យ៉ូហាន១ (០៣)

បុត្រធីតាធីតា​របស់​ព្រះជាម្ចាស់
 សូម​គិត​មើល៍ ព្រះបិតា​មាន​ព្រះហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​ដល់​កំរិត​ណា គឺ​ព្រះអង្គ​ស្រឡាញ់​យើង រហូត​ដល់​ទៅ​ហៅ​យើង​ថា ជា​បុត្រធីតា​របស់​ព្រះអង្គ ហើយ​យើង​ពិត​ជា​បុត្រធីតា​របស់​ព្រះអង្គ​មែន! ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​មិន​ស្គាល់​យើង មក​ពី​គេ​មិន​បាន​ស្គាល់​ព្រះអង្គ។ ២ កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ! ពេល​នេះ យើង​ទាំង​អស់​គ្នា​ជា​បុត្រធីតា​របស់​ព្រះជាម្ចាស់ ហើយ​ដែល​យើង​នឹង​ទៅ​ជា​យ៉ាង​ណាៗ​នោះ​ព្រះអង្គ​ពុំ​ទាន់​សំដែង​អោយ​យើង​ដឹង​ នៅ​ឡើយ​ទេ។ ប៉ុន្តែ នៅ​ពេល​ព្រះគ្រីស្ដ​យាង​មក​ដល់ យើង​នឹង​បាន​ដូច​ព្រះអង្គ​ដែរ ដ្បិត​ព្រះអង្គ​មាន​ភាព​យ៉ាង​ណា យើង​នឹង​ឃើញ​ព្រះអង្គ​យ៉ាង​នោះ។ ៣ អ្នក​ណា​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះអង្គ​បែប​នេះ អ្នក​នោះ​បាន​ជំរះ​ខ្លួន​អោយ​បរិសុទ្ធ* ដូច​ព្រះអង្គ​បរិសុទ្ធ​ដែរ។

 ​​​អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប* អ្នក​នោះ​បំពាន​លើ​វិន័យ* ដ្បិត​អំពើ​បាប​ជា​ការ​បំពាន​លើ​វិន័យ។ អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា ព្រះយេស៊ូ​យាង​មក​ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​លោក ដ្បិត​គ្មាន​បាប​នៅ​ក្នុង​ព្រះអង្គ​ទាល់​តែ​សោះ។ អ្នក​ណា​ស្ថិត​នៅ​ជាប់​ នឹង​ព្រះអង្គ អ្នក​នោះ​មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ រីឯ​អ្នក​ប្រព្រឹត្ត​អំពើ​បាប មិន​ដែល​បាន​ឃើញ​ព្រះអង្គ ព្រម​ទាំង​មិន​ស្គាល់​ព្រះអង្គ​ផង។

 កូន​ចៅ​ ទាំងឡាយ​អើយ សុំ​កុំ​អោយ​នរណា​ម្នាក់​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​ជា​មនុស្ស​សុចរិត ដូច​ព្រះយេស៊ូ​ទ្រង់​សុចរិត​ដែរ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​កើត​ចេញ​ពី​មារ* ដ្បិត​មារ​បាន​ប្រព្រឹត្ត​អំពើ​បាប តាំង​ពី​ដើម​រៀង​មក។ ព្រះបុត្រា​របស់​ព្រះជាម្ចាស់​បាន​យាង​មក ដើម្បី​រំលាយ​កិច្ចការ​របស់​មារ។

 អ្នក​ដែល​ កើត​មក​ពី​ព្រះជាម្ចាស់ មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ ដ្បិត​ពូជ​​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប​បាន​ឡើយ ព្រោះ​គេ​កើត​មក​ពី​ព្រះជាម្ចាស់។ ១០ ត្រង់​ហ្នឹង​ហើយ ដែល​បង្ហាញ​អោយ​ឃើញ​ច្បាស់​ថា អ្នក​ណា​ជា​បុត្រធីតា​របស់​ព្រះជាម្ចាស់ អ្នក​ណា​ជា​កូន​ចៅ​របស់​មារ*។ អ្នក​ណា​មិន​ប្រព្រឹត្ត​អំពើ​សុចរិត* អ្នក​នោះ​មិន​មែន​កើត​មក​ពី​ព្រះជាម្ចាស់​ទេ ហើយ​អ្នក​ណា​មិន​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ក៏​មិន​មែន​កើត​មក​ពី​ព្រះអង្គ​ដែរ។

