នាងយូឌីត (១១)

នាងយូឌីតនៅចំពោះមុខ​លោកហូឡូភែរ
លោក​ហូឡួភែរ​និយាយ​​ ទៅ​កាន់​នាង​យូឌីត​ថា៖ «ចូរ​នាង​ទុក​ចិត្ត​ចុះ​ កុំ​ភ័យ ខ្ញុំ​មិន​ធ្វើបាប​ជន​ណា​ម្នាក់​ដែល​សុខ​ចិត្ត​បម្រើ​ព្រះ​បាទ​នេប៊ូកា​នេសារ ជា​ព្រះ​មហា​ក្សត្រ​នៃ​ផែន​ដី​ទាំង​មូល​ទេ។ ២​តាម​ពិត ប្រសិន​បើ​ប្រជា​ជន​របស់​នាង ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​នេះ​មិន​បាន​មើល​ងាយ​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិន​កាន់​អាវុធ​មក​ច្បាំង​នឹង​គេ​ដែរ ពួក​អ៊ីស្រា​អែល​ខ្លួន​ឯង​ទេ​តើ​ដែល​ធ្វើ​បាប​ខ្លួន​នោះ! ឥឡូវ​នេះ សូម​ប្រាប់​ខ្ញុំ​មក​ហេតុ​អ្វី​បាន​ជា​នាង​រត់​ចោល​ពូក​គេ ហើយ​មក​សុំ​ចុះ​ចូល​ខាង​ខ្ញុំ​ទៅ​វិញ? នាង​រត់​មក​ដូច្នេះ​រួច​ខ្លួន​ហើយ! ចូរ​ទុក​ចិត្ត​ចុះ​ចាប់​ពី​យប់​នេះ​ត​ទៅ ជីវិត​នាង​នឹង​រស់​រាន​ជា​រៀង​រហូត។ ៤​គ្មាន​នរណា​ធ្វើ​បាប​នាង​ទេ ផ្ទុយ​ទៅ​វិញ គេ​នឹង​ធ្វើ​ល្អ ចំពោះ​នាង​ដូច​គេ​ធ្លាប់​ធ្វើ​ចំពោះ​អ្នក​បម្រើ​របស់​ព្រះ​បាទ​នេប៊ូកា​នេសារ​ ជា​ម្ចាស់​របស់​ខ្ញុំ​ដែរ»។ ៥​នាង​យូឌីត​ពោល​ទៅ​កាន់​លោក​មេ​បញ្ជា​ការ​ថា៖ «សូម​លោក​មេត្តា​ស្ដាប់​ពាក្យ​របស់​ខ្ញុំ​សិន សូម លោក​អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ជម្រាប​ផង! អ្វីៗ​ដែល​នាង​ខ្ញុំ​ជម្រាប​លោក​ម្ចាស់​នៅ​ពេល​យប់​នេះ គឺ​សុទ្ធ​តែ​ជា​ពាក្យ​ពិត​ទាំង​អស់ គ្មាន​កុហក​ភូតភរ​ឡើយ។ ៦​ប្រសិន​បើ​លោក​ម្ចាស់​សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​ដែល​នាង​ខ្ញុំ​ជម្រាប​នោះ ព្រះជាម្ចាស់​មុខ​ជា​ជួយ​លោក​ម្ចាស់​ ឲ្យ​សម្រេច​ការ​អស្ចារ្យ​ពុំខាន ហើយ​លោក​ម្ចាស់​ត្រូវ​តែ​ទទួល​ជោគ​ជ័យ​ ជានិច្ច​ដែរ។ ៧​នាង​ខ្ញុំ​សូម​ស្បថ ក្នុង​នាម​ព្រះ​ចៅ​នេប៊ូកា​នេសារ ជា​ព្រះ​មហា​ក្សត្រ​នៃ​ផែន​ដី​ទាំង​មូល​ដែល​ទ្រង់​មាន​ព្រះ​ជន្ម​គង់​នៅ និង​មាន​អំណាច​ដ៏​ខ្លាំង​ថា ព្រះ​រាជា​បាន​ចាត់​លោក​ម្ចាស់​ឲ្យ​មក​តំរែតម្រង់​សត្វ​លោក​ទាំង​អស់ ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ ហើយ​ដោយ​សារ​លោក​ម្ចាស់​ មនុស្ស​ទាំង​អស់​នឹង​បម្រើ​ព្រះ​រាជា។ មិន​តែ​ប៉ុណ្ណោះ​សោត សត្វ​ព្រៃ​ សត្វ​ស្រុក​ បក្សា​បក្សី​ នឹង​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ​បាទ​នេប៊ូកា​នេសារ និង​រស់​ក្រោម​អំណាច​លោក​ដែរ។ ៨​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ឮ​គេ​និយាយ​គ្រប់​ម៉ាត់​ ពី​ប្រាជ្ញា​ឈ្លាសវៃ​របស់​លោក​ម្ចាស់​នៅ​លើ​ផែន​ដី​ទាំង​មូល គេ​រៀប​រាប់​ថា​ក្នុង​រាជា​ណា​ចក្រ​ទាំង​មូល មាន​តែ​លោក​ម្ចាស់​ទេ​ដែល​មាន​ចិត្ត​សប្បុរស ចេះ​ដឹង​ស្ទាត់​ជំនាញ ព្រម​ទាំង​ចំណាន​ក្នុង​ការ​ធ្ធើ​សង្គ្រាម​ទៀត​ផង។ ៩​ចំពោះ​ពាក្យ​សំដី​ដែល​លោក​អឃីយ័រ​បាន​ពោល​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា យើង​ខ្ញុំ​ក៏​បាន​ឮ​ដែរ ដ្បិត​អ្នក​ស្រុក​បេតធូលី​បាន​សង្គ្រោះ​ជន​នោះ​ ហើយ​គាត់​បាន​ប្រាប់​យើង​ខ្ញុំ​នូវ​អ្វី​ៗ​ដែល​គាត់​បាន​និយាយ​នៅ​ចំពោះ​មុខ​លោក​ម្ចាស់។ ១០​បពិត្រ​លោក​ម្ចាស់​ដ៏​ជា​ទី​គោរព! សូម​លោក​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​សំដី​របស់​លោក​អឃីយ័រ​បាន​ជម្រាប។ សូម​ចង​ចាំ​ពាក្យ​របស់​គាត់ ព្រោះ​សេចក្ដី​ទាំង​នោះ​ជា​ការ​ពិត។ ប្រសិន​បើ​ជាតិ​សាសន៍​យើង​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​ទេ គ្មាន​នរណា​អាច​ធ្ធើ​ទោស​ជាតិ​សាសន៍​យើង​ខ្ញុំ ឫ​គ្មាន​នរណា​អាច​កាប់​សម្លាប់​យើង​ខ្ញុំ​ដោយ​ដាវ​បាន​ឡើយ។ ១១​តែ​ឥឡូវ​នេះ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប បណ្ដាល​ឲ្យ​ព្រះ​របស់​គេ ទ្រង់​ពិរោធ​ដូច​ពេល​ពួក​គេ​ប្រព្រឹត្ត​បទ​ល្មើស​ ជា​រៀង​រាល់​លើក​ដែរ។ ដូច្នេះ ពូក​គេ​មុខ​ជា​ត្រូវ​ស្លាប់​មិន​ខាន ហើយ​លោក​នឹង​មាន​ជ័យជំនះ​អាច​ត្រឡប់​ទៅ​ស្រុក​វិញ​ទៀត​ផង។ ១២​ពួក​គេ​ខ្វះ​ស្បៀង​អាហារ​យ៉ាង​ខ្លាំង ហើយ​ទឹក​ក៏​កាន់​តែ​ជិត​អស់ ពួក​គេ​បាន​សំរេច​ចិត្ត