​លោក​ហូឡូភែរ ទៅ​ព្យួរ​នៅ​លើ​កំពែង​ក្រុង។ បុរស​ទាំង​អស់​ប្រដាប់​អាវុធ​គ្រប់​ដៃ ហើយ​ចេញ​ជា​កងៗ​តំរង់​ទៅ​ចង្កេះ​ភ្នំ។ ១២​ពេល​ជន​ជាតិ​អាស្ស៊ីរី​ឃើញ​ដូច្នេះ ពួក​គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ជម្រាប​នាយ​ទាហាន​របស់​គេ។ នាយ​ទាហាន​នេះ​ក៏​ទៅ​ប្រាប់​មេ​កង​និង​មេ​បញ្ជាការ​ទ័ព​ទាំង​អស់ ១៣​ហើយ​នាំ​គ្នា​ទៅ​ជំរំ​លោក​ហូឡូភែរ​ប្រាប់ លោក​បាកូអាស ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កិច្ចការ​ទាំង​អស់​របស់​លោក​ហូឡួភែរ​ថា៖ «ចូរ​ទៅ​ដាស់​លោក​ម្ចាស់​របស់​យើង​មក ជន​ជាតិ​អ៊ីស្រាអែល​ហ៊ាន​ចុះ​ពី​លើ​ភ្នំ​មក ដើម្បី​ឲ្យ​យើង​កម្ទេច​វា​ហើយ!»។ ១៤លោក​បាកូអាស ស្ទុះ​ចូល​ទៅ​ក្នុង​ជំរំ​ហើយ​គោះ​ទ្វារ​បន្ទប់​ដេក របស់​លោក​ហូឡូភែរ ព្រោះ​គាត់​នឹក​ស្មាន​ថា គាត់​កំពុង​តែ​ដេក​ជាមួយ​នាង​យូឌីត។ ១៥ប៉ុន្តែ​គ្មាន​នរណា ឆ្លើយ​តប​គាត់​ក៏​ហែក​វាំងនន ហើយ​ដើរ​ចូល​ទៅ​ក្នុង ពេល​នោះ​គាត់​ឃើញ​សាក​សព​កំបុត​ក្បាល ទុក​ចោល​នៅ​លើ​គ្រែ​មួយ។ លោក​បាកូអាស​ស្រែក​យ៉ាង​ខ្លាំង​ទាំង​ទ្រហោយំ និង​ហែក​សំលៀក​បំពាក់​របស់​គាត់​ផង។ ១៧​លោក​ដើរ​ចូល​ទៅ​ក្នុង​ជំរំ​ដែល​នាង​យូឌីត​ស្នាក់​នៅ​ពី​មុន​តែ​រក​នាង​មិន​ឃើញ​សោះ។ លោក​ក៏​រត់​ចេញ​ទៅ​រក​ប្រជា​ជន ទាំង​ស្រែក​ថា៖ ១៨«ពួក​ទាសករ​បាន​បះបោរ​ហើយ! ស្ត្រី​ជន​ជាតិ​ហេប្រឺ​តែ​ម្នាក់​បាន​ធ្វើ​ឲ្យ​ព្រះ​បាទ​នេប៊ូកានេសារ និង​រាជ​ការ​ទាំង​អស់​ទទួល​ការ​អាម៉ាស់ សូម​មើល​សព​របស់​លោក​ហូឡួភែរ​កំបុត​ក្បាល​ដេក​លើ​ដី​នេះ»។ ១៩​ពេល​មេ​ទ័ព​ទាំង​អស់​របស់​ជន​ជាតិ​អាស្ស៊ីរី​ឮ​សេចក្ដី​ទាំង​នោះ ពួក​គេ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ហើយ​នាំ​គ្នា​ស្រែក ទ្រហោ​យំ​ពេញ​ជំរំ។