នាងយូឌីត (០១)

ព្រះ​បាទ​នេប៊ូកា​នេសារ​ធ្វើ​សង្គ្រាម​ឈ្នះ​ព្រះ​បាទ​អរផាសាដ
នៅ​ឆ្នាំ​ទី​ដប់​ពីរ នៃ​រជ្ជ​កាល​ព្រះ​បាទ នេប៊ូកា​នេសារ​ជា​ស្ដេច ស្រុក​អាស្ស៊ីរី​នៅ​ក្រុង​នីនីវេ ជា​មហា​នគរ។ ចំណែក​ឯ​ព្រះ​បាទ​អរ​ផាសាដ​វិញ ទ្រង់​គ្រង​រាជ្យ​លើ​ជន​ជាតិ​ម៉ែដ ហើយ​គង់​នៅ​រាជ​ធានី​អែក​បាតាន។ ព្រះ​បាទ​អរផា​សាដ៍​បញ្ជា​​ឲ្យ​គេ​យក​ថ្ម ដែល​មាន​បណ្ដោយ​ប្រវែង​ប្រាំ​មួយ​ហត្ថ និង​ទទឹង​បី​ហត្ថ មក​សាង​កំពែង​ជុំវិញ​អែក​បាតាន។ កំពែង​នេះ​មាន​កម្ពស់​ចិត សិប​ហត្ថ ទទឹង​ហា​សិប​ហត្ថ។ នៅ​សង​ខាង​ខ្លោង​ទ្វារ​ក្រុង​ស្ដេច​ឲ្យ​គេ​សង់​ប៉ម ដែល​មាន​កម្ពស់ មួយ​រយ​ហត្ថ ហើយ​ចាក់​គ្រឹះ​មាន ទទឹង​ហុកសិប​ហត្ថ។ ៤​ស្ដេច​ក៏​សង់​ទ្វារ​ក្រុង​ដែរ។ ទ្វារ​ទាំង​នោះ​មាន​កម្ពស់​ចិត​សិប​ហត្ថ និង​ទទឹង​សែ​សិប​ហត្ថ សម្រាប់​ឲ្យ​កង​ទ័ព និង​កង​ពល​ថ្មើរ​ជើង​ចេញ​ទៅ​ច្បាំង។ ៥​នៅ​គ្រា​នោះ ព្រះ​បាទ​នេប៊ូកា​នេសារ ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​ព្រះ​បាទ​អរផាសាដ៏ នៅ​វាល​ទំនាប​ដ៏​ធំ​ក្បែរ​ក្រុង​រ៉ាកូ។៦​អ្នក​ស្រុក​ទាំង​អស់ ដែល​រស់​នៅ​តាម​តំបន់​ភ្នំ តាម​ទន្លេ​អឺប្រាត​ទន្លេ​ទីគ្រ ទន្លេ​ហ៊ី​ដាស់ ព្រម​ទាំង​អ្នក​ស្រុង​ដែល​រស់​នៅ​តាម​វាល ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង របស់​ព្រះ​បាទ​អរីយុគ ជា​ស្ដេច​ជន​ជាតិ​អេលី​ម៉ាអ៊ីស ក៏​ចូល​រួម​ជាមួយ​កង​ទ័ព​របស់​ស្ដេច នេប៊ូកា​នេសារ​ដែរ។ កង​ទ័ព​នៃ​ប្រជា​ជាតិ​ជាច្រើន រួម​គ្នា​ជាមួយ​កង​ទ័ព​បាប៊ីឡូន។ ៧​គ្រា​នោះ ព្រះ​បាទ​បេប៊ូកា​នេសារ ជា​ស្ដេច​នៅ​ស្រុក​អាស្ស៊ីរី ចាត់​អ្នក​នាំ​សារ​ទៅ​ទាក់​ទង​គ្រប់​ជាតិ​សាសន៍ គឺ​អស់​អ្នក​ដែល​រស់​នៅ​ស្រុក​ពែរ្ស និង​អ្នក​ដែល​រស់​នៅ​ប៉ែក​ខាង​លិច​នៃ​ស្រុក​ពែរ្ស អ្នក​ដែល​នៅ​ស្រុក​ស៊ីលីស៊ី និង​ក្រុង​ដាម៉ាស់​នៅ​តំបន់​ភ្នំ​លីបង់ ភ្នំ​អង់​ទី​លីបង់ អស់​អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ ៨​ព្រម​ទាំង​ប្រជា​ជន​ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​ការ​មែល ស្រុក​កាឡាដ ប៉ែក​ខាង​ជើង​ស្រុក​កាលីឡេ និង​នៅ​តាម​វាល​អេស្រ្តឡូន​ផង។ ៩​ស្ដេច​ក៏​ចាត់​អ្នក​នាំ​សារ ទៅ​ទាក់​ទង​នឹង​អ្នក​ស្រុក​សាម៉ារី​ទាំង​អស់ និង​តំបន់​ប៉ែក​ខាង​លិច​នៃ​ទន្លេ​យ័រដាន់ រហូត​ដល់​ក្រុង​យេរូ​សាឡឹម ក្រុង​បាតាណេ​ កេលូសកាដែស រហូត​ដល់​ជ្រោះ​នៃ​ព្រំ​ប្រទល់​ស្រុក​អេស៊ីប ទៅ​ក្រុង​តាបាណែស