មាតិកា

វិរបុរស
(ចៅហ្វាយ)
ពាក្យលំនាំ

ក័ណ្ឌគម្ពីរ  «វិរបុរស»  រៀបរាប់ព្រឹត្តិការណ៍ផ្សេងៗ  ដែលកើតមាននៅស្រុកអ៊ីស្រាអែល​ចាប់ពីគ្រាដែល​ពួកគេចូលកាន់ កាប់ទឹកដី   រហូតដល់គ្រាមានស្តេចឡើងគ្រងរាជ្យ​គឺជាអំឡុងពេលដែលជនជាតិអ៊ីស្រា​អែលជួបប្រទះភាពវឹកវរ  ​និង​  អាណាធិបតេយ្យ។ ​ពួកវិរបុរសមានតួនាទី  មិនត្រឹមតែធ្វើជាចៅក្រម​កាត់ក្តីអោយប្រជាជនប៉ុណ្ណោះទេ​តែលោកទាំងនោះ ទទួលអំណាចពីព្រះជាម្ចាស់​ដើម្បីគ្រប់ គ្រងលើ​ប្រជារាស្ត្រអ៊ីស្រាអែល ​ហើយរំដោះកុលសម្ព័ន្ធនានាអោយរួចផុតពីកណ្តាប់ដៃ របស់ខ្មាំងសត្រូវ។

យើងអាចបែង​​​ចែកក័ណ្ឌគម្ពីរវិរបុរស​ជាបីផ្នែក  :

• ព្រឹត្តិការណ៍ដែលកើតមានចាប់ពីពេលជនជាតិអ៊ីស្រាអែលចូលកាន់កាប់ទឹកដី       រហូតដល់ពេល​លោកយ៉ូស៊ូអា​ទទួលម​រណ​ភាព​​  (១.​១  -  ២.​១០)។

• ព្រះជាម្ចាស់ជ្រើសរើសវិរបុរសផ្សេងៗអោយរំដោះប្រជារាស្ត្ររបស់ព្រះអង្គ  (២.​១១  -  ១៦.​៣១)។

• អាណាធិបតេយ្យក្នុងចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល​មុនពេលមានស្តេចសោយរាជ្យ​(១៧  -  ២១)។

ក័ណ្ឌគម្ពីរវិរបុរសបង្ហាញអោយយើងឃើញថា​  សេចក្តីសុខ  ឬ  ទុក្ខលំបាក  ដែលជនជាតិអ៊ីស្រាអែលជួប​ប្រទះ   សុទ្ធសឹងជា​លទ្ធ​ផល​​នៃទំនាក់ទំនងរវាងពួកគេ  និង  ព្រះជាម្ចាស់។​  ពេលណាពួកគេបោះបង់ចោល​ព្រះជាម្ចាស់  ​  ពួកគេត្រូវជាតិសាសន៍​នានានៅជុំវិញ​ជិះជាន់សង្កត់សង្កិន  ​ប៉ុន្តែ  ​ពេលណាពួកគេបែរចិត្ត​មករកព្រះអង្គវិញ  ​ព្រមទាំងទូលអង្វរសូមព្រះអង្គជួយ ​នោះព្រះអង្គរំដោះពួក​គេ​អោយរួចពីកណ្តាប់ដៃ​របស់ខ្មាំងសត្រូវ។ ​ជាញឹកញាប់  ​ជនជាតិអ៊ីស្រាអែលចេះតែមានចិត្តចង់គោរព បំរើព្រះរបស់សាសន៍​ដទៃ​ឬ  ​គោរពព្រះជាម្ចាស់​  ដោយចង់បានផលប្រយោជន៍ផ្ទាល់ខ្លួន  (ចំពូក  ១៧  -  ១៨)​មិនប្រតិបត្តិតាម​ព្រះបន្ទូលរបស់ព្រះអង្គ  (ចំពូក  ១៩  -  ២១)។​ ធ្វើដូច្នេះ  ពួកគេបណ្តាលអោយខ្លួនជួបនឹងភាពអាសន្ន  ​ហើយប្រសិន​បើព្រះជាម្ចាស់មិនជួយទេនោះ  ​ពួកគេមុខជាត្រូវ​អន្ត​រាយ​​មិនខាន។ ​

ក័ណ្ឌគម្ពីរនេះណែនាំយើងអោយយល់ថា  ​ប្រជាជាតិរបស់ព្រះជាម្ចាស់ពុំអាចរស់នៅក្នុងភាពអាណាធិប​តេយ្យ   ​  គឺម្នាក់ៗពុំអាច​ប្រ​ព្រឹត្តតាមតែខ្លួនយល់ឃើញនោះបានឡើយ។ ​ការបោះបង់ចោលព្រះជាម្ចាស់​ហើយមិនព្រមទទួលស្គាល់អំណាចរបស់ព្រះអង្គ​រមែង​បណ្តាលអោយយើងបាត់បង់សេរីភាពជា​ប្រជារាស្ត្រ​របស់ព្រះអង្គ។