សម្លាប់​សត្វ​របស់​គេ​ដើម្បី​បរិភោគ ដែល​នាំ​ឲ្យ​ប្រាស​ចាក​វិន័យ​របស់​ព្រះ​ជាម្ចាស់ ហាម​ឃាត់​មិន​ឲ្យ​សម្លាប់​សត្វ​ធ្វើ​ជា​អាហារ។ ១៣សូម្បី​តែ​ផល​ស្រូវ​ដំបូង​និង​ចំណែក​មួយ​ភាគ​ដប់​នៃ​ស្រា និង​ប្រេង​ចំនួន​មួយ​ភាគ​ដប់ ដែល​ពួក​គេ​ទុក​សម្រាប់​បូជាចារ្យ ជា​អ្នក​បម្រើ​នៅ​ចំពោះ​ព្រះភ័ក្រ្ត​របស់​ព្រះ​នៃ​យើង នៅ​ក្រុង​យេរូ​សាឡឹម ក៏​ពួក​គេ​សម្រេច​យក​ទៅ​បរិភោគ​ដែរ។ តាម​វិន័យ​គ្មាន​នរណា​ម្នាក់ ក្នុង​ចំណោម​ប្រជា​ជន​ទាំង​អស់​មាន​សិទ្ធ​ប៉ះ​ពាល់​អាហារ​ទាំង​នោះ ជា​ដាច់​ខាត។ ១៤​ប៉ុន្តែ អ្នក​ក្រុង​យេរូសាឡឹម​បាន​ធ្វើ​ដូច្នេះ​ហើយ​ទើប​អ្នក​ក្រុង​បេតធូលី​ចាត់​គា្ន ឲ្យ​ទៅ​ជួប​ក្រុម​ប្រឹក្សា​ព្រឹទ្ធាចារ្យ នៃ​ក្រុង​យេរូសាឡឹម ដើម្បី​សុំ​ច្បាប់​អនុញ្ញាត​ធ្វើ​បែប​នេះ។ ១៥​នៅ​ថ្ងៃ​ណា​ពួក​គេ​បាន​ច្បាប់​អនុញ្ញាត​ហើយ ពួក​គេ​នឹង​បរិភោគ​អាហារ​ទាំង​នេះ។ នៅ​ថ្ងៃ​នោះ​ព្រះជាម្ចាស់​និង​ប្រគល់​ពួក​គេ មក​ក្នុង​កណ្ដាប់​ដៃ​លោក​ម្ចាស់​ហើយ​លោក​ម្ចាស់​នឹង​បំផ្លាញ​ពួក​គេ ឲ្យ​វិនាស​អន្តរាយ។ ១៦នាង​ខ្ញុំ​ដឹង​សេចក្ដី​ទាំង​នេះ​ហើយ​ទើប​នាង​ខ្ញុំ​រត់​ចោល​ពួក​គេ។​ខ្លាច​ឡើយ! ព្រះជាម្ចាស់​បាន​ចាត់​ឲ្យ​នាង​ខ្ញុំ​មក​ទី​នេះ​រួម​ជា​មួយ​លោក​ម្ចាស់ ដើម្បី​សម្រេច​កិច្ចការ​មួយ ដែល​មនុស្ស​នៅ​លើ​ផែន​ដី​គ្រប់​ៗ​រូប​នឹង​ស្រឡាំងកាំង​ ពេល​ឮ​ដំណឹង​នេះ។ ១៧នាង​ខ្ញុំ​តែង​តែ​ស្មោះ​ស្ម័គ្រ​គោរព​ប្រណិប័តន៍ និង​បម្រើ ព្រះជាម្ចាស់​នៅ​ស្ថាន​បរម​សុខ​ទាំង​ថ្ងៃ​ទាំង​យប់។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ នាង​ខ្ញុំ​នឹង​ស្នាក់​នៅ​ក្នុង​ជំរំ​របស់​លោក​ម្ចាស់។ ប៉ុន្តែ​រៀង​រាល់​យប់​នាង​ខ្ញុំ​នឹង​ចេញ​ទៅ​ជ្រលង​ភ្នំ ដើម្បី​សុំ​អង្វរ​ព្រះជាម្ចាស់។ ពេល​ណា​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប ព្រះ​ពិត​ជា​មាន​បន្ទូល​ប្រាប់​នាង​ខ្ញុំ​មិន​ខាន។ ១៨​ពេល​នោះ ខ្ញុំ​និង​នាំ​ដំណឹង​នោះ​មក​ជម្រាប​លោក​ម្ចាស់ ហើយ​លោក​ម្ចាស់​នឹង​នាំ​ទ័ព​ទាំង​អស់​ទៅ​វាយ​សម្រុក​ពូក​គេ​ ក្នុង​ចំណោម​ពួក​គេ​គ្មាន​នរណា​ម្នាក់​ អាច​ទប់​ទល់​នឹង​លោក​ម្ចាស់​បាន​ឡើយ។ ១៩​នាង​ខ្ញុំ​និង​នាំ​ផ្លូវ​លោក​ម្ចាស់​ឲ្យ​ដើរ​កាត់​ស្រុក​យូដា រហូត​ដល់​ស្រុក​យេរូ​សាឡឹម។ នាង​ខ្ញុំ​នឹង​តាំង​បល្ល័ង្ក​របស់​លោក​ម្ចាស់​នៅ​កណ្ដាល​ក្រុង​នោះ។ លោក​ម្ចាស់​នឹង​ដឹក​នាំ​ពួក​គេ​ដូច​សត្វ​ចៀម​ដែល​គ្មាន​គង្វាល ហើយ​ក៏​គ្មាន​ឆ្កែ​ណា​មួយ​ហ៊ាន​ព្រូស​ប្រឆាំង​នឹង​លោក​ម្ចាស់​ដែរ។ ព្រះជាម្ចាស់​មាន​ព្រះ​បន្ទូល មក​កាន់​នាង​ខ្ញុំ ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​នាង​ខ្ញុំ​ នឹង​សេចក្ដី​ទាំង​នេះ​ជា​មុន​ហើយ​ព្រះ​អង្គ​ក៏​ចាត់ នាង​ខ្ញុំ​ឲ្យ​មក​ជម្រាប​លោក​ម្ចាស់​ដែរ»។

២០​លោក​ហូឡូភែរ​ និង​ នាយ​ទាហាន​របស់​លោក​ពេញ​ចិត្ត​នឹង​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​នាង​យូឌីត​ពោល​នោះ ហើយ​នាំ​គ្នា​សរសើរ​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​របស់​នាង។ អស់​លោក​និយាយ​គ្នា​ថា៖ ២១«ក្នុង​ពិភព​លោក​ទាំង​មូល​ មិន​អាច​រក​ស្ត្រី​ណា ដែល​ស្អាត​ហើយ​មាន​ប្រាជ្ញា​ដូច​នាង​នេះ​ទេ»។

២២លោក​ហូឡូភែរ​មាន​ប្រសាសន៍​ទៅ​កាន់​នាង​យូឌីត​ថា៖​«ព្រះជាម្ចាស់​ចាត់​ឲ្យ​នាង​មក​ទី នេះ​ឃ្លាត​ឆ្ងាយ​ពី​ប្រជា​ជន​របស់​នាង ព្រះ​អង្គ​នឹង​ប្រទាន​ជ័យជំនះ​មក​យើង ព្រះ​អង្គ​នឹង​បំផ្លាញ​អ្នក មើល​ងាយ​ព្រះ​ចៅ​នេប៊ូកា​នេសារ​ជា​ព្រះ​របស់​ខ្ញុំ ព្រះ​អង្គ​ប្រព្រឹត្ត​ដូច្នេះ​ប្រសើរ​ណាស់។ ២៣​ចំណែក​នាង​វិញ នាង​មិន​ត្រឹម​តែ​ស្អាត​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​អាច​និយាយ​បាន​ល្អ​ទៀត​ផង។ ប្រសិន​បើ​នាង​ធ្វើ​ដូច​ពាក្យ​ដែល​នាង​ប្រាប់​មែន ព្រះ​របស់​នាង​ក៏​ដូច​ជា​ព្រះ​របស់​ខ្ញុំ​ដែរ។ នាង​និង​ទៅ​រស់​នៅ​ក្នុង​រាជ​វាំង​របស់​ព្រះ​បាទ​នេប៊ូកា​នេសារ ហើយ​នាង​នឹង​មាន​ឈ្មោះ​ល្បី ក្នុង​ពិភព​លោក​ទាំង​មូល​ដែរ»។