វិរបុរស់ (១៤)

អាពាហ៍ពិពាហ៍​របស់​សាំសុន
 ថ្ងៃ​មួយ លោក​សាំសុន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ទីម​ណា នៅ​ទី​នោះ លោក​បាន​ឃើញ​ស្ត្រី​ក្រមុំ​ជាតិ​ភីលីស្ទីន​ម្នាក់។ ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ លោក​ជំរាប​ឪពុកម្ដាយ​ថា៖ «ខ្ញុំ​ពេញ​ចិត្ត​ស្ត្រី​ក្រមុំ​ជាតិ​ភីលីស្ទីន​ម្នាក់ នៅ​ទីមណា។ សូម​ពុក​ម៉ែ​ទៅ​ស្ដី​ដណ្ដឹង​នាង​នោះ​អោយ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ចង់​រៀបការ​ជា​មួយ​នាង»។ ៣ ឪពុក​ម្ដាយ​តប​ទៅ​លោក​វិញ ​ថា៖ «ក្នុង​ក្រុម​ញាតិ​របស់​យើង ឬ​ជន​ជាតិ​យើង តើ​គ្មាន​ស្ត្រី​ក្រមុំ​ទេ​ឬ បាន​ជា​កូន​ចង់​រៀបការ​ជា​មួយ​ស្ត្រី​ជាតិ​ភីលីស្ទីន ជា​សាសន៍​ដទៃ​ទៅ​វិញ​ដូច្នេះ?»។ ប៉ុន្តែ លោក​សាំសុន​ពោល​ទៅ​កាន់​ឪពុក​ថា៖ «សូម​ពុក​ទៅ​ស្ដី​ដណ្ដឹង​នាង​អោយ​ខ្ញុំ​មក ដ្បិត​ខ្ញុំ​ពេញ​ចិត្ត​តែ​នាង​នេះ​ម្នាក់​ប៉ុណ្ណោះ»។ ៤ ឪពុកម្ដាយ​របស់​លោក​សាំសុន​មិន​បាន​ដឹង​ថា ព្រះអម្ចាស់​បណ្ដាល​អោយ​លោក​សាំសុន​មាន​ចិត្ត​ ដូច្នេះ ដើម្បី​រក​ឱកាស​បង្ក​ជម្លោះ​ជា​មួយ​ជន​ជាតិ​ភីលីស្ទីន ព្រោះ​នៅ​ជំនាន់​នោះ ជន​ជាតិ​ភីលីស្ទីន​ត្រួតត្រា​លើ​ស្រុក​អ៊ីស្រាអែល។

 លោក​ សាំសុន​ក៏​ធ្វើ​ដំណើរ​ទៅ​ទីមណា​ជា​មួយ​ឪពុកម្ដាយ​លោក។ លុះ​ទៅ​ដល់​ត្រង់​ចំការ​ទំពាំងបាយជូរ​ក្បែរទីមណា ស្រាប់​​​​​តែ​មាន​សត្វ​សិង្ហ​ស្ទាវ​មួយ​ហក់​មក​លើ​លោក​សាំសុន ទាំង​គ្រហឹម។ រំពេច​នោះ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​មក​សណ្ឋិត​លើ​លោក លោក​ក៏​ចាប់​ហែក​សិង្ហ​នោះ​ដោយ​ដៃ ដូច​គេ​ហែក​កូន​ពពែ។ លោក​មិន​បាន​រៀប​រាប់​ហេតុការណ៍​នេះ​ប្រាប់​ឪពុកម្ដាយ​ទេ។ លោក​ក៏​បន្ត​ដំណើរ​ទៅ​ដល់​ទីមណា រួច​និយាយ​ជា​មួយ​ស្ត្រី​ក្រមុំ​ភីលីស្ទីន​នោះ លោក​ពេញ​ចិត្ត​នឹង​នាង​ណាស់។  ប៉ុ​ន្មាន​​ថ្ងៃ​ក្រោយ​មក