ព្យាការីយ៉ូណាស (០៣)

ព្រះជាម្ចាស់​លើកលែង​ទោស​អោយ​អ្នក​ក្រុង​នីនីវេ
 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូណាស​ម្ដង​ទៀត​ថា៖ ២ «ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​ក្រុង​នីនីវេ​មហា​នគរ​ជា​បន្ទាន់ ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​នោះ​អោយ​ដឹង​អំពី​សេចក្ដី​ដែល​យើង​នឹង​ប្រាប់​អ្នក!»។

 លើក​នេះ​លោក​យ៉ូណាស​ធ្វើ​តាម​ព្រះបញ្ជា​របស់​ព្រះអម្ចាស់ គឺ​លោក​ក្រោក​ឡើង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​នីនីវេ។ ក្រុង​នីនីវេ​ជា​ក្រុង​មួយ​ដ៏​ធំ​សំបើម​អស្ចារ្យ ត្រូវ​ចំណាយ​ពេល​អស់​បី​ថ្ងៃ ទើប​ដើរ​កាត់​ក្រុង​នេះ​បាន។ លោក​យ៉ូណាស​ដើរ​កាត់​ទីក្រុង​អស់​មួយ​ថ្ងៃ ទាំង​ប្រកាស​ថា៖ «សែសិប​ថ្ងៃ​ទៀត​ព្រះអម្ចាស់​នឹង​បំផ្លាញ​ក្រុង​នេះ​ហើយ!»។ ពេល​នោះ អ្នក​ក្រុង​នីនីវេ​នាំ​គ្នា​ជឿ​លើ​ព្រះជាម្ចាស់​។ ពួក​គេ​ប្រកាស​អោយ​មនុស្ស​គ្រប់ៗ​រូប​ចាប់​ពី​នាម៉ឺន​មន្ត្រី រហូត​ដល់​ប្រជាជន​តូចតាច​តម​អាហារ និង​ស្លៀក​ពាក់​កាន់​ទុក្ខ។

​៦ ព្រះ​ មហាក្សត្រ​នៅ​ក្រុង​នីនីវេ​ជ្រាប​ដំណឹង​នេះ ស្ដេច​ក៏​យាង​ចុះ​ពី​រាជ​បល្ល័ង្ក ដោះ​ព្រះភូសា​ចេញ​ហើយ​ស្លៀក​បាវ​កាន់​ទុក្ខ ព្រម​ទាំង​គង់​នៅ​លើ​ផេះ​ទៀត​ផង។ ព្រះរាជា​ចេញ​បញ្ជា​អោយ​ ប្រកាស​ប្រាប់​ប្រជារាស្ត្រ​ក្នុង​ក្រុង​នីនីវេ​ថា៖ «យោង​តាម​រាជ​ក្រឹត្យ​​របស់​ព្រះមហាក្សត្រ និង​អស់​លោក​សព្វ​មុខ​មន្ត្រី សូម​ហាម​មនុស្ស​ទាំងឡាយ​មិន​អោយ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ រីឯ​សត្វ​តូច​ធំ​ក៏​ដូច្នោះ​ដែរ។ ទាំង​មនុស្ស ទាំង​សត្វ​ត្រូវ​តែ​កាន់​ទុក្ខ។ ចូរ​អង្វរ​រក​ព្រះជាម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ម្នាក់ៗ​ត្រូវ​តែ​បោះបង់​ចោល​កិរិយាមារយាទ​អាក្រក់ និង​អំពើ​ឃោរឃៅ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត ក្រែង​លោ​ព្រះជាម្ចាស់​ប្រែ​ព្រះហឫទ័យ​លែង​ព្រះពិរោធ​ទាស់​នឹង​យើង។ ដូច្នេះ យើង​នឹង​មិន​ត្រូវ​វិនាស​អន្តរាយ​ឡើយ»។

១០ ព្រះជាម្ចាស់ ​ទត​ឃើញ​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត គឺ​គេ​ប្រែ​ចិត្ត​គំនិត លះបង់​កិរិយាមារយាទ​អាក្រក់​របស់​ខ្លួន​ចោល ព្រះអង្គ​ក៏​ប្រែ​ព្រះហឫទ័យ​មិន​ដាក់​ទោស​ពួក​គេ ដូច​ព្រះអង្គ​បាន​សំរេច​កាល​ពី​មុន​នោះ​ទេ ព្រះអង្គ​មិន​បំផ្លាញ​ពួក​គេ​ចោល​ឡើយ។