យ៉ូហាន១ (០៥)

ជំនឿ​លើ​ព្រះយេស៊ូ​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់
 អ្នក​ណា​ជឿ​ថា​ព្រះយេស៊ូ​ ពិត​ជា​ព្រះគ្រីស្ដ អ្នក​នោះ​កើត​មក​ពី​ព្រះជាម្ចាស់ ហើយ​អ្នក​ណា​ស្រឡាញ់​ព្រះបិតា អ្នក​នោះ​ក៏​ស្រឡាញ់​អ្នក​ដែល​កើត​មក​ពី​ព្រះអង្គ​ដែរ។  ដោយ​យើង​ស្រឡាញ់​ ព្រះជាម្ចាស់ និង​ប្រតិបត្តិ​តាម​វិន័យ​ទាំង​ប៉ុន្មាន យើង​នឹង​ដឹង​ថា យើង​ពិត​ជា​ស្រឡាញ់​បុត្រធីតា​របស់​ព្រះជាម្ចាស់។ ៣ យើង​មាន​សេចក្ដី​ស្រឡាញ់​ របស់​ព្រះជាម្ចាស់​ក្នុង​ខ្លួន​មែន លុះ​ត្រា​តែ​យើង​កាន់​តាមវិន័យ​ទាំង​ប៉ុន្មាន។ វិន័យ​របស់​ព្រះអង្គ​មិន​តឹងតែង​ទេ ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ព្រះជាម្ចាស់ សុទ្ធ​តែ​ឈ្នះ​លោកីយ៍​នេះ គឺ​ជំនឿ​របស់​យើង​ហ្នឹង​ហើយ ដែល​បាន​ឈ្នះ​លោកីយ៍។ តើ​អ្នក​ណា​អាច​ឈ្នះ​លោកីយ៍​បាន? គឺ​អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូ​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់។

សក្ខីភាព​អំពី​ព្រះយេស៊ូគ្រីស្ដ និង​អំពី​ជីវិត​អស់កល្ប​ជានិច្ច
 ព្រះយេស៊ូ​គ្រីស្ដ​នេះ​ ហើយ ដែល​បាន​យាង​មក​ក្នុង​លោក​នេះ ដោយ​ទឹក និង​លោហិត​ មិន​ត្រឹម​តែ​ដោយ​ទឹក​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ទឹក និង​លោហិត​ផង។ ព្រះវិញ្ញាណ​បាន​ផ្ដល់​សក្ខីភាព​ថា សេចក្ដី​នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ដ្បិត​ព្រះវិញ្ញាណ​ជា​សេចក្ដី​ពិត។  មាន​បន្ទាល់​បី​គឺ ព្រះវិញ្ញាណ ទឹក និង​លោហិត ហើយ​បន្ទាល់​ទាំង​បី​នេះ រួម​គ្នា​ផ្ដល់​សក្ខីភាព​តែ​មួយ​។ ៩ ព្រះជាម្ចាស់​បាន​ផ្ដល់​ សក្ខីភាព​អំពី​ព្រះបុត្រា​របស់​ព្រះអង្គ។ យើង​តែងតែ​ទទួល​ស្គាល់​សក្ខីភាព​របស់​មនុស្ស រីឯ​សក្ខីភាព​របស់​ព្រះជាម្ចាស់​រឹងរឹត​តែ​ធំ​ជាង​នោះ​ទៅ​ទៀត។ ១០ អ្នក​ណា​ជឿ​លើ​ ព្រះបុត្រា​របស់​ព្រះជាម្ចាស់ អ្នក​នោះ​មាន​សក្ខីភាព​របស់​ព្រះអង្គ​នៅ​ក្នុង​ខ្លួន អ្នក​ណា​មិន​ជឿ​ព្រះជាម្ចាស់​ទេ អ្នក​នោះ​ចាត់​ទុក​ថា ព្រះអង្គ​កុហក​ទៅ​វិញ ព្រោះ​គេ​មិន​ជឿ​លើ​សក្ខីភាព​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក ស្ដី​អំពី​ព្រះបុត្រា​របស់​ព្រះអង្គ។ ១១ រីឯ​សក្ខីភាព​នោះ​មាន​ ដូច​ត​ទៅ​នេះ គឺ​ព្រះជាម្ចាស់​បាន​ប្រទាន​ជីវិត​អស់កល្ប​ជានិច្ច​មក​យើង ហើយ​ជីវិត​នេះ​ស្ថិត​នៅ​ក្នុង​ព្រះបុត្រា​របស់​ព្រះអង្គ។ ១២ អ្នក​ណា​មាន​ព្រះបុត្រា អ្នក​នោះ​ក៏​មាន​ជីវិត​ដែរ ហើយ​អ្នក​ណា​គ្មាន​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ទេ អ្នក​នោះ​គ្មាន​ជីវិត​នេះ​ឡើយ។