រ៉ាមសេស និង​តំបន់​កូសែម​ទាំង​មូល ១០​គឺ​រហូត​ទៅ​ដល់​ក្រុង​តានិ ម៉ឹមភីស ហើយ​និង​អស់​អ្នក ដែល​រស់​នៅ​ក្នុង​ស្រុក​អេត្យូពី​ទៀត។ ១១ ប៉ុន្តែ​អ្នក​ស្រុក​នៅ​តំបន់​ទាំង​នោះ បាន​មើល​ងាយ​រាជ​ឱង្ការ​របស់​ព្រះ​បាទ​នេប៊ូកា​នេសារ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី ហើយ​មិន​ព្រម​ចូល​រួម ដើម្បី​ធ្វើ​សង្គ្រាម​ទៀត​ផង ព្រោះ​គេ​មិន​ខ្លាច​ស្ដេច​ទេ ហើយ​រួម​គ្នា​ជា​ធ្លុង​តែ​មួយ​ប្រឆាំង​ស្ដេច​វិញ។ ពួក​គេ​ក៏​បណ្ដេញ​អ្នក​នាំ​សារ​របស់​ស្ដេច ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ​ទាំង​អាម៉ាស​មុខ​យ៉ាង​ខ្លាំង ដោយ​គ្មាន​កង​ទ័ព​ណា​ម្នាក់​ទៅ​ជា​មួយ​ឡើយ។ ១២​ហេតុ​ការណ៍​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ព្រះ​បាទ​នេប៊ូកា​នេសារ ទ្រង់​ព្រះ​ពិរោធ​យ៉ាង​ខ្លាំង​ហើយ​ស្បថ​ដោយ​យក​រាជ​បល្ល័ង្ក និង​រាជា​ណាចក្រ ធ្វើ​ជា​សាក្សី​ថា នឹង​សង​សឹក​ទៅ​លើ​ប្រជា​ជន​ដែល​រស់​នៅ​តំបន់​នោះ គឺ​ប្រហារ​ជីវិត​អ្នក​ស្រុក​ស៊ីលីស៊ី តំបន់​ក្រុង​ដាម៉ាស់ និង​ស្រុក​ស៊ីរី ស្រុក​ម៉ូអាប់ ស្រុក​អាំម៉ូន អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ស្រុក​អេស៊ីប រហូត​ដល់ សមុទ្រ​មេឌីទែ​រ៉ាណេ និង​សមុទ្រ​ក្រហម។ ១៣​នៅ​ឆ្នាំទី​ដប់​ប្រាំ​ពីរ​នៃ​រជ្ជ​កាល​ព្រះ​បាទ​នេប៊ូកា​នេសារ ទ្រង់​ចេញ​ទៅ​ច្បាំង​ជាមួយ​ព្រះ​បាទ​អរផាសាដ៍ ហើយ​ទទួល​បាន​ជ័យជម្នះ។ ស្ដេច​វាយ​កម្ទេច​កង​ទ័ព​របស់​ព្រះ​បាទ អរផាសាដ៍​ឲ្យ​បាក់​ទ័ព រត់​ទាំង​កង​ពល​សេះ ទាំង​រទេះ​ចម្បាំង។ ១៤​ព្រះ​បាទ​កាប៊ូកា​នេសារ ឡើង​គ្រប់​គ្រង​លើ​ក្រុង​ទាំង​ប៉ុន្មាន​របស់​ខ្មាំង​សត្រូវ ហើយ​យាង​ឆ្ពោះ​ទៅ​កាន់​ក្រុង​អែក​បាតាន។ ស្ដេច​វាយ​ដណ្ដើម​យក​ប៉ម ទាំង​ប៉ុន្មាន ហើយ​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ដែល​នៅ​តាម​ទី​ផ្សារ ធ្វើ​ជា​ជយ​ភណ្ឌ ព្រម​ទាំង​បំផ្លាញ​លំអ​ដ៏​ល្អ​ថ្កុំថ្កើង​របស់​ទី​ក្រុង ឲ្យ​បាក់​បែក​ខ្ទេច​ខ្ទី​អស់។ ១៥​ព្រះ​បាទ​នេប៊ូកា​បេសារ ចាប់​ព្រះ​បាទ​អរផាសាដ៍ បាន​នៅ​តំបន់​ភ្នំ​រ៉ាកូ រួច​ក៏​យក​លំពែង​ចាក់​ធ្វើ​គុត បំផ្លាញ​រាជ​អំណាច​នោះ​ចោល រហូត​មក​ដល់​សព្វ​ថ្ងៃ។ ១៦​ក្រោយមក ព្រះ​បាទ​នេប៊ូកានេសារ យាង​ត្រឡប់​មក​ទី​ក្រុង​នីនីវេ​វិញ ដោយ​មាន​ទាំង​កង​ទ័ព​ជាច្រើន​មក​ជាមួយ​ផង។ ស្ដេច​គង់​សម្រាក​នៅ​ទីនោះ ហើយ​ជប់​លៀង​យ៉ាង​សប្បាយ​ជាមួយ​កង​ទ័ព​ អស់​រយៈ​ពេល​មួយ​រយ​ម្ភៃ​ថ្ងៃ។