នាងយូឌីត (១៣)

នាង​យូឌីត​កាត់​ក្បាល​លោក​ហូឡូភែរ
១​លុះ​ដល់​យប់​ជ្រៅ ពួក​អ្នក​បម្រើ​របស់​លោក ​នាំ​គ្នា​ប្រញាប់​ប្រញាល់​ចេញ​ទៅ​រៀង​ៗ​ខ្លួន។ លោក​បាកូអាស​បិទ​ជំរំ​លោក​ហូឡូភែរ​ពី​ខាង​ក្រៅ ហើយ​​ប្រាប់ អ្នក​យាម​នៅ​ទី​នោះ​ឲ្យ​ថយ​ចេញ។ ពូក​គេ​ក៏​ចូល​ទៅ​សម្រាក​រៀង​ៗ​ខ្លួន ព្រោះ​គេ​អស់​កម្លាំង​ដោយ​ផឹក​ស្រា​ច្រើន​ពេក។ ២​គេ​ទុក​នាង​យូឌីត​នៅ​តែ​ម្នាក់​ឯង​ក្នុង​ជំរំ​ក្បែរ​លោក​ហូឡូភែរ​ ដែល​ដេក​មិន​ដឹង​ខ្លួន ព្រោះ​គាត់​បាន​ផឹក​ស្រា​ច្រើន​ពេក។ ៣​នាង​យូឌីត​ប្រាប់​ស្រី​បម្រើ​នាង​ឲ្យ​ចេញ​ទៅ​ខាង​ក្រៅ រង់​ចាំ​នាង ព្រោះ​នាង​ចង់​ទៅ​អធិដ្ឋាន​ ដូច​នាង​ធ្លាប់​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ។ នាង​ក៏​ប្រាប់​លោក​បាកូអាស​ដូច្នេះ​ដែរ។ ៤​ពួក​គេ​ចេញ​ទៅ​អស់​ តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ គ្មាន​នរណា​ម្នាក់ ​នៅ​ក្នុង​បន្ទប់​លោក​ហូឡូភែរ​សម្រាន្ត​នោះ​ឡើយ។ ពេល​នោះ​នាង​យូឌីត​ឈរ​ក្បែរ​គ្រែ របស់​លោក​ហូឡូភែរ ហើយ​អង្វរ​ក្នុង​ចិត្ត​ថា៖ «ឱ​ព្រះ​អម្ចាស់​ជា​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​សព្វ​ប្រការ​អើយ! នៅ​ពេល​នេះ​សូម​មេត្តា​ជួយ​ឲ្យ​កិច្ចការ ដែល​នាង​ខ្ញុំ​បម្រុង​នឹង​ធ្វើ ដើម្បី​លើក​កិត្តិ​យស ដល់​ក្រុង​យេរូសាឡឹម​បាន​សម្រេច​ផង។ ដល់​ពេល​ដែល​ព្រះ​អង្គ​ត្រូវ​សង្គ្រោះ​ប្រជា​ជន​ផ្ទាល់​របស់​ព្រះ​អង្គ​ហើយ! សូម​ព្រះ​អង្គ​មេត្តា​ជួយ​ឲ្យ​គម្រោង​ការ​កម្ទេច​ខ្មាំង​សត្រូវ ដែល​លើក​គ្នា​ប្រឆាំង​នឹង​យើង បាន​សម្រេច​ដោយ​ជោគ​ជ័យ»។ ៦​បន្ទាប់​មក​នាង​ដើរ​តម្រង់​ទៅ​ក្បាល​ដំណេក​លោក​ហូឡូភែរ នាង​ក៏​ហូត​ដាវ​របស់​លោក​ដែល​ទុក​នៅ​ក្បែរ​នោះ។ ៧​នាង​ដើរ​តម្រង់​មក​ជិត​គ្រែ​ចាប់​ក្របួច​សក់​លោក​ឡើង​ ហើយ​និយាយ​ថា៖ «ឱ​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​ប្រជា​ជន​អ៊ីស្រាអែល​អើយ! សូម​ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​នាង​ខ្ញុំ​មាន​កម្លាំង និង​ក្លាហាន​នៅ​ពេល​នេះ​ផង»។ ៨​នាង​ក៏​លើក​ដាវ កាប់​ក​របស់​លោក​ហូឡូភែរ​ពីរ​ដាវ​យ៉ាង​អស់​ទំហឹង ក្បាល​របស់​លោក​ក៏​ដាច់​ចេញ​ពី​ខ្លួន។ ៩​នាង​រុញ​សព​របស់​លោក​ហូឡូភែរ ឲ្យ​រមៀល​ចេញ​ពី​គ្រែ ហើយ​បោច​កន្ត្រាក់​មុង​ពី​បង្គោល​ មក​ចង​រំ​ក្បាល​លោក​ហូឡូភែរ រួច​នាង​ចេញ​មក​ក្រៅ ហុច​ក្បាល​លោក​ហូឡូភែរ​ឲ្យ​ស្រី​បម្រើ។ ១០​ស្រី​បម្រើ​បាន​ដាក់​ក្បាល​លោក ក្នុង​ថង់​សម្រាប់​ដាក់​ស្បៀង​អាហារ។ ក្រោយ​មក​ នាង​ទាំង​ពីរ​ក៏​ចាក​ចេញ​ជាមួយ​គ្នា​ដូច​សព្វ​ដង តាម​ទំលាប់​ដែល​ពួក​នាង​ធ្លាប់​ចេញ​ទៅ​អធិដ្ឋាន។ បន្ទាប់​ពី​ដើរ​កាត់​ជំរំ​ពួក​នាង​ដើរ​វាង​ស្ទឹង​រួច​ឡើង​លើ​ភ្នំ​ហើយ​មក​ដល់​ក្លោង​ទ្វារ​ក្រុង​បេតធូលី។