១៣ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ដែល​ជឿ​លើ​ព្រះនាម​ព្រះបុត្រា​របស់​ព្រះជា​ម្ចាស់ មាន​ជីវិត​អស់កល្ប​ជានិច្ច​ហើយ។ ១៤ ហេតុ​នេះ​ហើយ​បាន​ជា​ យើង​មាន​ចិត្ត​រឹងប៉ឹង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ គឺ​ថា ប្រសិន​បើ​យើង​ទូល​សូម​អ្វី ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ នោះ​ទ្រង់​នឹង​ព្រះសណ្ដាប់​យើង​ជា​មិន​ខាន។ ១៥ បើ​យើង​ដឹង​ថា ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​យើង ទោះ​បី​យើង​ទូល​សូម​អ្វី​ពី​ព្រះអង្គ​ក៏​ដោយ យើង​ដឹង​ថា យើង​បាន​ទទួល​អ្វីៗ​ដែល​យើង​ទូល​សូម​នោះ​រួច​ហើយ។

១៦ ប្រសិន​ បើ​អ្នក​ណា​ម្នាក់ ឃើញ​បង​ប្អូន​ប្រព្រឹត្ត​អំពើ​បាប ដែល​មិន​បណ្ដាល​អោយ​ស្លាប់ ត្រូវ​តែ​ទូលអង្វរ​ព្រះជាម្ចាស់ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ជីវិត​អោយ​បង​ប្អូន​នោះ។ ខ្ញុំ​និយាយ​តែ​ពី​អំពើ​បាប ដែល​មិន​បណ្ដាល​អោយ​ស្លាប់​ប៉ុណ្ណោះ។ មាន​អំពើ​បាប​ម្យ៉ាង​ដែល​បណ្ដាល​អោយ​ស្លាប់ ចំពោះ​អំពើ​បាប​នោះ ខ្ញុំ​មិន​សុំ​អោយ​ទូលអង្វរ​ទេ។ ១៧ អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ជា​អំពើ​បាប​ទាំង​អស់ ប៉ុន្តែ មាន​អំពើ​បាប​ខ្លះ​មិន​បណ្ដាល​អោយ​ស្លាប់​ឡើយ។

១៨ យើង​ដឹង ​ហើយ​ថា អ្នក​កើត​មក​ពី​ព្រះជាម្ចាស់ មិន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ដ្បិត​ព្រះបុត្រា​ដែល​កើត​ពី​ព្រះជាម្ចាស់​មក ទ្រង់​ការពារ​អ្នក​នោះ ហើយ​មារ*​កំណាច​ពុំ​អាច​យាយី​គេ​បាន​ឡើយ។ ១៩ យើង​ដឹង​ថា យើង​កើត​មក​ពី​ព្រះជាម្ចាស់ រីឯ​មនុស្ស​លោក​ទាំង​មូល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​មារ​កំណាច។ ២០ ​យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រា​របស់​ព្រះជាម្ចាស់​បាន​យាង​មក ទ្រង់​ប្រទាន​ប្រាជ្ញា​អោយ​យើង​ស្គាល់​ព្រះ​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ព្រះ​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អង្គ​ព្រះយេស៊ូគ្រីស្ដ* ជា​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ហើយ ដែល​ជា​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ ព្រះអង្គ​ជា​ជីវិត​អស់កល្ប​ជានិច្ច។

២១ កូន​ចៅ​អើយ ចូរ​ចៀស​អោយ​ផុត​ពី​ការ​គោរព​ព្រះ​ក្លែងក្លាយ​។