លោក​ក៏​ត្រឡប់​មកទីមណា​វិញ ដើម្បី​រៀបការ​ជា​មួយ​នាង។ តាម​ផ្លូវ​លោក​ឆៀង​ចូល​ទៅ​មើល​ខ្មោច​សិង្ហ ហើយ​ឃើញ​សំបុក​ឃ្មុំ​នៅ​ក្នុង​ខ្មោច​សត្វ​នោះ ដែល​មាន​ទឹក​ឃ្មុំ​ពេញ។  លោក​បេះ​ឃ្មុំ​កាន់​នៅ​ដៃ ដើរ​បណ្ដើរ​បរិភោគ​បណ្ដើរ ហើយ​ពេល​ជួប​ឪពុកម្ដាយ លោក​ក៏​យក​ឃ្មុំ​នោះ​ជូន​គាត់​ពិសា​ដែរ ប៉ុន្តែ មិន​បាន​ជំរាប​ថា លោក​យក​ឃ្មុំ​ពី​ក្នុង​ខ្មោច​សិង្ហ​មក​ឡើយ។

លោក​សាំសុន​ចោទ​ប្រស្នា​ដល់​ពួក​ភីលីស្ទីន
១០ ឪពុក​របស់​លោក​សាំសុន​ បាន​ទៅ​ដល់​ផ្ទះ​ខាង​ស្រី នៅ​ទី​នោះ លោក​សាំសុន​បាន​រៀបចំ​ពិធី​ជប់លៀង​មួយ តាម​ទំនៀម​ទម្លាប់​ដែល​កូន​កំលោះ​ត្រូវ​ធ្វើ។ ១១ ពេល​ជន​ជាតិ​ភីលីស្ទីន​ឃើញ​លោក គេ​ក៏​ជ្រើស​រើស​យុវជន​សាមសិប​នាក់ អោយ​មក​កំដរ​លោក។ ១២ លោក​សាំសុន​ពោល​ទៅ​កាន់ ​ពួក​អ្នក​កំដរ​ថា៖ «ខ្ញុំ​មាន​ប្រស្នា​មួយ​សំរាប់​អ្នក​រាល់​គ្នា ប្រសិន​បើ​អ្នក​ណា​ដោះ​ស្រាយ​រួច ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ​នៃ​ពិធី​អាពាហ៍ពិពាហ៍​នេះ ខ្ញុំ​នឹង​ជូន​អាវ​សាមសិប និង​សម្លៀកបំពាក់​សំរាប់​ពិធី​បុណ្យ​សាមសិប​បន្លាស់​ថែម​ទៀត។ ១៣ ប្រសិន​បើ​ដោះ​ស្រាយ​ មិន​រួច​ទេ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​អាវ​ចំនួន​សាមសិប និង​សម្លៀកបំពាក់​សំរាប់​ពិធី​បុណ្យ​ចំនួន​សាមសិប​បន្លាស់​មក​អោយ​ខ្ញុំ»។ ពួក​គេ​ពោល​ថា៖ «ចូរ​ចោទ​ប្រស្នា​របស់​អ្នក​មក ពួក​យើង​ចាំ​ស្ដាប់»។ ១៤ លោក​សាំសុន​ក៏​ឆ្លើយ​ ថា៖ «មាន​ចំណី​ចេញ​ពី​អ្នក​ឆី ហើយ​មាន​អា​ផ្អែម​ចេញ​ពី​អា​ខ្លាំង​តើ​ជា​អ្វី?»។ បី​ថ្ងៃ​ក្រោយ​មក យុវជន​ទាំង​នោះ​នៅ​តែ​ដោះ​ប្រស្នា​ពុំ​រួច​ដដែល។ ១៥ លុះ​ដល់​ថ្ងៃ​ទី​ ប្រាំពីរ ពួក​គេ​នាំ​គ្នា​ទៅ​គំរាម​ប្រពន្ធ​លោក​សាំសុន​ថា៖ «ចូរ​ទៅ​លួង​លោម​​​ប្ដី​របស់​នាង​អោយ​បក​ស្រាយ​ប្រស្នា រួច​មក​ប្រាប់​យើង​អោយ​ដឹង​ផង បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ដុត​នាង ព្រម​ទាំង​ក្រុម​គ្រួសារ​នាង​អោយ​ស្លាប់​ទាំង​អស់​គ្នា។ ពួក​នាង​អញ្ជើញ​យើង​មក ដើម្បី​ប្លន់​យើង​ឬ?»