នាងយូឌីត (១២)

នាង​យូឌីត​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ជំរំ​ខ្មាំង​សត្រូវ
១​លោក​ហូឡូភែរ​នាំ​នាង​ទៅ​កាន់​តុ​របស់​លោក ដែល​មាន​សុទ្ធ​តែ​ចាន​និង​កែវ ដែល​ធ្វើ​ពី​ប្រាក់។ លោក​បញ្ជា​ឲ្យ​គេ​យក​ម្ហូប​អាហារ និង​ស្រា​របស់​លោក​ផ្ទាល់ មក​ជូន​នាង​ពិសា។ ២​ប៉ុន្តែ​នាង​យូឌីត​ពោល​ថា៖ «នាង​ខ្ញុំ​មិន​អាច​បរិភោគ​អាហារ​របស់​លោក បាន​ទេ ក្រែង​នាំ​ឲ្យ​នាង​ខ្ញុំ​ប្រព្រឹត្ត​ល្មើស​នឹង​វិន័យ។ នាង​ខ្ញុំ​នឹង​បរិភោគ​អាហារ ​ដែល​នាង​ខ្ញុំ​បាន​យក​មក​ជាមួយ»។ ៣​លោក​ហូឡូភែរសួរ​ថា៖ «នៅ​ពេល​ស្បៀង​អាហារ​ទាំង​នេះ​អស់ តើ​ឲ្យ​យើង​ទៅ​រក​អាហារ​ដូច​នេះ​សម្រាប់​នាង​ឯណា! បើ​គ្មាន​ជន​ជាតិ​អ៊ីស្រា​អែល​ណា​ម្នាក់​នៅ​ក្នុង​ជំរំ​នេះ​ផង?»។ នាង​យូឌីត​តប​វិញ​ថា៖ «ក្នុង​នាម​លោក​ម្ចាស់​ដែល​មាន​ជីវិត ព្រះ​អម្ចាស់​នឹង​សម្រេច​គម្រោង​ការ​របស់​ព្រះ​អង្គ​ដោយ​សារ​នាង​ខ្ញុំ មុន​ពេក​ដែល​ត្រូវ​អស់​ស្បៀង​អាហារ​នេះ​ទៅ​ទៀត»។ ៥​នាយ​ទាហាន​របស់​លោក​ហូឡូភែរ​នាំ​នាង​ចូល​ទៅ​ក្នុង​ជំរំ រហូត​ដល់​កណ្ដាល​អធ្រាត្រ។ លុះ​ថ្ងៃ​ជិត​រះ នាង​ក្រោក​ពី​ដំណេក ៦​ហើយ​ឲ្យ​គេ​ទៅ​ជម្រាប​លោក​ហូឡូភែរ​ថា៖​«សូម​លោក​ម្ចាស់ អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ចេញ​ទៅ​ក្រៅ ដើម្បី​អធិដ្ឋាន»។ ៧​លោក​ហូឡូភែរ​បញ្ជា​ដល់​អង្គ​រក្ស​របស់​លោក អនុញ្ញាត​ឲ្យ​នាង​ចេញ​ទៅ។ នាង​យូឌីត​ស្នាក់​ក្នុង​ជំរំ​អស់​រយៈ​ពេល​បី​ថ្ងៃ។ នៅ​ពេល​យប់ នាង​តែង​តែ​ចេញ​ពី​ជំរំ​ទៅ​ជ្រលង​ភ្នំ​ក្បែរ​ក្រុង​បេតធូលី នាង​តែង​តែ​ចុះ​ងូត​ទឹក​នៅ​ត្រង់​ប្រភព​ទឹក​នោះ។ ៨​ពេល​នាង​ឡើង​មក​វិញ​នាង​អង្វរ​ព្រះជាម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា​អែល ឲ្យ​មាន​សេរី​ភាព។ ៩​បន្ទាប់​ពី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​ហើយ នាង​ក៏​ត្រឡប់​ជំរំ​វិញ ហើយ​ស្នាក់​នៅ​ទី​នោះ រហូត​ដល់ ពេល​គេ​យក​អាហារ​សម្រាប់​ពេល​ល្ងាច​មក​ជូន​នាង​បរិភោគ។

ពិធីជប់លៀង​របស់​លោក​ហូឡូភែរ