នាង​យូឌីត​ត្រឡប់​មក​ក្រុង​បេតធូលី​វិញ
១១​នាង​យូឌីត​បាន​បន្លឺ​សំឡេង​ពី​ចម្ងាយ​ប្រាប់​អ្នក​យាម​ទ្វារ​ថា៖ «សូម​បើក​ទ្វារ! សូម​បើក​ទ្វារ! ព្រះជាម្ចាស់​ជា​ព្រះ​របស់​យើង​ គង់​នៅ​ជាមួយ​យើង។ ព្រះ​អង្គ​បាន​បង្ហាញ​ឫទ្ធិ​បារមី​នៅ​ស្រុក​អ៊ីស្រាអែល​ហើយ។

នៅ​ថ្ងៃ​នេះ ព្រះ​អង្គ​សំដែង​ព្រះ​ចេស្តា​របស់​ព្រះ​អង្គ​ប្រឆាំង​នឹង​ខ្មាំង​សត្រូវ»។ ១២ពេល​អ្នក​ក្រុង​បេធូលី​បាន​ឮ​សំឡេង​របស់​នាង គេ​ក៏​ប្រញាប់​ប្រញាល់​ចុះ​ទៅ​កាន់​ទ្វារ​ក្រុង​ភ្លាម។ ពួក​គេ អញ្ជើញ​ព្រឹទ្ធាចារ្យ​មក ហើយ​អ្នក​ក្រុង​ក៏​មក​ជួប​ជុំ​ទាំង​អស់​គ្នា ទាំង​ក្មេង​ទាំង​ចាស់ ព្រោះ​គេ​មិន​ជឿ​ថា​នាង​យូឌីត​អាច​ត្រឡប់​មក​វិញ ដូច្នេះ​សោះ។ ពួក​គេ​បើក​ទ្វារ​ហើយ​មក​ទទួល​នាង ទាំង​ដុត​ភ្លើង ដើម្បី​ឲ្យ​មាន​ពន្លឺ ហើយ​នាំ​គ្នា​ចោម​រោម​នាង​ទាំង​ពីរ។ ១៤​នាង​យូឌីត​បាន​បន្លឺ​សំឡេង​ខ្លាំង​ៗ​ឡើង​ថា៖​«សូម​សរសើរ​ព្រះជាម្ចាស់! សូម​សរសើរ​លើក​តម្កើង​ព្រះ​អង្គ! សូម​សរសើរ​តម្កើង​ព្រះ​ជា​ម្ចាស់! ដ្បិត​ព្រះ​អង្គ​តែង​តែ​អាណិត​មេត្តា​ ដល់​ប្រជា​ជន​អ៊ីស្រាអែល​ជានិច្ច។ ព្រះ​អង្គ​បាន​ប្រើ​ដៃ​របស់​ខ្ញុំ ដើម្បី​កម្ទេច​ខ្មាំង​សត្រូវ​របស់​យើង​ នៅ​យប់​នេះ​ហើយ»។