។ ១៦ ប្រពន្ធ​លោក​សាំសុន​ទៅ​ និយាយ​ជា​មួយ​ប្ដី ទាំង​យំ​ថា៖ «បង​មិន​បាន​ស្រឡាញ់​ខ្ញុំ​ទេ គឺ​បង​ស្អប់​ខ្ញុំ! បង​បាន​ចោទ​ប្រស្នា​ដល់​ជន​ជាតិ​ខ្ញុំ ដោយ​មិន​បក​ស្រាយ​ន័យ​អោយ​ខ្ញុំ​ដឹង​សោះ!»។ លោក​សាំសុន​តប​វិញ​ថា៖ «សូម្បី​តែ​ឪពុកម្ដាយ​របស់​បង ក៏​បង​មិន​បាន​បក​ស្រាយ​ប្រស្នា​នេះ​អោយ​ដឹង​ផង ហេតុ​អ្វី​បាន​ជា​បង​ត្រូវ​បក​ស្រាយ​ប្រាប់​អូន​ទៅ​វិញ?»។ ១៧ ប្រពន្ធ​លោក​យំ​រំអុក​លោក ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៃ​ពិធី​ជប់លៀង​នោះ។ នៅ​ថ្ងៃ​ទី​ប្រាំពីរ ដោយ​នាង​ចេះ​តែ​រំអុក​ខ្លាំង​ពេក លោក​សាំសុន​ក៏​បក​ស្រាយ​ប្រស្នា​ប្រាប់​ប្រពន្ធ។ នាង​ប្រញាប់ប្រញាល់​នាំ​ចម្លើយ​ទៅ​ប្រាប់​ជន​ជាតិ​របស់​នាង។ ១៨ នៅ​ថ្ងៃ​ទី​ប្រាំពីរ​ មុន​ពេល​ថ្ងៃ​លិច អ្នក​ក្រុង​នាំ​គ្នា​មក​និយាយ​ជា​មួយ​លោក​សាំសុន​ថា៖ «តើ​មាន​អ្វី​ផ្អែម​ជាង​ទឹក​ឃ្មុំ? តើ​មាន​អ្វី​ខ្លាំង​ជាង​សត្វ​សិង្ហ?»។ លោក​ក៏​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ភ្ជួរ​ដី ដោយ​ប្រើ​គោ​ញី​របស់​ខ្ញុំ​ទេ​នោះ អ្នក​ពុំ​អាច​រក​ចម្លើយ​ឃើញ​ទេ»។ ១៩ ដូច្នេះ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ បាន​មក​សណ្ឋិត​លើ​លោក ធ្វើ​អោយ​លោក​មាន​កម្លាំង​ខ្លាំងក្លា។ លោក​ចុះ​ទៅ​ក្រុង​អាស្កាឡូន សម្លាប់​អ្នក​ស្រុក​នោះ​អស់​សាមសិប​នាក់ ហើយ​យក​សម្លៀកបំពាក់​របស់​គេ​មក​ប្រគល់​អោយ​អស់​អ្នក​ដែល​បាន​បក​ស្រាយ​ ប្រស្នា។ បន្ទាប់​មក ដោយ​ខឹង​ខ្លាំង​ពេក លោក​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​របស់​លោក​វិញ។ ២០ គេ​ក៏​លើក​ប្រពន្ធ​របស់​លោក​ទៅ​អោយ​បុរស​ម្នាក់ ដែល​ជា​អ្នក​កំដរ​របស់​លោក។