១០​ដល់​ថ្ងៃ​ទី​បួន​លោក​ហូឡូ​ភែរ​អញ្ជើញ​តែ​នាយ​ទាហាន​ដែល​ជា​សហការី​ជិត​ដិត​នឹង លោក​តែ​ប៉ុណ្ណោះ។ លោក​មិន​បាន​អញ្ជើញ​នាយ​ទាហាន​ឯទៀត​ៗ​ទេ។ ១១​លោក​មាន​ប្រសាសន៍ ទៅ​កាន់​លោក​បាកូអាស ដែល​ជា​មហា​តលិក​ទទួល​ខុស​ត្រូវ​លើ​កិច្ចការ​ទាំង​អស់​របស់​លោក​ថា៖​«សូម​ទៅ​និយាយ​លួង​លោម បញ្ចុះ​បញ្ចូល​ស្ត្រី​ជន​ជាតិ​ហេប្រឺ ដែល​លោក​មើល​ថែ​រក្សា ឲ្យ​មក​ពិសា​អាហារ និង​ស្រា​ជាមួយ​ពួក​យើង។ ១២​ប្រសិន​បើ បណ្ដោយ​ឲ្យ​ស្ត្រី​ដ៏​ល្អ​ស្អាត​បែប​នេះ រួច​ខ្លួន​ ដោយ​មិន​បាន​ឆក់​ឱកាស​សប្បាយ​ជាមួយ​នាង​ទេ​នោះ​គួរ​ឲ្យ​អាម៉ាស់​ខ្លាំង​ណាស់។ បើ​យើង​មិន​បាន​ឆ្លៀត​ឱកាស​ទេ នាង​ប្រាកដ​ជា​សើច​ចំអក​ដាក់​យើង​មិន​ខាន»។ ១៣ពេល​នោះ លោក​បាកូអាស ក៏​ចាក​ចេញ​ពី​លោក​ហូឡូភែរ ទៅ​ជួប​នាង​យូឌីត​ហើយ​ប្រាប់​នាង​ថា៖​«ស្រស់​ស្រី​អើយ! ម្ចាស់​ខ្ញុំ​អញ្ជើញ​នាង​ទៅ​ជំរំ​របស់​លោក កុំ​រុញ​រា​ឡើយ! សូម​នាង​អញ្ជើញ​ចូល​រួម​ពិសា​ស្រា​ជាមួយ​ពួក​យើង នាង​នឹង​ទទួល​កិត្តិ​យស ហើយ​បាន​សប្បាយ​ដូច​ពួក​ស្រីៗ​របស់​ជន​ជាតិ អាស្ស៊ីរី​នៅ​ក្នុង​រាជ​វាំង​របស់​ព្រះ​បាទ​នេប៊ូកា​នេសារ​ដែរ»។ ១៤​នាង​យូឌីត​ឆ្លើយ​តប​វិញ​ថា៖ «តើ​នាង​ជា​នរណា​ទើប​ហ៊ាន​បដិសេធ ការ​អញ្ជើញ​របស់​ម្ចាស់​នាង​ខ្ញុំ​កើត!។ នាង​ខ្ញុំ​មិន​រា​រែក​ធ្វើ​អ្វីៗ​ទាំង​អស់ ដែល​គាប់​ចិត្ត​លោក​ម្ចាស់ ដោយ​សប្បាយ​រីក​រាយ​អស់​មួយ​ជីវិត!»។ ១៥​នាង​ក្រោក​ឡើង​យក​សំលៀក​បំពាក់​ដ៏​ល្អ​ប្រណីត និង​គ្រឿង​អលង្ការ​មក​ពាក់។ ស្រី​បម្រើ​របស់​នាង​ចូល​ទៅ​ក្នុង​ជំរំ​លោក ហូឡូភែរ​ហើយ​យក​ស្បែក​ចៀម​ដែល​បាកូអាស​បាន​ប្រគល់ ឲ្យ​នាង​ប្រើ​ប្រាស់​ជា​រៀង​រាល់​ថ្ងៃ ពេល​បរិភោគ។ ១៦​នាង​យូឌីត​ចូល​ទៅ​ក្នុង​ជំរំ​ ហើយ​ទម្រេត​ខ្លួន​លើ​ស្បែក​ចៀម​នោះ។ ពេល​នោះ លោក​ហូឡួភែរ​រំភើប​ចិត្ត​ហើយ​ស្រើប​ស្រាល​ជា​ខ្លាំង ដោយ​ចង់​រួម​រស់​ជា​មួយ​នាង។ តាំង​ពី​លោក​ឃើញ​នាង​ជា​លើក​ដំបូង​ម្ល៉េះ លោក​តែង​រង់​ចាំ​ឱកាស​ល្អ ដើម្បី​លួង​លោម​បញ្ចុះ​បញ្ចូល​នាង។ ១៧​លោក​ហូឡូភែរ​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖ «សូម​នាង​ពិសា​ស្រា​សប្បាយ​ជាមួយ​យើង»។ ១៨នាង​យូឌីត​តប​វិញ​ថា៖​«លោក​ម្ចាស់​ថ្ងៃ​នោះ​នាង​ខ្ញុំ​យល់​ព្រម​ផឹក​ស្រា ព្រោះ​តាំង​ពី​កើត​មក​រហូត​ដល់​សព្វ​ថ្ងៃ នាង​ខ្ញុំ​ពុំ​ដែល​មាន​កិត្តិ​យស​ដូច​ថ្ងៃ​នេះ​ទេ!»។ ១៩​នាង​យូឌីត​បរិភោគ​ម្ហូប​អាហារ​ដែល​អ្នក​បម្រើ​បាន​រៀប​ចំ​ពី​ផ្ទះ​នៅ​ទល់​មុខ​លោក​ហូឡូភែរ។ ២០​លោក​ហូឡូភែរ​សប្បាយ ចិត្ត​យ៉ាង​ខ្លាំង​ព្រោះ​តែ​នាង​យូឌីត។ លោក​ផឹក​ស្រា​យ៉ាង​ច្រើន​លើស​ពី​ពេល​ណាៗ​ទាំង​អស់។