ការ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន
១១ ដំណឹង​ដែល​បង​ប្អូន​បាន​ទទួល តាំង​ពី​ដើម​ដំបូង​រៀង​មក​នោះ គឺ​យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ១២ យើង​មិន​ត្រូវ​ធ្វើ​ដូច ​កាអ៊ីន ដែល​កើត​ចេញ​មក​ពី​មារ*​កំណាច ហើយ​បាន​កាត់​ក​ប្អូន​របស់​ខ្លួន​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​ដូច្នេះ? គឺ​មក​ពី​អំពើ​ដែល​គាត់​ធ្លាប់​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់ រីឯ​អំពើ​ដែល​ប្អូន​របស់​គាត់​ប្រព្រឹត្ត​សុទ្ធ​តែ​សុចរិត*។ ១៣ បង​ប្អូន​អើយ ប្រសិន​បើ​មនុស្ស​លោក​ស្អប់​បង​ប្អូន សូម​កុំ​ងឿងឆ្ងល់​ឡើយ។ ១៤ យើង​ដឹង​ហើយ​ថា យើង​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​មក​កាន់​ជីវិត ព្រោះ​យើង​ចេះ​ស្រឡាញ់​បង​ប្អូន។ អ្នក​ណា​មិន​ចេះ​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ស្លាប់។ ១៥ អ្នក​ណា​ស្អប់​បង​ប្អូន ​របស់​ខ្លួន អ្នក​នោះ​ជា​ឃាតក។ បង​ប្អូន​ដឹង​ស្រាប់​ហើយ​ថា ឃាតក​គ្មាន​ជីវិត​អស់កល្ប​ជានិច្ច​ស្ថិត​នៅ​ក្នុង​ខ្លួន​ទេ។

១៦ យើង​ ស្គាល់​សេចក្ដី​ស្រឡាញ់​ស្រាប់​ហើយ គឺ​ព្រះយេស៊ូ​បាន​បូជា​ព្រះជន្ម​របស់​ព្រះអង្គ​សំរាប់​យើង ហេតុ​នេះ យើង​ត្រូវ​បូជា​ជីវិត​សំរាប់​បង​ប្អូន​ដែរ។ ១៧ ប្រសិន​បើ​នរណា​ម្នាក់​ មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បង​ប្អូន​របស់​ខ្លួន​ខ្វះ​ខាត តែ​បែរ​ជា​មិន​អាណិត​អាសូរ​គេ​ទេ​នោះ ធ្វើ​ដូច​ម្ដេច​នឹង​អោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ស្ថិត​នៅ​ក្នុង​ខ្លួន​អ្នក​នោះ​កើត!១៨ កូន​ចៅ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ត្រឹម​តែ​បបូរ​មាត់ ឬ​ពាក្យ​សំដី​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ស្រឡាញ់​តាម​អំពើ​ដែល​យើង​ប្រព្រឹត្ត និង​តាម​សេចក្ដី​ពិត​វិញ។

១៩ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​ចិត្ត​យើង​មិន​ភ័យ​ខ្លាច​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​ទេ។ ២០ ហេតុ​នេះ ប្រសិន​បើ​ចិត្ត​គំនិត​របស់​យើង​ដាក់​ទោស​យើង នោះ​ព្រះជាម្ចាស់​ដែល​ធំ​ជាង​ចិត្ត​របស់​យើង ទ្រង់​ឈ្វេង​យល់​ទាំង​អស់។ ២១ កូន​ចៅ​ជា​ទី​ស្រឡាញ់​ អើយ ប្រសិន​បើ​ចិត្ត​គំនិត​របស់​យើង​មិន​ដាក់​ទោស​យើង​ទេ នោះ​យើង​នឹង​មាន​ចិត្ត​រឹងប៉ឹង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ។ ២២ អ្វីៗ​ក៏​ដោយ​អោយ​តែ​ យើង​ទូល​សូម យើង​មុខ​ជា​ទទួល​ពី​ព្រះអង្គ​មិន​ខាន ព្រោះ​យើង​កាន់​តាម​វិន័យរបស់​ព្រះអង្គ និង​ប្រព្រឹត្ត​អំពើ​ណា​ដែល​គាប់​ព្រះហឫទ័យ​ព្រះអង្គ។ ២៣ រីឯវិន័យ*​របស់​ ព្រះអង្គ​មាន​ដូច​ត​ទៅ គឺ​យើង​ត្រូវ​ជឿ​លើ​ព្រះនាម​ព្រះយេស៊ូគ្រីស្ដ* ជា​ព្រះបុត្រា​របស់​ព្រះអង្គ និង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក តាមវិន័យ​ដែល​ព្រះអង្គ​ប្រទាន​មក​យើង។ ២៤ អ្នក​ណា​កាន់​តាមវិន័យ*​របស់​ព្រះអង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះជាម្ចាស់ ហើយ​ព្រះជាម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា ព្រះជាម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយសារ​ព្រះវិញ្ញាណ​ដែល​ព្រះអង្គ​ប្រទាន​មក​យើង។