១៥​ពេល​នោះ នាង​យក​ក្បាល​លោក​ហូឡូភែរ​ចេញ​ពី​ថង់​មក​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ និយាយ​ថា៖ «នេះ​គឺ​ជា​ក្បាល​របស់​លោក​ហូឡួភែរ​ជា​មេ​ទ័ព​ជន​ជាតិ​អាស្ស៊ីរី! នេះ​ជា​មុង​របស់​គាត់​កាល​គាត់​ដេក​ស្រវឹង​ស្រា។ ព្រះ​អម្ចាស់​បាន​ប្រហារ​គាត់​ដោយ​ដៃ​ស្រី​ម្នាក់។ ១៦​ព្រះជាម្ចាស់​បាន​ថែ​រក្សា​ការ​ពារ​នាង​ខ្ញុំ ខ្ញុំ​បាន​ប្រើ​សម្ផស្ស​របស់​ខ្ញុំ​ទាក់​ទាញ​ចិត្ត​គាត់ ដើម្បី​ឲ្យ​គាត់​វិនាស​អន្តរាយ។ ប៉ុន្តែ​គាត់​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប​ ជាមួយ​ខ្ញុំ​សោះ​ឡើយ ខ្ញុំ​បាន​ចៀស​ផុត​ពី​ភាព​សៅ​ហ្មង និង​ការ​អាម៉ាស់»។ ១៧ប្រជាជន​ទាំង​អស់​ស្រឡាំងកាំង​ជា​ខ្លាំង ហើយ​នាំ​គ្នា​អោន​កាយ​ក្រាប​ថ្វាយ​បង្គំ​ព្រះជាម្ចាស់​ដោយ​ពោល​ព្រម​ៗ​គ្នា​ថា៖ «បពិត្រ​ព្រះជាម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ នៅ​ថ្ងៃ​នេះ ព្រះ​អង្គ​បាន​កម្ទេច​ខ្មាំង​សត្រូវ នៃ​ប្រជា​ជន​របស់​ព្រះ​អង្គ យើង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ​អង្គ»។

១៨​លោក​អូស្យាស​មាន​ប្រសាសន៍​ទៅ​កាន់​នាង​យូឌីត​ថា៖ «កូន​ស្រី​អើយ! សូម​ព្រះជាម្ចាស់​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ប្រទាន​ពរ ដល់​នាង​លើស​ស្រី​នានា​នៅ​លើ​ផែន​ដី។ សូម​លើក​តម្កើង​ព្រះ​ជា​អម្ចាស់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន​ដី​គឺ​ព្រះ​អង្គ​បាន​នាំ​ផ្លូវ​នាង ទៅ​វាយ​ក្បាល​ខ្មាំង​សត្រូវ​យើង។

១៩​មនុស្ស​ជំនាន់​ក្រោយ​ នឹង​មិន​ភ្លេច​សេចក្ដី​សង្ឃឹម​របស់​នាង​ឡើយ ហើយ​ចង​ចាំ​ស្នា​ព្រះ​ហស្ត​របស់​ព្រះជាម្ចាស់ ប្រកប​ដោយ​តេជានុភាព​អស់​កល្ប​ជានិច្ច។ ២០​សូម​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​នាង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​ជាដរាប​តទៅ សូម​ព្រះ​អង្គ​ប្រទាន​សេចក្ដី​សុខ​សាន្ត​ឲ្យ​នាង ព្រោះ​នាង​បាន​ប្រថុយ​ជីវិត​ក្នុង​ពេល​ដែល​ជន​ជាតិ​យើង​កំពុង​ទទួល​ក្ដី​អាម៉ាស់។ នាង​ធ្វើ​ឲ្យ​យើង​រួច​ផុត​ពី​គ្រោះ​មហន្ត​រាយ​ដោយ​ប្រព្រឹត្ត​យ៉ាង​ទៀង​ត្រង់​ នៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ​ជា​ម្ចាស់​របស់​យើង»។ ប្រជា​ជន​ទាំង​មូល​ឆ្លើយ​ថា៖​«អាម៉ែន! អាម៉ែន!»។